Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាក់
( កិ.កិរិយាសព្ទ )
ចាក់ដោយម្ជុលឬដែកស្រួច បញ្ចូលទឹកខ្មៅឬទឹកក្រហមក្នុងសាច់ឲ្យដិតជាប់ជាក្បាច់ក្បួរឬជារួប, យ័ន្ត, អក្សរ : ចូលចិត្តចង់សាក់ ខ្ញុំសាក់ឲ្យ ។
-
សាក់បើ
( គុ.គុនសព្ទ )
មធ្យម, យ៉ាងកណ្ដាល, យ៉ាងល្មម, សមគួរ : របស់សាក់បើ, ចំណេះសាក់បើដែរទេ ។ ស្មើគ្នា, ប្រហែលគ្នា : សាក់បើនឹងវា ប្រហែលនឹងវា (ម. ប្រ.) ។ និ. គួរបើ, សមបើ : សាក់បើដែរ គួរប្រើដែរ ។
- សាក់បើអ្វី គួរអ្វី ។
- ពុំសាក់បើ ពុំសមបើ : ពុំសាក់បើស្ដីថាឲ្យគ្នាសោះ !
-
សាក្យ
or សាក្យ--
(ម. ក្នុង ព. សក្យ) ។
-
សាក្សី
( ន.នាមសព្ទ )
[សាក-សី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< សាក្សិន៑; សក្ខី) ស្មរ, បន្ទាល់ : សឹងមានសាក្សីបានដឹងបានឃើញផង ។
- សាក្សីទុច្ចរិត សាក្សីដែលប្រព្រឹត្តអំពើអាក្រក់, សាក្សីវៀច ។
- សាក្សីបព្ចោះ សាក្សីដែលអ្នកអាងដល់លបបព្ចោះមុនជាស្រេច ។
- សាក្សីពេជ្រញាណ សាក្សីដែលបានដឹងឮជាក់ប្រាកដ ទាំងមានអានុភាពអង់អាចផង ។ ច្រើនប្រើក្នុងការសំបូងសង្រូង : សូមពួកទេវតាជាសាក្សីពេជ្រញាណរបស់ខ្ញុំ ! ។ល។
-
សាខា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝាខា) មែក : បែកសាខា ។
- សាខាកាល កាលរាយរងបែកចេញពីកាលធំ ៣ គឺ បច្ចុប្បន្នកាល, អតីតកាល, អនាគតកាល (ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍បាលី ត្រង់អាខ្យាត) ។
- សាខានគរ ក្រុងរងឬក្រុងរាយរង, ក្រុងតូចដែលជាចំណុះក្រុងធំ ។
- សាខាបសាខា (--ប៉ៈ--) មែកតូចនិងមែកធំ ។
- សាខាប្រទេស ឬ
- --រដ្ឋ ប្រទេសឬដែនដែលជារណបគេ, ដែលជាចំណុះគេ ។
- សាខាពាណិជ្ជ ឬ
- --ពាណិជ្យ ពាណិជ្ជរងឬរាយរងដែលបែកមែកចេញពីពាណិជ្ជធំ ។
- សាខាម្រឹគ ស្វា; ពួកសត្វដែលលោតតោងមែកឈើបាន : ស្វា, ទោច, កំប្រុក, ... ជាសាខាម្រឹគ ។
- សាខាសមាគម សមាគមរង ។ល។
-
សាគរ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សមុទ្រ ។ មានសេចក្ដីតំណាលក្នុងរឿងរាមាយណៈថា សមុទ្របានជាហៅ សាគរ ព្រោះកើតអំពីពួកព្រះរាជបុត្ររបស់ព្រះបាទ សគរៈ កែនពលឲ្យជីក ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ
- សាគរា, សាគរេស, សាគរោ សមុទ្រ ។
- សាគរេ ក្នុងសមុទ្រ ។
-
សាគរវិទ្យា
( ន.នាមសព្ទ )
[សាគៈរៈវិត-ទ្យា]
វិទ្យានិយាយពីសមុទ្រ (បារ. Océanographie អូស្យាណូគ្រ័ហ្វ៊ី) ។
-
សាគូ
( ន.នាមសព្ទ )
ដំណាំមួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងក្រកោ តែដើមទាបៗ មានមើមសម្បុរ-ស ប្រើស្ងោរបរិភោគជាអាហារ ឬហាន់ឲ្យស្ដើងៗលាយបាយក៏បាន កិនឆៅច្រោះជាម្សៅក៏បាន, បើស្រុកកើតទុរ្ភិក្ស ប្រើជាអាហារជាជំនួសបាយបាន, ជាដំណាំងាយដាំ មានប្រយោជន៍សំខាន់មួយយ៉ាងសម្រាប់ប្រទេសខ្មែរ : ម្សៅសាគូ, បាយលាយមើមសាគូ ។
-
សាគូរនាម
( ន.នាមសព្ទ )
[--រនាម ]
ឈ្មោះឈើតូចមួយប្រភេទ ស្លឹកក្រាស់ស្រួចៗ ផ្លែតូចៗ ទ្រើសជាងផ្លែតង្កៀបក្តាម, ស្លឹកនិងផ្លែមានរសជូរល្មម បរិភោគបាន, ច្រើនដុះក្នុងព្រៃរនាមឬដុះតាមមាត់ស្ទឹង, មាត់ព្រែក, មាត់អូរ ។
-
សាង
( កិ.កិរិយាសព្ទ )
ក, ធ្វើ, សង់ ឲ្យកើតឡើង (ចំពោះការកុសល): សាងព្រះពុទ្ធរូប, សាងគម្ពីរព្រះត្រៃបិដក, សាងចេតិយ, សាងសាលា ។
- សាងសង់ សង់សម្អិតសម្អាងឲ្យបានកើតឡើងជាការកុសល ។
- សាងសូម សាងហើយប្រាថ្នាថាសូមឲ្យបានសម្រេចតាមបំណង ។
<< Prev 1 2 3 4 5 6 ... 20 Next >>