Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាដាន
( ន.នាមសព្ទ )
សំបុត្របង្កាន់ដៃពន្ធ (ប្រើតែក្នុងសម័យពីដើម ហៅថា សំបុត្រសាដាន) ។
-
សាដៀវ
( ន.នាមសព្ទ )
or សាយដៀវ
( ស.សៀម ( ភាសាសៀម ) )
(សាយ “ខ្សែ”; ដ្យើវ អ. ថ. ដៀវ “មួយ, តែមួយ”) ឈ្មោះគ្រឿងតន្រ្តីមួយប្រភេទ មានខ្សែលួសស្ពាន់តែមួយ មានសំបកឃ្លោកមូល (ឃ្លោកសាដៀវ) មួយកំណាត់ទ្រភ្ជាប់ពីក្រោមដងមានប៉ោលសម្រាប់រឹតឬបន្ធូរខ្សែ, ប្រើជាគ្រឿងដេញ មានសូរសព្ទមូលរងំ : ដេញសាដៀវ ។ គួរហៅថា ខ្សែមួយ ឬ ឯកតន្ត្រី (អែកដន់ត្រី) : ដេញឯកតន្រ្តី, សូរឯកតន្រ្តី ។
-
សាណ
( ន.នាមសព្ទ )
[សាន]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝាណ) សំពត់សម្បកធ្មៃ ឬសរសៃវល្លិផ្សេងៗ : សំពត់សាណ; ហៅ សាណពស្រ្ត ឬ --ព័ស្រ្ត (--ណៈ--) ក៏បាន ។
-
សាណពស្ត្រ
or សាណព័ស្ត្រ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាណ>សាណ និង ពស្ត្រ ឬ ពស្ត្រា) ។
-
សាណិ
( ន.នាមសព្ទ )
or សាណី
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាណិ; ឝាណិ) វាំងនន, រនាង; ឆាក; ឡប់ឡែ ។ ខ្មែប្រើ ជា រ. ស. ច្រើនហៅជាប់ដោយវិភត្តិសត្តមីថា សាណិយា “ក្នុងវាំងនន”, សំដៅសេចក្ដីត្រឹមតែថា “វាំងនន”; ហៅក្លាយជា សន្ធិយា ក៏មានខ្លះ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួកក្មេងស្រីៗ នៅក្នុងសាណី សូរសើចកក្អឹក ខ្លះចរចាគ្នា ថាស្អែកពីព្រឹក ត្រូវរៀបបាយទឹក ទទួលភ្ញៀវយើង ។
-
សាណិយា
or សាណី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាណិ) ។
-
សាត
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝាត “ជាសុខ, សុខស្រួល, សប្បាយ; សេចក្ដីសុខ”; សំ. សាត “បីតិ, អំណរ”) ដែលសុខចិត្តសះជាលែងប្រកាន់គ្នាតទៅទៀត, ដែលទុកជាស្មើគ្នាមិនឈ្នះមិនចាញ់ : ដំណើរសាត, ក្តីសាត (ប្រើជា សាធ ក៏បានប្រែថា ជ្រះស្រឡះ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាតៈ, ដូចជា សាតគ្រឹះ ឬ--មន្ទីរ ផ្ទះដែលនៅបានសេចក្ដីសុខ, ដែលស្រួលនៅ ។
- សាតចិត្ត ចិត្តរីករាយ ។
- សាតដ្ឋាន ទីសប្បាយ ។
- សាតារម្មណ៍ អាម្មរណ៍រីករាយ ។ល។
-
សាតាំង
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(Satin) សំពត់រលើប, ជាឈ្មោះសំពត់មួយប្រភេទ សាច់រលីងម៉ដ្ឋសម្បុររលើបរលោង មានព័ណ៌ផ្សេងៗ ជាសំពត់មកពីប្រទេសក្រៅ : សំពត់សាតាំង (សំពត់រលើប) ។
-
សាត់
( កិ.កិរិយាសព្ទ )
ប៉ើង, ហើរ តាមខ្យល់ ឬអណ្តែតតាមខ្សែទឹក (រសាត់) ។
- សាត់ព្រាត់ ចេញចោលស្រុកទេសខ្ចាត់ភ្លាត់ព្រាត់បងប្អូនញាតិមិត្រ ។ ព. ទ. បុ. ថា : ត្រីកំភ្លាញលាញព្រោះមាត់, មនុស្សសាត់ព្រាត់លាញព្រោះឆោត ។
- សាត់ភ្លាត់ ដែលខិលខូចដើរសាត់អណ្តែតតាមតែប្រទះគ្មានលំនៅជាប្រាកដ ។ ព. ទ. បុ. ថា : ឈើកោងវល្លិព័ទ្ធ មនុស្សសាត់ភ្លាត់ កុំយកខ្លួនបៀត ។
- សាត់អណ្តែត ឬ - សាត់អណ្តែតសែតអញ្ជង់ ដែលដើរសាត់ព្រាត់ទៅតាមតែប្រទះឥតមានទីនៅជាប្រាកដ : មនុស្សសាត់អណ្តែត; ដើរសាត់អណ្តែតសែតអញ្ជង់ ។
-
សាត្រា
( ន.នាមសព្ទ )
( សំ. ក្ល.សំស្រ្កឹតក្លាយ )
(ឝាស្រ្ត) គម្ពីរ, ក្បួន ។
- សាត្រាច្បាប់ សាត្រាកាព្យពាក្យសុភាសិតជាច្បាប់ប្រដៅ ។
- សាត្រាទេសន៍ សាត្រាសម្រាយពាក្យរាយនិយាយពីធម៌វិន័យឬពីរឿងនិទានក្នុងពុទ្ធសាសនា សម្រាប់ទេសន៍ ។
- សាត្រាល្បែង សាត្រាសម្រាប់មើលលេង (សាស្រ្តាប្រលោមលោក) ។ល។ (ប្រើជា សាស្រ្តា ត្រូវជាង : សាស្រ្តាច្បាប់) ។
<< Prev 1 2 3 4 5 6 ... 20 Next >>