Khmer Dictionary: មហា
Chuon Nath's Khmer-Khmer Dictionary
-
មហា
( ន.នាមសព្ទ )
[មៈហា ]
ឋានន្តរស័ក្តិសម្រាប់បព្វជិតដែលដេញប្រយោគព្រះបរិយត្តិធម៌បាន គឺភិក្ខុឬសាមណេរដែលប្រឡងវិធីប្រែបាលីក្នុងសន្និបាតនៃមេប្រយោគមួយក្រុមជាអ្នកពិនិត្យ, អាចប្រែរួចមិនទើសទាក់, ហើយមានរាជានុញ្ញាតតាំងកំណត់ពីត្រឹមថ្នាក់ ៣ ប្រយោគឡើងទៅ, ហៅថា មហា ៣ ប្រយោគ, មហា៤ប្រយោគ ។ល។ ហៅយ៉ាងខ្លីត្រឹមតែ មហា ភ្ជាប់ជាខាងដើមនៃបកតិនាមរបស់បព្វជិតនោះ (ឋានន្តរនេះតាំងតាមលំអានបវេណីនៃពាក្យ មហា ដែលជាគុណបទនៃបកតិនាមរបស់ព្រះថេរទាំងឡាយអំពីបុរាណ ដូចយ៉ាង ព្រះមហា-សារីបុត្ត, ព្រះមហា-មោគ្គល្លាន, ព្រះមហា-កស្សប, ព្រះមហា-អានន្ទ ជាដើមនោះឯង) ។ បុរសដែលគេសន្មតឲ្យជាអ្នកស្ដីទី មហាទេព ឬ មហាមន្ត្រី ក្នុងវេលាធ្វើមង្គលការអាពាហ៍ពិពាហ៍, ជាអ្នកនិយាយការគ្រប់ជំពូកជាមួយនឹងពួកមេបា; ហៅកាត់ពាក្យខ្លីត្រឹមតែ មហា ឬ អ្នកមហា ជាគូនឹងស្ត្រីជា អ្នកផ្លូវ, ចួនកាលហៅរួមថា អ្នកផ្លូវចៅមហា ។
-
មហា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មហត៑, មហន៑្ត; មហន្ត > មហា) ធំ; ច្រើន; ប្រសើរ; សម្បើម; ខ្លាំង...។ គុណនាមនេះសម្រាប់ប្រើជាបទសមាសរៀងជាខាងដើមនៃសព្ទដទៃ, ប្រើបានជាអនេករាប់ពុំអស់, ដូចជា : មហាថេរ ព្រះថេរៈធំ; មហាទាន ទានធំ; មហាមុនី អ្នកប្រាជ្ញធំ; មហារាជ ស្ដេចធំ; មហាវ័ន ព្រៃធំ; មហាសាលា សាលាធំជាដើម ។ សូម្បីភាសាខ្មែរក៏អាចប្រើសព្ទ មហា នេះផ្សំចូលជាបទសមាសបានខ្លះ (តាមទម្លាប់ប្រើ), ដូចជា : មហាកម្ជិល ខ្ជិលធំ, ដែលខ្ជិលខ្លាំង; មហាក្រ ដែលក្រខ្លាំង, ដែលក្រក្រៃពេក; មហាខូច ខូចធំ, ដែលខូចបណ្ដាច់; មហាគំរក់ គំរក់បំផុត: មហាទូលាយ ទូលាយពន់ពេក; មហាប្រសើរ; ប្រសើរក្រៃពេក; មហាព្រើល ព្រើលធំ, ព្រើលខ្លាំង; មហារពឹស របឹសណាស់; មហាលំបាក លំបាកខ្លាំង; មហាល្មោភ ល្មោភក្រៃពេក, ល្មោភខ្លាំង; មហាកំណត់ អំណត់ខ្លាំង, ដែលអត់ឃ្លានខ្លាំងណាស់ ឬដែលប៉ិនអត់ទ្រាំពេក; មហាអំណាច អំណាចធំ, ដែលមានអំណាចច្រើនជាដើម (ពាក្យក្រៅពីនេះដែលភ្ជាប់ មហា នៅខាងដើមទាំងប៉ុន្មានដូចមានតរៀងតាមលំដាប់អក្សរទៅ) ។
- មហាកច្ចាយនៈ (មៈហាក័ចចាយ៉ៈន៉ៈ) ន. (បា.) នាមព្រះមហាថេរមួយអង្គក្នុងពុទ្ធសម័យ (រាប់ចូលក្នុងពួកអសីតិមហាសាវ័ក, ព្រះសម្មាសម្ពុទ្ធទ្រង់លើកសរសើរថា ជាអ្នកប៉ិនប្រសប់ខាងការសម្ដែងសេចក្ដីសង្ខេបឲ្យពិស្ដារទូលាយបាន) ។ មានព្រះមហាថេរមួយអង្គផ្សេងទៀតមាននាមថា មហាកច្ចាយនៈ ដែរ កើតនៅក្នុងក្រុង មថុរា រដ្ឋសុរសេន (ប្រទេសឥណ្ឌាខាងត្បូង ដែលហៅថា រដ្ឋអវន្តិ ក្នុងសម័យបុរាណ) ព្រះមហាកច្ចាយនត្ថេរអង្គនេះបានតែងវេយ្យាករណ៍ជាភាសាបាលីមួយគម្ពីរឈ្មោះ មូលកច្ចាយន ព្រមទាំងមេសូត្រជាគោលផងហៅថា កច្ចាយនសូត្រ ក្នុងពុទ្ធសតវត្សរ៍ទី១១ គ្រិស្តសតវត្សរ៍ទី៦, ជាវេយ្យាករណ៍បាលីចាស់ជាងវេយ្យាករណ៍បាលីឯទៀត, សម្រាប់ឲ្យកុលបុត្ររៀនសូត្ររហូតមកដល់សម័យយើងសព្វថ្ងៃនេះ ។
- មហាករុណា (--កៈ--) ន. (សំ. បា.) សេចក្ដីអាណិតធំឬច្រើនគឺអាណិតចំពោះសព្វសត្វមិនរើសមុខ ចង់ឲ្យរួចចាកទុក្ខភ័យទាំងអស់គ្នា (ករុណារបស់ព្រះសព្វញ្ញុពុទ្ធ) ។
- មហាកវី (--កៈវ៉ី) ន. (សំ. បា.--កវិ) អ្នកប្រាជ្ញធំ, អ្នកប្រាជ្ញធំខាងការតែងកាព្យ ។
- មហាកាព្យ (--កាប) ន. (បា.; សំ.--កាវ្យ ឬ--កាព្យ ក៏មានខ្លះ) កាព្យធំ គឺកាព្យដែលមានដំណើរសេចក្ដីពិស្ដារវែង ។
- មហាកោលាហល (--កោល៉ាហល់) ន. (សំ. បា.) កោលាហលធំ គឺសូរសព្ទគឹកកងរំពងខ្លាំង, ការផ្អើលជ្រួលជ្រើមបញ្ចេញសូរសព្ទកងរំពងខ្លាំង ។
- មហាក្សត្រ (--ក្ស័ត) ន. (សំ.) ក្សត្រធំ, ក្សត្រិយ៍ប្រសើរ; បើស្ត្រីជា មហាក្សត្រី ឬ មហាក្សត្រិយានី ។ មហាក្សត្រាធិរាជ ព្រះរាជាដែលក្រៃលែងជាងពួកមហាក្សត្រឬស្ដេចដែលជាចម្បងក្នុងពួកមហាក្សត្រ ។
- មហាក្សត្រិយ៍ (-ក្ស័ត) ន. (សំ.--ក្សត្រិយ; បា. ខត្តិយ) ដូចគ្នានឹង មហាក្សត្រ ដែរ ។
- មហាក្សត្រិយវង្ស ឬ--ខត្តិយវង្ស វង្សមហាក្សត្រិយ៍; ដែលជាពូជពង្សនៃមហាក្សត្រិយ៍ (ច្រើនប្រើជាគោរម្យព្រះនាមនៃក្សត្រិយ៍ទ្រង់រាជ្យ) ។
- មហាគាមភោជក (--គាមៈភោជៈកៈ ឬ--ជក់) ន. (បា.) អភិបាលស្រុក; ហៅជា សំ. ថា មហាគ្រាមភោជក ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គាមភោជក និង គ្រាមភោជក ផង) ។
- មហាគ្រាម ន. (សំ.; បា. --គាម) ស្រុកធំ ។
- មហាចក្រពត្តិ (--ច័កក្រៈព័ត) ន. (សំ.--ចក្រវរ្តិន៑; បា. ចក្កវត្តិ) ស្ដេចចក្រពត្តិធំ; ហៅថា មហាចក្រពត្តិរាជ ឬហៅខ្លីត្រឹមតែ មហាចក្រ ក៏មាន, គេច្រើននិយាយថា សម្បត្តិមហាចក្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្រពត្តិ ផង) ។
- មហាចោរ (--ចោ) ន. (បា.; សំ.--ចៅរ) ចោរធំ ។
- មហាជន (--ជន់) ន. (បា.) ជនច្រើន, ពួកមនុស្សច្រើន, ប្រជាជន ។
- មហាជាតក៍ (--ជាត) ន. (សំ. បា.--ជាតក) ជាតកធំ; ឈ្មោះគម្ពីរជាតកមួយខាងពុទ្ធសាសនាសម្ដែងរឿងរ៉ាវព្រះវេស្សន្តរ...; ពួកពុទ្ធសាសនិកជនរាប់អានណាស់, ច្រើននិមន្តភិក្ខុសាមណេរទេស្នា តាមកាលរដូវរៀងរាល់ឆ្នាំមិនសូវដែលខាន (ហៅថា មហាជាតិ ឬ មហាវេស្សន្តរជាតក ក៏បាន) ។
- មហាត្ម័ន ឬ - មហាត្មា ន. (សំ. មហាត្មន៑ < មហត៑ + អាត្មន៑; បា. មហាត្ត < មហន្ត + អត្ត ) ចិត្តដ៏ប្រសើរ, ចិត្តទូលាយ, ចិត្តឱបអរសាទរ ។ អ្នកដែលមានចិត្តជាបុណ្យ, ដែលមានចិត្តឱបអរសាទរក្នុងដំណើរចង់ឲ្យអ្នកទាំងពួងបានសេចក្ដីសុខ (អ្នកប្រាជ្ញខាងផ្លូវទូន្មានចិត្ត, ហាត់ចិត្ត; ច្រើនហៅសំដៅមហាឫសី, យោគី ឬព្រះអរហន្ត) ។
- មហាត្រកូល ន. (បា. មហាកុល) ត្រកូលធំ, ពូជវង្សខ្ពង់ខ្ពស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រកូល ផង) ។
- មហាថេរ (ថេរ៉ៈ ឬ --ថែ) ន. (បា.) ថេរៈធំ, ព្រះថេរៈធំ; បើភិក្ខុនីជាមហាថេរី “ថេរីធំ” (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថេរៈ ន.) ។
- មហាទក្សា ឈ្មោះក្បួនហោរមួយបែប និយាយពីថ្ងៃកំណើតមនុស្សជាដើម ។
- មហាទាន ន. (បា.) ទានធំ (អំណោយធំ) : ព្រះវេស្សន្តរទ្រង់បានបំពេញមហាទានធំៗជាអស្ចារ្យ ។
- មហាទុក្ខ (--ទុក) ន. (បា.) ទុក្ខធំ, ទុក្ខខ្លាំង ។ មហាទុរគត ឬ--ទុគ៌ត ន. អ្នកដែលក្រីក្រលំបាកខ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុគ្គត, ទុរគត, ទុគ៌ត ទៀតផង) ។
- មហាទុរភិក្ស ឬ--ទុរ្ភិក្ស ន. ដំណើរអត់ឃ្លានខ្លាំង, គ្រាអំណត់ខ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុព្ភិក្ខ, ទុរភិក្ស, ទុរ្ភិក្ស ទៀតផង) ។
- មហាទេព (--ទេប) ន. ឋានន្តរមន្ត្រីទីចាងហ្វាងឆ្វេងក្រុមព្រះរាជមន្ទីរ (រឿនហ្លួង) ក្នុងព្រះបរមរាជវាំងនៃកម្ពុជរដ្ឋ : ឧកញ៉ាមហាទេព (ជាគូគ្នានឹង ឧកញ៉ាមហាមន្ត្រី; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព ផង) ។ មហាទ្វីប ន. ទ្វីបធំ; តាមលទ្ធិពុទ្ធសាសនាថាមាហាទ្វីបមាន ៤ គឺបុព្វវិទេហៈ ឬ បូព៌វិទេហទ្វីប, ជម្ពូទ្វីប, អបរគោយានទ្វីប, ឧត្តរកុរុទ្វីប; តាមលទ្ធិបុរាណប្រាប់ចំនួននិងឈ្មោះផ្សេងៗគ្នា ខុសពីបែបនេះក៏មាន; តាមលទ្ធិសព្វថ្ងៃនេះថា មហាទ្វីបចាស់ គឺទ្វីបដែលគេស្គាល់ជាក់មកយូរហើយមាន ៣ គឺ ទ្វីបអាស៊ី,. ទ្វីបអឺរុប, ទ្វីបអាហ្រិ្វគ; មហាទ្វីបថ្មីគឺទ្វីបដែលគេទើបនឹងស្គាល់ក្នុងសម័យខាងក្រោយមកមាន ២ ទៀតគឺ ទ្វីបអាមេរិគ, ទ្វីបអូស្យានី; រួមមហាទ្វីបទាំងចាស់ទាំងថ្មីជា ៥ ហៅថា មហាទ្វីបប្រាំភាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្វីប ផង) ។ មហាធានី ន. ក្រុងធំ, មហានគរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធានី ផង) ។ មហានគរ ន. នគរធំ, ក្រុងធំ ។ នគរធំ ក្នុងខែត្រសៀមរាប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នគរ, នគរធំ, ផង) ។
- មហានទី ន. ស្ទឹងធំ, ទន្លេធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នទី ផង) ។
- មហានរក ន. នរកធំ (ម.ព. នរក ផង) ។
- មហានាគ ន. នាគធំ; ដំរីធំ... ។ លោកអ្នកប្រសើរបំផុត (ព្រះសព្វញ្ញុពុទ្ធ); ព្រះបច្ចេកពុទ្ធ); ព្រះអរហន្ត... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាគ ផង) ។
- មហានិកាយ ន. ឈ្មោះពួកបព្វជិតពុទ្ធសាសនិកក្នុងប្រទេសសៀម លាវ ខ្មែរ សម័យសព្វថ្ងៃនេះ, ជាពីរឬជាគូនឹង ធម្មយុត្តិកនិកាយ (ឈ្មោះនិកាយទាំង ២ នេះកើតមានឡើងជាដំបូងនៅប្រទេសសៀម ក្នុងសតវត្សទី ២៤ នៃពុទ្ធសករាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និកាយ ផង) ។
- មហានុភាព (--ភាប) ន. អានុភាពធំ, អំណាចខ្លាំង, មហាអំណាច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
- មហាបណ្ឌិត ន. អ្នកប្រាជ្ញធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បណ្ឌិត ផង) ។
- មហាព្រឹថពី ន. ផែនដីធំ គឺផ្ទៃផែនដីទាំងមូល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រឹថពី ផង) ។
- មហាផល (--ផល់) ន. ផ្លែធំៗ; សំដៅយកផ្លែធំៗទាំងពួង មានផ្លែដូង, ត្រឡាច, ឪឡឹក ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផល ផង) ។
- មហាពន (--ពន់) ន. ព្រៃធំ (ដូចគ្នានឹង មហាវ័ន ដែរ) ឈ្មោះកណ្ឌទី ៧ នៃគម្ពីរមហាជាតក៍ : កណ្ឌមហាពន (ព. ពុ.) ។
- មហាពិធី ន. ពិធីធំ គឺរបៀបដែលរៀបជាពិធីបុណ្យឬក្បួនហែយ៉ាងធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិធី ផង) ។
- មហាពេទ្យ (-ពែត) ន. ពេទ្យធំ, គ្រូពេទ្យធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពេទ្យផង) ។ មហាពោធិ ន. ដើមពោធិ៍ដ៏ប្រសើរ គឺដើមពោធិ៍ដែលព្រះសក្យមុនីគោតមទ្រង់គង់ក្នុងម្លប់ក៏បានត្រាស់ជាព្រះពុទ្ធ ។ មហាពោធិស្ថាន ទីដែលព្រះពុទ្ធទ្រង់បានត្រាស់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិ និង ពោធិ៍ ផង) ។
- មហាព្រហ្ម (--ព្រំ) ន. (បា.) ព្រហ្មធំ ។ ឈ្មោះឋានព្រហ្មជាន់ទី ៣ ក្នុងរូបព្រហ្ម ១៦ ជាន់ ។
- មហាព្រហ្មមុនី (--ព្រំមៈ--) ន. ឋានន្តរសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ ទីរាជាគណៈរឿនហ្លួង, មាននាទីជាភត្តុទ្ទេសក៍និងការប្រិតប្រៀបរៀបចំភិក្ខុសង្ឃឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ក្នុងព្រះរាជនិមន្តន៍... (ជាគូគ្នានឹង ព្រះមហាវិមលធម្ម) ។ មហាភិនិស្ក្រម (--ភិនិស-ស្ក្រំ) ន. (សំ. មហត៑ ឬ មហន្ត៑ + អភិនិឞ្រ្កម ឬ--មណ; បា. មហាភិនិក្ខមន) ការចេញដើម្បីគុណដ៏ធំក្រៃលែងគឺការចេញទ្រង់ព្រះផ្នួសនៃព្រះមហាសត្វក្នុងបច្ឆិមភព (ការចេញបួសធ្វើទុក្ករកិរិយាឲ្យបានត្រាស់ជាព្រះពុទ្ធ) : មហាភិនិស្ក្រមនៃព្រះមហាសត្វ; សរសេរជា មហាភិនិស្ក្រមណ៍ ឬ មហាភិនេស្ក្រមណ៍ ក៏បាន (ព. ពុ.) ។
- មហាភូត ឬ--ភូតរូប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូតរូប) ។
- មហាមគ្គ ឬ--មាគ៌ា (--ម័ក ឬ--មារគា) ន. ផ្លូវធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគ្គ និង មាគ៌ា ផង) ។
- មហាមន្ត្រី (--មន់ត្រី) ន. ឋានន្តរមន្ត្រីក្រុមព្រះរាជមន្ទីរ (រឿនហ្លួង) ជាចាងហ្វាងស្ដាំ : ឧកញ៉ាមហាមន្ត្រី; ជាគូគ្នានឹងឧកញ៉ាមហាទេព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្ត្រី ផង) ។
- មហាមាត្រ ឬ - មហាមាត្យ (--ម៉ាត) ន. (សំ.; បា. មហាមត្ត) មន្ត្រីមានស័ក្តិធំ, សេនាបតី; ហៅថា រាជមហាមាត្រ ក៏មាន (ច្រើនប្រើតែពីក្នុងសម័យបុរាណ, សម័យសព្វថ្ងៃនេះ ជួនកាលប្រើជាឋានន្តរសម្រាប់មន្ត្រីសាមញ្ញក៏មាន) ។
- មហាមាយា ន. (បា.) ព្រះនាមព្រះអគ្គមហេសីនៃព្រះបាទសិរីសុទ្ធោទនៈ (ព្រះមាតានៃព្រះសក្យមុនីសព្វញ្ញុពុទ្ធ) : សម្ដេចព្រះមហាមាយា; ហៅថា សម្ដេចព្រះមាយា ឬ សម្ដេចព្រះសិរីមហាមាយា (ពុទ្ធមាតា និង មាយា ២ ផង) ។
- មហាមិត្ត ឬ--មិត្រ (--មិត) ន. មិត្រធំ, មិត្រប្រសើរ, មិត្រខ្ពង់ខ្ពស់ (ក្នុងសម័យបុរាណច្រើនប្រើចំពោះក្សត្រិយ៍ដែលជាមិត្រនឹងក្សត្រិយ៍ប្រទេសដទៃ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មិត្ត ឬ មិត្រ ទៀតផង) ។
- មហាមុនី ន. អ្នកប្រាជ្ញធំ; ព្រះសព្វញ្ញុពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុនី ផង) ។
- មហាមេឃ (--មេក) ន. (បា.) ពពកខាប់ដាលខ្មៅងងឹតដាបដែលបង្អុរភ្លៀង, ភ្លៀងធំ, ភ្លៀងខ្លាំង ។
- មហាមោគ្គល្លាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មោគ្គល្លាន) ។
- មហាយញ្ញ (--យ៉ាញ់ៈញៈ ឬ--យ៉ាញ់) ន. (បា.) យញ្ញធំ, ការបូជាធំ (ច្រើនប្រើខាងលទ្ធិព្រាហ្មណ) : ធ្វើមហាយញ្ញ ។
- មហាយាន ន. (សំ. បា.) យានធំ ។ ឈ្មោះពួកពុទ្ធសាសនិកដែលបែកលទ្ធិចេញផ្សេងច្រើនអន្លើឃ្លាតពីលទ្ធិដើម ដូចយ៉ាងពួកអ្នកកាន់ពុទ្ធសាសនានៅប្រទេសចិន, ជប៉ុន, យួន ជាដើមហៅថា ពួកមហាយាន ឬ លទ្ធិមហាយាន សំដៅសេចក្ដីថា “ពួកឬលទ្ធិមានធម៌ជាយានដ៏ធំឬជាយានដ៏ប្រសើរ” (ជាគូគ្នា នឹង ហីនយាន; ហៅថា អាចរិយវាទ ឬ អាចរិយវាទី “អ្នកពោលតាមលទ្ធិអាចារ្យ (របស់ខ្លួន)” ក៏បាន (ជាគូគ្នានឹង ថេរវាទ ឬ ថេរវាទី) ហៅថា ឧត្តរនិកាយ “ពួកខាងជើង” ក៏បាន (ជាគូគ្នានឹង ទក្ខិណនិកាយ) ។ ពួកឬលទ្ធិទាំងនេះកើតមានឡើង (មុនដំបូងក្នុងមជ្ឈិមប្រទេស) តាំងពីក្នុងខាងដើមសតវត្សរ៍ទី២ នៃពុទ្ធសករាជរៀងមក ។
- មហាយុគ (--យុក) ន. (សំ. បា.) យុគធំ គឺកាលឬសម័យដែលយូរអង្វែងគ្រប់ចំនួនយុគទាំង ៤; តាមលទ្ធិបុរាណថា កាលវែងចំនួនបួនលានបីសែនពីរហ្មឺន (៤.៣២០.០០០) ឆ្នាំមនុស្សលោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
- មហាយុទ្ធ (--យុត) ន. (សំ. បា.) ចម្បាំងធំ, មហាសង្គ្រាម (ហៅថា មហាយុទ្ធនា ក៏បាន) ។
- មហារញ្ញ ឬ - មហារណ្យ (--រ៉ាញ់ ឬ--រ៉ន់) ន. (បា. ឬ សំ.) ព្រៃធំ, មហាវ័ន, ព្រហាវ័ន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- មហារដ្ឋ (--រ័ត) ន. (បា. សំ.--រឞ្រ្ត) ដែនធំ ។ ឈ្មោះដែនមួយក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច (ច្រើនហៅថា មហារាស្ត្រ) ។
- មហារាជ (--រាច) ន. (បា.) ស្ដេចធំ ។
- មហារាជានុភាព អានុភាពនៃស្ដេចធំ ។
- មហារាត្រ (-រាត) ន. (សំ.) វេលាអធ្រាត្រ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- មហារោរព (--រោរប់) ន. (បា. មហារោរុវ; សំ. មហារោរវ ឈ្មោះនរកធំមួយ (រោរពនរកធំ) ។ គុ. ដែលមានសូរសព្ទសម្រែកដោយសេចក្ដីទុក្ខឮខ្លាំងក្រៃ; ដែលមានសូរសម្រែកថ្ងូរខ្លាំងគួរខ្លាច ។ ព. ប្រ. ទីមហារោរព ទីដែលមានមនុស្សឬសត្វអនាថាឈឺចាប់ជាទម្ងន់ ស្រែកថ្ងូរឮសូរសព្ទខ្លាំងៗ; មនុស្សមហារោរព មនុស្សអនាថោ ដែលមានជម្ងឺធ្ងន់ស្រែកថ្ងូរឮខ្លាំងៗឥតស្រាក ។
- មហាលាភ (--លាប) ន. (សំ. បា.) លាភធំ, ការបានផលយ៉ាងធំ ។
- មហាលោភ (លោប) ន. (សំ. បា.) លោភយ៉ាងធំ, លោភខ្លាំង, សេចក្ដីជំពាក់ចិត្តខ្លាំង ។ គុ. ដែលមានលោភធំ, ដែលមានសេចក្ដីជំពាក់ចិត្តខ្លាំង ។
- មហាវគ្គ (--វ័ក) ន. ឬ គុ. (បា.; សំ.--វគ៌) វគ្គធំ, ដែលមានវគ្គធំៗ ។ ឈ្មោះវិន័យបិដកមួយគម្ពីរនិយាយខាងវិន័យពុទ្ធសាសនា មានសេចក្ដីជាពួកៗដែលហៅថា ខន្ធកវិន័យ មាន ១០ ខន្ធកៈ ។
- មហាវ័ន ន. (សំ. បា.--វ័ន) ព្រៃធំ ។
- មហាវិថី (សំ. បា. មហាវិថិ; បារ. Boulevard ឬ boulevart) ផ្លូវធំៗក្នុងទីក្រុង ។
- មហាវិទ្យាល័យ (--វិត-ទ្យាល៉ៃ) ន. (សំ.--វិទ្យា + អាលយ) កន្លែងសម្រាប់រៀនវិជ្ជាជាន់ខ្ពស់, សាលារៀនចំណេះខ្ពស់ ។
- មហាវិមលធម្ម (--វិមៈលៈធ័ម ឬត. ទ. ស្រ.--វិមល់លៈធ័ម) ន. ឋានន្តរសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ ទីរាជាគណៈរឿនហ្លួង, មានមុខងារជាភត្តុទ្ទេសក៍ក្នុងព្រះរាជនិមន្តន៍និងការប្រិតប្រៀបព្រះភិក្ខុសង្ឃឲ្យមានសណ្ដាប់ធ្នាប់រៀបរយ : ព្រះមហាវិមលធម្ម (ជាគូគ្នានឹង ព្រះមហាព្រហ្មមុនី) ។
- មហាវិហារ (--វិហ៊ា) ន. (សំ. បា.) វត្តធំ; កុដិធំ ។ ខ្មែរប្រើពាក្យនេះសំដៅចំពោះតែរោងឧបោសថធំៗ ក្នុងវត្តនីមួយៗ ។
- មហាវីរិយៈ (--វីរិយៈ) ន. (បា. វីរិយ; សំ.--វីយ៌) ព្យាយាមធំ, សេចក្ដីប្រឹងប្រែងខ្លាំង គឺព្យាយាមធ្វើពុំមានឈប់...។
- មហាសករាជ (--សៈកៈរ៉ាច ឬ--ស័កក្រាច) ន. សករាជធំ, កើតមុនចុល្លសករាជ ៥៦០ ឆ្នាំក្នុងកាលពុទ្ធសករាជ ៦២១ (ប្រើអក្សរសង្ខេប ថា ម. ស.) ។
- មហាសក្ការៈ ន. សក្ការៈធំឬច្រើន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សក្ការៈ ផង) ។
- មហាសង្ក្រាន្ត (--សង់ក្រាន) ន. សំបុត្រប្រាប់ដំណើរចូលឆ្នាំថ្មី ព្រមទាំងទំនាយទឹកភ្លៀងជាដើម ក្នុងឆ្នាំនោះផង, ប្រក្រតិទិនឬប្រតិទិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្ក្រាន្ត ផង) ។
- មហាសង្គ្រាម (--សង់គ្រាម) ន. ចម្បាំងធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្គ្រាម ផង) ។
- មហាសង្ឃរាជ (--សង់ឃៈរាច) ន. (បា. សំ. < មហា + សង្ឃ + រាជ “ស្ដេចសង្ឃធំ”) សមណស័ក្តិទីសម្ដេចថ្នាក់ខ្ពស់បំផុត សម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ, បានទទួលសមណុត្តមាភិសេក មាននាទីជាស្ដេចខាងសង្ឃជាធំបំផុតជាងបព្វជិតទាំងអស់ក្នុងដែនកម្ពុជាទាំងមូល, អ្នកទាំងពួងនិយាយស្ដីទៅរកត្រូវប្រើជារាជសព្ទទាំងអស់ : សម្ដេចព្រះមហាសង្ឃរាជ ទ្រង់សោយ, ទ្រង់ផ្ទំ ។ល។ (ក្នុងកម្ពុជរដ្ឋ មិនមានសមណស័ក្ដិនេះរាល់រាជ្យក្សត្រិយ៍ទេ, ចួនកាលក៏មានត្រឹមតែទីជា សង្ឃនាយក ប៉ុណ្ណោះ)។
- មហាសត្ត ឬ--សត្វ (--ស័ត) ន. (បា. ឬ សំ.) សត្វប្រសើរ; ពាក្យសម្រាប់ហៅពោធិសត្វដែលកំពុងបំពេញបារមី ជិតនឹងដល់កាលកំណត់បានត្រាស់ជាព្រះពុទ្ធ (ព. ពុ.) ។
- មហាសត្រូវ ន. សត្រូវធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សត្រូវ ផង) ។
- មហាសន្និបាត ន. ការប្រជុំធំ, មហាសមាគម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្និបាត ផង) ។
- មហាសមាគម (--សៈម៉ាគំ) ន. ការមកជួបជុំគ្នាច្រើន, ការប្រជុំគ្នាយ៉ាងធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមាគម ផង) ។
- មហាសមុទ្ទ ឬ--សមុទ្រ (--សៈម៉ុត) ន. (បា. ឬ សំ.) សមុទ្ទធំ ។
- មហាសម្មតរាជ (--ស័ម-ម៉ៈតៈរ៉ាច) ន. (បា.) ព្រះនាមប្រថមក្សត្រិយ៍ក្នុងខាងដើមនៃភទ្រកល្បនេះ : ព្រះបាទមហាសម្មតរាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មនុ ផង) ។
- មហាសារីបុត្ត ឬ--បុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារីបុត្ត) ។
- មហាសាល គុ. ឬ ន. (សំ. បា.) ដែលមានទ្រព្យខ្លឹមសារច្រើន; អ្នកមានទ្រព្យច្រើនលើសលន់...; ហៅតាមថ្នាក់វណ្ណៈ ថា ខត្តិយមហាសាល, ព្រាហ្មណមហាសាល, គហបតិមហាសាល ។
- មហាសាលា (--សាល៉ា) ន. (បា.) សាលាធំ ។
- មហាសាវក ឬ--វ័ក (--សាវ៉ាក់) ន. (បា.--សាវក; សំ.--ឝ្រាវក) សាវ័កធំ គឺព្រះមហាថេរទាំងឡាយ ដែលជាសិស្សសំខាន់របស់ព្រះសម្មាសម្ពុទ្ធ ក្នុងពុទ្ធសម័យ, មាន ៨០ អង្គ ហៅថា អសីតិសាវក ឬ អសីតិមហាសាវ័ក (ព. ពុ.) ។
- មហាសេដ្ឋី (--សេត-ឋី) ន. (បា.) សេដ្ឋីធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេដ្ឋី ផង) ។
- មហាសេវ័ក ឬ--សេវកាមាត្យ (--សេវ៉ាក់ ឬ--សេវ៉ៈកា ម៉ាត) ន. សេវ័កធំឬសេវកាមាត្យធំ ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេវ័ក និង អមាត្យ ផង ) ។
- មហាស្រណុក ន. ស្រណុកច្រើន គឺអ្នកដែលរមែងនៅជាសុខមិនប្រទះសេចក្ដីនឿយហត់; កិច្ចការឬដំណើរអ្វីមួយដែលងាយដែលស្រួលជាបំផុត ។ ឈ្មោះបូសឬពិសដែលចាប់កើតឡើងបណ្ដាលឲ្យតែងងុយដេក ។
- មហាអមាត្យ (--អៈម៉ាត) ន. អមាត្យធំ, មន្ត្រីធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អមាត្យ ផង) ។
- មហាអវីចី (--អៈ--) ន. (បា.--អវីចី) ឈ្មោះនរកអវីចី ឬ ធំ ។
- មហាឥសី ឬ - មហាឫសី ន. (បា. ឥសិ, មហិសិ; សំ. មហរ្សិ < មហា + ឫឞិ) ឥសីធំ, ឫសីប្រសើរ ។
- មហាឧបរាជ (--ឧប៉ៈរ៉ាច) ន. ឋានន្តរស័ក្តិសម្រាប់ក្សត្រិយ៍ទីឧបរាជក្នុងកម្ពុជរដ្ឋ : សម្ដេចព្រះមហាឧបរាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបរាជ ផង) ។ មហាឫសី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហាឥសី) ។ល។
-
មហា --
(មើលក្នុងពាក្យ មហា) ។
-
មហាកថានៈ
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[មៈហាកៈថា ន៉ៈ ]
( បា.បាលី ( បាលីភាសា ) )
ចំនួនបកតិសំខ្យាមួយរយសែនកថានៈ (ច្រើនប្រើតែក្នុងគម្ពីរខាងពុទ្ធសាសនា) ។
-
មហាក្សត្រានុភាព
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
អានុភាពរបស់ព្រះមហាក្សត្រ, អំណាចតេជះ, សេចក្ដីអង់អាច, សេចក្ដីក្លាហានរបស់ព្រះមហាក្សត្រ ។
-
មហាត
( ន.នាមសព្ទ )
មនុស្សពូជសូទ្រៈពួកពលរក្សាដំរី, សេះ, គោ, ក្របីព្រះរាជទ្រព្យក្នុងបុរាណសម័យ; ជាមនុស្សព្រហើនដោយអាងរាជានុភាព, ច្រើនបណ្ដាយដំរី, សេះ ឬគោក្របីឲ្យចូលលុកលុយស៊ីដំណាំអ្នកស្រុក មិនសូវក្រែងរអែងចិត្តគេ : ពួកមហាត ។ ព. ប្រ. ពួកថ្លើងឬក្មេងពាលដែលឥតរបប មិនស្ដាប់ពាក្យចាស់ហាមប្រាម ក៏ហៅថា មហាត ដែរ, ហៅដោយប្រៀបប្រដូចទៅនឹងសូទ្រៈជាពួកមហាតនុះឯង; គេតែងនិយាយថា ឥតរបបដូចជាមហាត; (គួរនឹងចូលចិត្តថា ពាក្យនេះក្លាយមកពី សំ. មហត្វ “ភាវៈនៃអ្នកធំ (ហ្លួង)” ដោយសំដៅសេចក្ដីថា “អាងអំណាចអ្នកធំ (អំណាចហ្លួង”); បើតាមន័យនេះ គួរសរសេរជា មហត្វ; ឬក៏ពាក្យ មហាត < សំ. មហត៑ ?) ។
-
មហាតថៃ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(មហាតទៃយ អ. ថ. មៈហាត-ថៃ) ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចការរាជការទទួលភារៈគ្រប់គ្រងខាងការរដ្ឋបាល; ខ្មែរប្រើជា មហាថៃ ក៏បាន; សម័យមុន រួមក្រសួងធម្មការចូលផង ហៅថា ក្រសួងមហាថៃ និងធម្មការ ឬ--មហាថៃធម្មការ ។ សព្វថ្ងៃខ្មែរប្រើជា មហាផ្ទៃវិញ (តាមក្នុងបុរាណសម័យព្រេងនាយ) ។
-
មហាតលិក
( ន.នាមសព្ទ )
[មៈហាត្លិក]
( ស.សៀម ( ភាសាសៀម ) )
(មហាតលេ៏ក អ. ថ. មហាតឡិក) ខ្ញុំរាជការមានមុខងារគាល់បម្រើព្រះរាជា : ក្រុមមហាតលិក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជុបដ្ឋាក ផង); បើអ្នកដែលនៅគាល់បម្រើក្សត្រិយ៍ពីត្រឹមថ្នាក់ព្រះអង្គម្ចាស់ចុះមកច្រើនហៅថា មហាឡិក ឬ មត្លិក ។
-
មហាម៉ាត់
( ន.នាមសព្ទ )
or មហាហ្ម័ត
(ពាក្យអារ៉ាប់ ម៉ូហ័មម៉ាត់) នាមរបស់សាស្ដាម្នាក់ កើតនៅក្រុង ម៉េក្កះ ដែនអារ៉ាប់ ក្នុងខាងដើមសតវត្សទី ១២ នៃពុទ្ធសករាជ (ព. ស. ១១១៣ ឬ ១១១៤ ) , ជាមេលទ្ធិបង្កើតសាសនា អ៊ិស្លាម; ធ្វើមរណកាល នៅក្រុង ម៉េឌីន ឬ ម៉េឌីន៉ា (ដែនអារ៉ាប់) ក្នុងកាលពុទ្ធសករាជ ១១៧៥; ពួកជនជាសាវ័កបានកំណត់តាំងសករាជ អ៊ិស្លាម (រាប់ ១) ពីត្រឹមថ្ងៃដែលមហាម៉ាត់ដោះខ្លួនគេចចេញពីក្រុង ម៉េក្កះ ទៅនៅឯស្រុក យ៉ាតៈរ៉េប (ដែលតមកក្លាយជាស្រុកក្រុងឈ្មោះ ម៉េឌីន ឬ ម៉េឌីន៉ា) ក្នុងកាលពុទ្ធសករាជ ១១៦៥ ។ (អ្នកប្រទេសអឺរ៉ូបច្រើនហៅមហាម៉ាត់នេះថា ម៉ូហ័មម៉ិត ឬ ម៉ាហូម៉ិត) ។
-
មហារម្លាយ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ពេទ្យខ្មែរបុរាណប្រើជាឱសថ យកសំបកដាំ (ស្ងោរ) យកទឹកផឹករម្លាយឈាមដែលក្រំក្នុងខ្លួន, ហៅ ថ្នាំមហារម្លាយ ឬហៅ ថ្នាំក្រំមហារម្លាយ, ក្បួនថ្នាំខ្លះហៅ ថ្នាំមហារលាយ ។
Headley's Khmer-English Dictionary
-
មហា
[mɔhaa, meaʔhaa]
- detail »
prefix meaning `big, great, large, grand; awesome; superior' usually occurring in words of Indic origin
-
មហា
( n )
[mɔhaa, meaʔhaa]
- detail »
rank conferred upon a Buddhist monk after he passes an examination on various aspects of Buddhist doctrine
-
មហា
( n )
[mɔhaa, meaʔhaa]
- detail »
middle man / intermediary in a wedding ceremony
See: មហាទេព, មហាមន្ត្រី, អ្នកមហា -
មហា
( adv )
[mɔhaa, meaʔhaa]
- detail »
really, extremely, very, immensely
Eg. មហាកំជិល: really lazy -
មហាត
( n )
[meaʔhaat]
- detail »
royal grooms / stable hands (for elephants)
-
មហាត
( n )
[meaʔhaat]
- detail »
rascals, delinquents, vagabonds
-
មហាតថៃ
( n )
[meaʔhaat tʰay]
- detail »
ministry of the interior ; royal officials who serve as deputies to the ចក្រី
-
មហាម៉ាត់
( n )
[mɔɔhaamat]
- detail »
Mohammed