Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបដ្ឋាក
( ន.នាមសព្ទ )
[អ៊ុបុ័ត-ឋាក]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបស្ថាយិន៑) អ្នកនៅជិតឲ្យហៅប្រើ, អ្នកនៅបង្ហាញមុខឲ្យប្រើប្រាស់, អ្នកបម្រើ; អ្នកគាល់បម្រើ; កូនក្មួយ : នៅធ្វើជា ឧបដ្ឋាកចៅហ្វាយនាយ ។ ភិក្ខុជាឧបដ្ឋាកគ្រូ ភិក្ខុជាអ្នកបម្រើព្រះថេរៈជាគ្រូ ។ អ្នកទំនុកបម្រុង, អ្នកផ្គត់ផ្គង, អ្នកផ្គង់ចតុប្បច្ច័យឬផ្គង់ចង្ហាន់ (ព. ពុ.) ញោមឧបដ្ឋាក ឧបាសកឬទាយកជាអ្នកផ្គត់ផ្គង់បព្វជិត (បើស្ត្រីជា ឧបដ្ឋាយិកា) ។ ខ្មែរប្រើជា កិ. ក៏មាន “បម្រើ” : បងអញ្ជើញចុះ ! ខ្ញុំនៅឧបដ្ឋាកម៉ែ ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ, ដូចជា
- គិលានុបដ្ឋាក អ្នកបម្រើជំងឺ, អ្នកថែទាំទ្រាំមនុស្សឈឺ (បើស្ត្រីជា គិលានុបដ្ឋាយិកា; បារ. Infirmier, Infirmière) ។
- ចុល្លុបដ្ឋាក ឬ - ចូឡុបដ្ឋាក អ្នកបម្រើបម្រាស់, កូនក្មួយអ្នកបង្ហាញមុខឬអ្នកដើរតាមឲ្យប្រើប្រាស់តាមការ ។
- ពុទ្ធុបដ្ឋាក អ្នកបម្រើព្រះពុទ្ធ : ព្រះមហាអានន្ទជាពុទ្ធុបដ្ឋាក ។
- មាតុបដ្ឋាក បុត្រអ្នកបម្រើឬអ្នកផ្គត់ផ្គង់មាតា (បើបុត្រីជា មាតុបដ្ឋាយិកា) ។
- រាជុបដ្ឋាក អ្នកគាល់បម្រើព្រះរាជា (បើស្ត្រីជា រាជុបដ្ឋាយិកា (ប្រើជា រាជូ-- ក៏បាន) ។ល។
-
ឧបដ្ឋាន
( ន.នាមសព្ទ )
[អ៊ុបុ័ត-ឋាន ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបស្ថាន) ការបម្រើ, ការបម្រើបម្រាស់; ការទំនុកបម្រុងឬផ្គត់ផ្គង់ ។ ខ្មែរប្រើជា កិ. ក៏មាន “បម្រើ, ទំនុកបម្រុង, ផ្គត់ផ្គង់”; បុត្រធីតាត្រូវឧបដ្ឋានមាតាបិតា ។
- ឧបដ្ឋានសាលា (--ន៉ៈ--) សាលាសម្រាប់ប្រើប្រាស់, សាលាសម្រាប់ប្រជុំគ្នាធ្វើទាន; សាលាសម្រាប់វត្ត ។
-
ឧបដ្ឋាយិកា
(មើលក្នុងពាក្យ ឧបដ្ឋាក) ។
-
ឧបឌ្ឍ
( គុ.គុនសព្ទ )
[អ៊ុបុ័ត-ឍៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបធ៌) ជិតកន្លះ, ជិតពាក់កណ្ដាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អឌ្ឍ ផង) ។
- ឧបឌ្ឍកម្ម ឬ - --កិច្ច ការដែលធ្វើជិតបានពាក់កណ្ដាល, ជិតពាក់កណ្ដាលការ ។
- ឧបឌ្ឍទិន ជិតកន្លះថ្ងៃ ។
- ឧបឌ្ឍបថ (--បត់) ជិតពាក់កណ្តាលផ្លូវ ។
- ឧបឌ្ឍភាគ ជិតកន្លះភាគ ។
- ឧបឌ្ឍមាស ជិតកន្លះខែ ។ល។
-
ឧបឌ្ឍ --
(មើលក្នុងពាក្យ ឧបឌ្ឍ) ។
-
ឧបត្ថម្ភ
( ន.នាមសព្ទ )
[អ៊ុបុ័ត-ថ័ម ]
( បា.បាលី ( បាលីភាសា ) )
(សំ. ឧបស្តម្ភ) ការទំនុកបម្រុង, គ្រឿងទំនុកបម្រុង; ការទល់ទ្រ, គ្រឿងទល់ទ្រ; ពំនាក់, ទីពំនាក់, គ្រឿងពឹងផ្អែក, បង្អែក : មានឧបត្ថម្ភ ។ ខ្មែរប្រើជា កិ. ក៏មាន “ទំនុកបម្រុង; ទល់ទ្រ; គាំទ្រ; ពឹងផ្អែក” : ឧបត្ថម្ភគ្នា; ជួយឧបត្ថម្ភឲ្យមានមុខការរបរ ។ ច្រើនប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ, ដូចជា មិត្តូបត្ថម្ភ ឬ មិត្តោបត្ថម្ភ ឧបត្ថម្ភរបស់ឬអំពីមិត្ត ។
- រាជូបត្ថម្ភ ឧបត្ថម្ភអំពីឬរបស់ព្រះរាជា ។
- ឥស្សរូបត្ថម្ភ ឧបត្ថម្ភរបស់ឬអំពីឥស្សរជន ។ល។
-
ឧបត្ថម្ភក
[អ៊ុបុ័ត-ថ័ម-ភក់ ]
or ឧបត្ថម្ភកៈ
( បា.បាលី ( បាលីភាសា ) )
(ឧបត្ថម្ភក; សំ. ឧបស្តម្ភក) អ្នកទំនុកបម្រុង; អ្នកទល់ទ្រ, អ្នកគាំទ្រ; អ្នកដែលជាទីពឹងផ្អែកឬជាទីពំនាក់ : ខ្ញុំមានបងប្រុសជាឧបត្ថម្ភក (បើស្ត្រីជា ឧបត្ថម្ភិកា) ។
- ឧបត្ថម្ភកកម្ម (--ភៈកៈ--) កុសលកម្មពីព្រេងនាយដែលចេញមុខទំនុកបម្រុងឲ្យបានសេចក្ដីសុខ-ចម្រើន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឧបត្ថម្ភកកម្ម ជួយគាំទ្រសត្វឲ្យបានសុខ ទំនុកបម្រុងឲ្យរីកមុខ និរទុក្ខនិរភ័យជានិរន្តរ៍ ។ កម្មនេះជាតួបុណ្យកុសល រែងផ្តល់ផលល្អមិនអាប់អន់ មានភាពជាកម្មដ៏សោភ័ណ ផ្តល់សុខគ្រប់គ្រាន់ឲ្យសប្បាយ ។ មិនត្រឹមតែផ្តល់សុខឲ្យកូន អាចជូនក្តីសុខឲ្យដល់ម្ដាយ អាពុកនិងញាតិផងទាំងឡាយ ឲ្យបានសប្បាយដោយសារផង ។ ព. ផ្ទ.
- ឧបឃាតកកម្ម, ឧបបីឡកកម្ម ។ (ព. ពុ.) ។
- ឧបត្ថម្ភកជន ឬ
- --បុគ្គល (--ភៈកៈ--) ជនឬបុគ្គលអ្នកទំនុកបម្រុង ។
- សាសនូបត្ថម្ភក អ្នកទំនុកបម្រុងសាសនា ។ល។
-
ឧបត្ថម្ភក--
or ឧបត្ថម្ភិកា
(ម. ក្នុង ព. ឧបត្ថម្ភក) ។
-
ឧបទិស
( ន.នាមសព្ទ )
[អ៊ុប៉ៈទឹស]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបទិឝ; ឧបទិសា) ទិសកណ្តាល គឺភាគកណ្តាលនៃទិសទាំង ៨, ឧបរិមទិសនិងហេដ្ឋិមទិស (ទិសលើនិងទិសក្រោម) ។
-
ឧបទេស
( ន.នាមសព្ទ )
[អ៊ុប៉ៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបទេឝ) ការពន្យល់, ការណែនាំ, ការឲ្យន័យឲ្យទំនង; ការបញ្ចេះ, ការប្រៀនប្រដៅ : ឲ្យឧបទេស, ធ្វើតាមឧបទេសរបស់គ្រូ ។ ពាក្យប្រៀនប្រដៅរបស់គ្រូអាចារ្យតៗមក : ឧបទេសបុរាណ (ហៅ បោរាណុបទេស ក៏បាន, អ. ថ. ប៉ោរ៉ា--) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបទេសបុរាណ ដែលចាស់ព្រេងបាន ពន្យល់ទុកមក គួរបច្ឆាជន គន់គិតរាវរក កុំបីកាន់យក សេចក្ដីព្រាវៗ ។ ម្យ៉ាងថា : ធ្វើការធ្វេសៗ គ្មានឧបទេស ពីគ្រូណាសោះ ច្រើនតែភ្លាំងភ្លាត់ វិបត្តិការនោះ បើពុំដូច្នោះ ក៏គង់មានឆ្គង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>