Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពណ៌
( ន.នាមសព្ទ )
[ព័រ]
or ព័ណ៌
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វណ៌; វណ្ណ “សម្បុរ; ពួក; ថ្នាក់ត្រកូល; ភេទ; ពាក្យសរសើរ; គុណដែលគួរសរសើរ; អក្សរ...”) សម្បុរ : ព័ណ៌ស, ពណ៌ក្រហម ... (ពាក្យនេះខ្មែរយើងប្រើចំពោះតែសម្បុរនៃវត្ថុផ្សេងៗ មានសំពត់ជាដើម, បើចំពោះមនុស្ស ឬសត្វប្រើពាក្យថា សម្បុរ, គេនិយាយថា : មនុស្សសម្បុរស, គោសម្បុរត្នោត...) ។
-
ពណ៌នា
( ន.នាមសព្ទ )
[ព័រណៈនា]
or ព័ណ៌នា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វណ៌នា; វណ្ណនា) ពាក្យពោលរៀបរាប់, ពាក្យអធិប្បាយសេចក្ដី, អដ្ឋកថា; និយាយក្លាយជា ពាណ៌នា; ខ្មែរយើងប្រើជា កិ. ក៏បាន : គេបានពណ៌នាអំពីដំណើរដែលខ្លួន គេបានទៅមើលប្រាសាទបុរាណនៅអង្គរបុរី ។
-
ពណ្ណរាយ
( គុ.គុនសព្ទ )
[ពន់-ណៈ រាយ]
( បា.បាលី ( បាលីភាសា ) )
(វណ្ណ “ព័ណ៌, សម្បុរ”, វ > ព និងខ្មែរ រាយ) ដែលធ្វើព័ណ៌សម្បុរឲ្យរាយ គឺដែលភ្លឺត្រចះ, ដែលមានពន្លឺឬរស្មីរុងរឿងចាំងព្រោងព្រាយ; ភ្លឺថ្លា; ល្អប្រពៃ : ភ្លឺពណ្ណរាយ, ល្អពណ្ណរាយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) កាលនោះព្រះយមពណ្ណរាយ លើសលែងសព្វសាយ ស្ដេចបើកព្រះនេត្រយល់ជាក់... (សាស្ត្រាសុបិន) ។ សរសេរក្លាយជា ពន្រាយ ក៏មាន កុំប្រើ ។
-
ពត់
( កិ.កិរិយាសព្ទ )
បត់បំបែរ, ធ្វើឲ្យងាកបែរ, តម្រង់, បង្កោង, បង្កុង តាមបំណង គឺ វៀចឲ្យត្រង់ ឬធ្វើវត្ថុត្រង់ឲ្យវៀចឲ្យកោងជាដើម : ពត់ព្រួញ, ពត់ឈើកុង ។
- ពត់ចិត្ត ទូន្មានចិត្តដែលវៀចឲ្យងាកបែរមករកផ្លូវត្រង់ ។
-
ពទ្ធសីមា
( ន.នាមសព្ទ )
[ព័ត-ធៈសីម៉ា ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះសីមាមួយប្រភេទ ដែលសង្ឃសូត្រចងតាមលក្ខណៈច្បាប់វិន័យព្រះពុទ្ធសាសនា កំណត់ជាព្រំដែនសម្រាប់ធ្វើសង្ឃកិច្ចផ្សេងៗ : ពទ្ធសីមាវត្ត... (ព. វិ. ពុ.) ។
-
ពន
( កិ.កិរិយាសព្ទ )
សំពះ, ថ្វាយបង្គំ; ពាក្យទំយើសម្រាប់បង្គាប់កូនក្មេងតូចឲ្យសំពះ, ឲ្យថ្វាយបង្គំ : កូនម៉ែពន!, នាងពន! ។ គួរសរសេរជា ពន្ទ (បា. វន្ទ “សំពះ, ថ្វាយបង្គំ”, វ > ព) ។
-
ពនាល័យ
( ន.នាមសព្ទ )
[ពៈនាលៃ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វន + អាលយ) លំនៅក្នុងព្រៃ; ការនៅក្នុងព្រៃ ។
-
ពនាស័យ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនាស្រ័យ) ។
-
ពនាស្រម
( ន.នាមសព្ទ )
[ពៈនាស្រំ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វន + អាឝ្រម; វន + អស្សម) អាស្រមក្នុងព្រៃ គឺរោងឬខ្ទមជាលំនៅរបស់យោគី, តាបស, ឥសី នៅក្នុងព្រៃ ។
-
ពនាស្រ័យ
( ន.នាមសព្ទ )
[ពៈនាស្រៃ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វន + អាឝ្រយ; វន + អាសយ) អ្នកនៅក្នុងព្រៃ; ការនៅក្នុងព្រៃ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>