Khmer Dictionary: ឡ
Chuon Nath's Khmer-Khmer Dictionary
-
ឡេវ
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(លេវ អ. ថ. ល៉េវ “ថយថោក, ឥតតម្លៃ; មិនល្អ”) ដែលឥតឋានន្តរ, ឥតបណ្ដាស័ក្តិ គឺដែលមិនទាន់មានងារការជាអ្វីនៅឡើយ : ពួកឡេវ (ច្រើនហៅចំពោះតែអ្នកធ្វើរាជការក្នុងព្រះរាជសម្នាក់) ។
-
ឡេវឡៃ
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ហ្លេវហ្លៃ អ. ថ. ហ្លេ៎វហ្លៃ៎) ដែលយកជាការពុំបាន; ផ្ដេសផ្ដាស; សាបរលាប, ឥតតម្លៃ: សម្ដីឡេវឡៃ, មនុស្សឡេវឡៃ (ប្រើជា ហ្លេវហ្លៃ ក៏មាន : ម. ប្រ.) ។
-
ឡេវអាវ
(មើលក្នុងពាក្យ ងប់ ២ ន.) ។
-
ឡេះឡោះ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលលាយដោយការលេង យកជាការមែនការពិតពុំបាន, ដែលរោយរាយឬរាត់រាយឥតប្រយោជន៍, ឥតសព្ទឥតសារ : សម្ដីឡេះឡោះ, និយាយឡេះឡោះ ។
-
ឡេះឡះ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ឡះៗក្រៃពេក; ឡះចុះឡះឡើង ឬឡះៗទៅមកៗ : បង្រះឡេះឡះ, ឈឺឡេះឡះ, ដំណើរឡេះឡះ ។
-
ឡែក
( ន.នាមសព្ទ )
ប៉ែក, ប៉ែកផ្សេង, ប៉ែកទីទៃ : ដាក់ដោយឡែក ដាក់ដោយប៉ែកផ្សេងឬដោយខ្លួនផ្សេង ។
- មួយឡែកពីឡែក មួយប៉ែកពីរប៉ែកទីទៃពីគ្នា ។
-
ឡែកឡាន់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡាន់) ។
-
ឡែបខាយ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លែបខាយ) ។
-
ឡែបឡប
( កិ.កិរិយាសព្ទ )
អែបអប, ប្រចុបប្រចែងអែបអបឲ្យតែបានស៊ីបានចាយ : ឡែបឡបស៊ី ។ គុ. ដែលជាអ្នកអែបអប : មនុស្សឡែបឡប ។ កិ. វិ. ដោយអែបអប : រកស៊ីឡែបឡប ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីមនុស្សឡែបឡបច្រើនតែអែបអប ពោលចាក់បណ្ដោយ ប្រើពាក្យប្រចុប ត្រឡប់មុខក្រោយ កាលបើគេឲ្យ នេះនោះដើរចេញ ។
-
ឡែមៗ
( គុ.គុនសព្ទ )
ដែលមានរសផ្អែមបន្តិចៗ, ផ្អែមឡមៗ : ផ្អែមឡែមៗ (ម. ប្រ., ច្រ. ប្រ. ឡមៗ ជាង) ។ ឧ. ពាក្យកូនក្មេងនិយាយបញ្ញែមគ្នាលេង ។
<< Prev 1 ... 5 6 7 8 9 10 Next >>