Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាបាន
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សបន; ឝបន ) សម្បថ ។ កិ. ស្បថ ។
-
សាបាល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្របាល ២ ន.) ។
-
សាប៊ូ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សប៊ូ) ។
-
សាប់
( កិ.កិរិយាសព្ទ )
កាប់ចិញ្រ្ចាំស្រាលៗញាប់ៗឲ្យដាច់ជាចំណិតតូចៗស្ដើងៗ : សាប់ផ្លែល្ហុង, សាប់ទំពាំង, សាប់តាសក់ ។ អុំទូកញាប់ៗ : សាប់ច្រវាព្រមគ្នា ។ ព. ប្រ. ស្ដីបន្ទោសញាប់មាត់ : សាប់ព្រឹកសាប់ល្ងាច ព្រឹកបន្ទោសល្ងាចបន្ទោសយ៉ាងញាប់មាត់ ។ សូត្រសេចក្ដីឬសូត្រធម៌យ៉ាងញាប់ស្អេក : សាប់តែមួយសន្ទុះចប់ភ្លាម (ព. សា.) ។
-
សាពិភ័ក្តិ
( ន.នាមសព្ទ )
ដំណើរត្រឡប់សះសានឹងគ្នា ហើយទំនុកបម្រុងរក្សាគ្នាតទៅ : ពីដើមទាស់ទែងគ្នា ឥឡូវមានសាពិភ័ក្តិនឹងគ្នាហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សា>សា ១ កិ. និង ពិភ័ក្តិ ផង) ។
-
សាមគ្គី
( ន.នាមសព្ទ )
[--មុ័ក-គី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាមគ្រី) សេចក្ដីព្រមព្រៀង, សេចក្ដីព្រមព្រឹសជាមួយគ្នា, ដំណើរស្រុះគ្នា : សាមគ្គីជាគុណសម្បត្តិដ៏សំខាន់មួយរបស់សត្វលោក ។
- សាមគ្គីធម៌ ធម៌ព្រមព្រៀង, សេចក្ដីព្រមព្រៀងដែលទុកជាធម៌ (ដ៏សំខាន់); វិធីឬរបៀប, បែបបទដែលបង្វឹកគ្នាឲ្យមានសាមគ្គី ។
- សាមគ្គីភាព ភាពនៃសាមគ្គី; បែបបទ, ចរិយាសណ្ដាប់ធ្នាប់នៃសាមគ្គី (ដែលកើតអំពីសាមគ្គីធម៌) ។
- សាមគ្គីមិត្ត ឬ
- --មិត្រ មិត្រមានសាមគ្គី ។
- សាមគ្គីរស រសនៃសាមគ្គី ។
- សាមគ្គីរសានិសង្ស អានិសង្សនៃសាមគ្គីរស ។ល។
-
សាមគ្គីភេទ
( ន.នាមសព្ទ )
[សាមុ័ក-គី-ភេត]
( បា.បាលី ( បាលីភាសា ) )
ការបែកសាមគ្គី; សាមគ្គីភេទកើតពីមានៈ គឺការប្រកាន់រៀងរាល់ខ្លួនជាប្រភពឬជាមូលដ្ឋាន មានត្រឹមតែសេចក្ដីវិនាសជាលទ្ធផលផ្តល់សេចក្ដីទុក្ខឲ្យជាដរាប ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថ្លែងពីទោសនៃសាមគ្គីភេទ) : សាមគ្គីភេទ ជាមូលហេតុ បើកឲ្យសត្រូវ ចូលលុករុករាន អស់ឥតមានផ្លូវ ទោះធ្វើម្ដេចកូវ ក៏កែពុំបាន ។ ដូចរដ្ឋវជ្ជី មានសាមគ្គី តាំងពីបុរាណវស្សការៈ មន្រ្តីឈ្លានពាន ប្រើល្បិចមូលបាន ញុះញង់ខ្ទេចខ្ទី ។ យកបានប្រទេស ដែលគេប្រហែស ឲ្យបែកសាមគ្គី ប្រើខ្សឹបងាយៗ ឥតចាយរូបីយ៍ ថែមទាំងមានល្បី ថាឈ្លាសផងទៀត ។ (រឿងរដ្ឋវជ្ជីមានសាមគ្គីភេទ ព្រោះចាញ់ល្បិចខ្សឹប របស់វស្សការៈ ជាអគ្គសេនាបតីនៃព្រះបាទអជាតសត្រូវ ក្នុងបុរាណសម័យ) ។ ហេតុនេះគួរខ្លាច ប្រយ័ត្នកំណាច លបចូលជ្រៀតបៀត ធ្វើសាមគ្គី ឲ្យខូចបង់សៀត បែកហើយផ្សារទៀត ពុំងាយជិតឡើយ ។ល។
-
សាមញ្ញ
( ន.នាមសព្ទ )
[--មុ័ញ-ញ៉ៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝ្រាមណ្យ) សមណភាព ។
- សាមញ្ញគុណ គុណនៃសមណភាព ។
- សាមញ្ញប្បដិបត្តិ បដិបត្តិតាមសមណភាព ។
- សាមញ្ញសាសនា សាសនារបស់ព្រះពុទ្ធដែលមានភាពជាសមណៈពិត, សាសនាស្រោចស្រង់សត្វ (ពុទ្ធសាសនា) ។ ព. ផ្ទ. ព្រហ្មញ្ញសាសនា, អញ្ញលទ្ធិ ។ល។
-
សាមញ្ញ
( គុ.គុនសព្ទ )
[--មុ័ញ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាមាន្យ) សាធារណៈ; ដែលជាធម្មតា; ដែលស្មើៗតែគ្នា; ដែលរាប់រយរាប់ពាន់ : ពាក្យសាមញ្ញ គ្រាមភាសា, ពាក្យផ្សារ ។
- មនុស្សសាមញ្ញ មនុស្សសាធារណៈ, មនុស្សរយ ។
- របស់សាមញ្ញ របស់រយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាមុ័ញញ៉ៈ, ដូចជា សាមញ្ញនាម សាធារណនាម (ព. ផ្ទ វិសាមញ្ញនាម) ។
- សាមញ្ញលក្ខណៈ សេចក្ដីកំណត់ឃើញស្មើ គឺឃើញថា អនិច្ចំ, ទុក្ខំ , អនត្តា ជាសភាពប្រព្រឹត្តទៅស្មើគ្នាទួទៅគ្រប់រូបសត្វលោក ។ល។
-
សាមញ្ញភាសា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ភាសានិយាយតាមធម្មតាតាមទម្លាប់របស់អ្នកស្រុកនីមួយៗ ដែលភាសានេះនិយាយត្រូវតាមក្បួនវេយ្យាករណ៍ខ្លះ មិនត្រូវខ្លះ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>