Khmer Dictionary: រជ្ជកាល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រុម
( ន.នាមសព្ទ )
(ក្រម; កម “លំដាប់”) លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក : ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង ។ល។
- ក្រុមមឿង (ក្រុម-ម៉ៈមឿង) ក្រុមអ្នករាជការរក្សាក្រុង : រាជការក្រុមមឿង ។
- ក្រុមវាំង (ក្រុម-ម៉ៈ វាំង) ក្រុមមន្ត្រីអ្នករក្សាការខុសត្រូវនៃពួកស្ត្រីក្នុងព្រះបរមរាជវាំង (មានតែក្នុងរជ្ជកាលពីដើម) ។ល។ ឋានន្តរស័ក្តិនៃព្រះអង្គម្ចាស់អង្គខ្លះ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសតាំងជាទី ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ តាមលំដាប់ថ្នាក់គឺ
- ក្រុមម៉ឺន, ឬ - ក្រុមហ្មឺន,
- ក្រុមឃុន,
- ក្រុមហ្លួង,
- ក្រុមព្រះ (សុទ្ធតែអានថា ក្រុម-ម៉ៈ--), ហៅថា ស្ដេចតាំងក្រុម ឬព្រះអង្គម្ចាស់តាំងក្រុម; សាធារណជនតែងតែនិយាយថា ព្រះអង្គក្រុមម៉ឺន..., ព្រះអង្គក្រុមឃុន..., ព្រះអង្គក្រុមហ្លួង..., ព្រះអង្គក្រុមព្រះ...; ជួនកាលមានឋានន្តរផ្សំពីខាងចុងផង ដូចជា ព្រះអង្គក្រុមឃុនវិសុទ្ធពង្ស ជាដើម ។
-
ណាមស្រង់
( ន.នាមសព្ទ )
ទឹកសម្រាប់ស្រង់ គឺ ន៉ាម់ ស. “ទឹក”, ស្រង់ “ងូត” (រ. ស.) : ថ្វាយណាមស្រង់; ប្រើតាមជាន់តាមសម័យនៃរជ្ជកាល, ហៅជារាជសព្ទពិតថា ព្រះឧទកៈ, ព្រះនហានោទក (--ទក់), ព្រះស្នានវារី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
-
ត្ងោក
( ន.នាមសព្ទ )
ប្រដាប់ឃុំខាំងមួយប្រភេទ (ពួកឃ្នាង) ធ្វើដោយកំណាត់ឈើឬកំណាត់គល់ឫស្សី មានកាំឬកង់ សម្រាប់ដាក់មនុស្សត្រូវចោទជាបទឧក្រិដ្ឋ ដែលមិនទាន់កាត់ទោសនៅឡើយ (ច្រើនប្រើតែក្នុងរជ្ជកាលសម័យបុរាណ) : ជាប់ត្ងោក, ដាក់ត្ងោក, ដោះត្ងោក ។
-
ត្រស្ដិ
( ន.នាមសព្ទ )
[ត្រស់ ]
ឈ្មោះព្រះរាជពិធីមួយប្រភេទ ធ្វើក្នុងវេលាយប់ ១៤ រោចខែផល្គុន; ក្នុងរជ្ជកាលពីបុរាណហៅថា ពិធីបញ្ជាន់ត្រស្ដិ, សម័យឥឡូវហៅថា ពិធីភាណយក្ខ ឬ ពិធីសូត្រភាណយក្ខ ។ ពាក្យថា ត្រស្តិ នេះ ក្លាយមកពីភាសាសំស្រ្កឹតថា ត្រុដ កិ. “កាត់, ផ្ដាច់”; ត្រុដិ ន. “ដំណើរកាត់, ការផ្ដាច់”; ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្ដីថា “ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី”; មានទំនងជាលំអានឲ្យយល់បានថា កាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ព្រោះសព្វថ្ងៃនេះ បណ្ដាជនក្នុងខែត្រសៀមរាប នៅហៅភ្លេង, ចម្រៀងមួយប្រភេទថា ភ្លេងត្រុដិ, ច្រៀងត្រុដិ (ត្រុត), គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី, សហេតុឲ្យយល់ច្បាស់ថា ត្រុដិ នេះហើយក្លាយមកជាពាក្យថា ត្រស្ដិ ។ ពិធីបញ្ជាន់ត្រស្ដិនេះពីបុរាណជាន់ដើម ចួនណាលោកហៅថា ពិធីសម្ពច្ឆរច្ឆិន្ន ឬសម្ពច្ឆរច្ឆិន្នពិធី “ពិធីផ្ដាច់ឆ្នាំ” ។
-
គោព្រៃ
( ន.នាមសព្ទ )
គោដែលមានពូជកើតក្នុងព្រៃ រស់នៅក្នុងព្រៃ (មានតែក្នុងខែត្រកំពង់ធំ), ជាគោមានមាឌធំៗ, ស្នែងមានរំពត់រមួល, សម្បុរខ្លួនខ្មៅរលើប, មានពពាលសត្រង់កជើងទាំង ៤ (ហៅថា
- ចាំងជើង) --ក្នុងសម័យបុរាណព្រេងនាយ, គេទាក់យកកូនឈ្មោលស្ទាវៗមកផ្សាំង លុះវាធំឡើង គេទុកវាជា
- បាក្រោល, កូនកាត់ពីបានោះ បើឈ្មោលមានមាឌធំៗ ស្រដៀងនឹងបាវា មានរំពត់ស្នែងដូចបាវាដែរ, គេហៅថា
- គោខ្មែរ , កូនគោខ្មែរនេះ គេហៅ
- គោល្បាយ, លុះតពូជរៀងចុះមកគេក៏នៅតែហៅគោទាំងនោះថា គោខ្មែរៗ ជាប់រហូតមក, គោពូជផ្សេងអំពីពូជគោខ្មែរនោះ ដោយហេតុគេនាំយកពីប្រទេសសៀមមក, ហៅថា
- គោសៀម, ប៉ុន្ដែក្នុងសម័យបច្ចុប្បន្ននេះ ឈ្មោះទាំងនោះក៏រលុបបាត់អស់ទៅហើយ នៅមានតែពាក្យថា គោៗ ប៉ុណ្ណោះឯង ។ បាគោព្រៃនោះបើវារោទ៍រំពង ដែលហៅថា
- សូរមួយយោបំគោឧសភ ឮទៅដល់ទីណា មេគោទាំងឡាយក្នុងទីនោះ លុះសម្រាលកូនមក កូននោះក៏កាត់បានមកបាឧសភនោះដែរ ។ ក្នុងរជ្ជកាលព្រេងនាយ ត្រូវ ឧកញ៉ាពហុលទេព (ចៅហ្វាយត្រួតត្រាខាងគោ) ហូតយកគោកូនកាត់ ក្នុងមួយក្រោល ត្រូវហូតយកមួយមកបញ្ចូលជា គោព្រះរាជទ្រព្យ ហៅថា
- ហូតភ្នែកបា ម្ចាស់ក្រោលត្រូវតែយល់ព្រមឲ្យដកហូត ព្រោះជាការចាំបាច់តាមមាត្រាច្បាប់ ក្រមពហុលទេព...។
-
បារគូ
( ន.នាមសព្ទ )
[ បារៈគូ, ឬ ត. ទ. ថា បាគូ ]
អ្នកដល់នូវត្រើយនៃវិទ្យា (ព្រាហ្មណ៍អ្នករៀនចេះចប់ត្រៃវេទ); អ្នកដល់នូវត្រើយគឺព្រះនិព្វាន (ព្រះអរហន្ត) ។ ពាក្យនេះ ខ្មែរយើងប្រើជាសម្ដីហៅពួកព្រាហ្មណ៍អ្នកធ្វើរាជការក្នុងព្រះបរមរាជវាំង មានមុខក្រសួងខាងការចាំរក្សាថែទាំព្រះខ័នរាជ្យនិងទេវរូបផ្សេងៗ, ជាអ្នកសម្រេចកិច្ចដែលជាលទ្ធិពា្រហ្មណ៍ តាមរាជប្រពៃណីនៃព្រះមហាក្សត្រិយ៍រៀងរាល់ព្រះអង្គក្នុងកម្ពុជរដ្ឋ តាំងពីព្រេងនាយដរាបមកដល់សព្វថ្ងៃនេះ : ពួកបារគូផ្លុំស័ង្ខថ្វាយជយមង្គល ។
- បារគូបុរោហិត គឺបារគូជារាជបុរោហិត ឬជារាជគ្រូក្នុងរជ្ជកាលបុរាណព្រេងនាយ ។
-
ផ្លែអាយ
( ន.នាមសព្ទ )
នំបំពួនស្ករ ។ ចាស់ៗតំណាលប្រាប់ថា បានជានំបំពួនស្ករនេះមានឈ្មោះថា នំផ្លែអាយ ផងដែរពីព្រោះកាលក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី គេច្រើនយកនំនេះទៅដាក់ភ្ជាប់លើមែកឈើឬមែកឫស្សីដែលគេកាត់យកមកដោតលើកំណាត់ដើមចេក គេភ្ជាប់នំនេះតម្រៀបគ្នា ស្រដៀងនឹងឈើមានផ្លែ... គេសន្មតឈ្មោះថា នំផ្លែអាយ គឺទុកដូចជាឈើផ្លែនៅអាយ ពុំមែនផ្លែដែលគេបេះយកមកពីដើមឈើឯនាយទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំពួនស្ករ ទៀតផង) ។
-
សរសើរ
( កិ.កិរិយាសព្ទ )
[ស៏-សើ]
និយាយលើក, លើកតម្កើង, និយាយស្ងើច, ពោលពណ៌នាគុណ : សរសើរមារយាទ, សរសើរចំណេះ, សរសើរគុណ ។
- សរសើរព្រះបាទ ឈ្មោះកាព្យបុរាណមួយរឿងខាងព្រះពុទ្ធសាសនា កើតមានក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី... មានដើមថា ឧកាស, បាទយុគលំ នមាមិហំ ខ្ញុំអរឱនអង្គ ក្រួញក្រាបអភិវាទ ព្រះបាទពុទ្ធពង្សទាំងគូរត្នរុង- រឿងឫទ្ធិរង្សី ។ល។
-
ស្ដេចត្រាញ់
( ន.នាមសព្ទ )
[ជើង ដ]
ចៅហ្វាយស្រុកស័ក្ដិ១០ហ៊ូពាន់ (ហៅថា ១០ ហ៊ូពាន់ក្នុង) នៅប្រទេសកម្ពុជាក្នុងរជ្ជកាលព្រេងនាយ ជាមេទ័ពធំ ហៅថាស្ដេចសឹកមានអំណាចកាប់សម្លាប់បានក្នុងនាទីរបស់ខ្លួន; ក្នុងប្រទេសកម្ពុជានាសម័យបុរាណព្រេងនាយនោះ មានស្ដេចត្រាញ់៥ស្រុកគឺ ១-ស្រុកកំពង់ស្វាយមានងារជា អ្នកឲកញ៉ាតេជោបុរារាជ...; ២-ស្រុកពោធិ៍សាត់មានងារជា អ្នកឲកញ៉ាសួគ៌ាលោក...; ៣-ស្រុកទ្រាំង រួមទ្រាំងត្រើយខាងត្បូងនិងទ្រាំងត្រើយខាងជើងជាស្រុកតែមួយ មានងារជា អ្នកឲកញ៉ាពិស្ណុលោក...; ៤-ស្រុកត្បូងឃ្មុំ មានងារជា អ្នកឲកញ៉ាអជ៌ុន (ហៅក្លាយជា អរជូន)... ៥-ស្រុកបាភ្នំទាំង ២ ផ្នែកគឺ ខាងត្រើយនិងខាងកោះ រួមជាស្រុកតែមួយមានងារជា អ្នកឲកញ៉ាធម្មាតេជោ... ។ កាលបើប្រទេសមានសង្រ្គាម ស្ដេចត្រាញ់ទាំង ៥ នេះ ត្រូវទទួលរ៉ាប់រងរក្សាការពារប្រទេសដោយពេញសមត្ថភាពរៀងរាល់ខ្លួន ។ល។
-
សុភា
( ន.នាមសព្ទ )
(ពាក្យប្រើក្លាយមកពី សភា “ទីប្រជុំពិភាក្សាកិច្ចការ, ទីតុលាការ”) អ្នកពិភាក្សាក្តី ។ ឋានន្តរចៅក្រមខាងតុលាការ ជាអ្នកពិភាក្សាក្តី; ក្នុងរជ្ជកាលពីដើម មានមុខការរួមចូលជាមួយនឹងរាជការរដ្ឋបាលផង, ក្នុងខែត្រមួយៗ មានចៅហ្វាយស្រុកម្នាក់, បាឡាត់ស្រុកម្នាក់, សុភាម្នាក់, យោក្ប័ត្រម្នាក់; បើខែត្រធំ មានសុភាពីរនាក់ (ឆ្វេងស្ដាំ), ចួនកាលមានបាឡាត់ស្រុកពីរនាក់ (ឆ្វេងស្ដាំ) ដែរ, ក្នុងរជ្ជកាលសព្វថ្ងៃនេះចែកមុខការសុភាដាច់ស្រឡះមកខាងតុលាការហៅថា សុភាចារបុរស មាននាទីជាអ្នកពិភាក្សាក្តី និងការស៊ើបពិនិត្យដំណើរក្តី ហៅកាត់ពាក្យខ្លីត្រឹមតែ សុភាៗ ដូចពីដើមដែរ : លោកសុភា (បុរាណព្រេងនាយ ហៅ សុភាតុលាការ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
រជ្ជកាល
[racceaʔ kaal]
(period or duration of a) reign, dynasty
-
រជ្ជសម័យ
[racceaʔ saʔmay]
See:រជ្ជកាល