Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាលចតុម្មុខ
( ន.នាមសព្ទ )
[សាល-ចៈ តុម-មុក ]
( បា. ស.បាលីភាសាសន្មត )
(សាល + ចតុ + មុខ, ដោយមាន ចតុ ពីខាងដើម ត្រូវតម្រួត ម ជា ចតុម្មុខ) ឈ្មោះមហាសាលមួយខ្នងឋិតនៅក្បែរ មាត់ទន្លេចតុម្មុខ ក្នុងព្រះរាជធានីភ្នំពេញ មានទ្រង់ទ្រាយល្អប្លែកតាមសម័យនិយម ដោយស្នាដៃនៃវិស្វករខ្មែរ, ជាសាលសម្រាប់ប្រើការបានច្រើនពិធីមានការប្រជុំធ្វើសន្និសីទធំៗនិងមហោស្រពពិសេសម្ដងម្កាលជាដើម, សាលចតុម្មុខ នេះកើតមានឡើងក្នុងសម័យរាជរដ្ឋាភិបាល សង្គមរាស្រ្តនិយម ដែលមាន សម្ដេចព្រះនរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ, ជាមហាសាលសម្រាប់ចក្រទាំង ២ គឺ ពុទ្ធចក្រ និង អាណាចក្រ ប្រើប្រាស់ម្ដងៗតាមត្រូវការ : សាលចតុម្មុខ មានរូបសណ្ឋាននិងប្រជុំទន្លេ ៤ មុខ ជាលំអមួយកន្លែងរបស់ក្រុងភ្នំពេញ មានខ្យល់អាកាសទន្លេបក់រំភើយៗ រហើយស្រួលជានិច្ចនិរន្តរ៍ ។
-
សាលព្រឹក្ស
( ន.នាមសព្ទ )
[សាល៉ៈព្រឹក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សាល + វ្ឫក្ស; សាល + រុក្ខ) ឈ្មោះឈើមួយប្រភេទ មានស្លឹកវែងៗ ស្រួចៗ ជាឈើធំ មានផ្កាចេញទងពីតួដើម និងពីមែកធំៗ ផ្កាមូលៗធំៗ (មានសណ្ឋានស្រដៀងនឹងនាគម៉ុងសាយចិន) សម្បុរក្រហមលាយលឿង មានក្លិនក្រអូបឈ្ងប់ រីកហើយឆាប់រោយទៅវិញ ជ្រុះត្របកនិងកេសរមករោយរាយលើផែនដី ផ្លែមូលៗធំៗជាងផ្លែក្របៅ ក្នុងមួយឆ្នាំៗជ្រុះស្លឹកអស់រលីងច្រើនដងហើយលាស់ត្រួយខ្ចីភ្លាមៗ មិនបង្អង់យូរ ។ល។ ព្រះសិទ្ធត្ថសក្យមុនីគោតម ទ្រង់ប្រសូតទាំងទ្រង់បរិនិញ្វនផងដែរនៅក្រោមដើម សាលព្រឹក្ស នេះ (ខ្មែរធ្លាប់យល់មកថា ដើមរាំងភ្នំ ផ្ទុយពីការពិត)។ ឈើនេះមានឈ្មោះហៅបានបីយ៉ាងគឺហៅថា សាលព្រឹក្ស ក៏បាន, ហៅ អស្សកណ្ណព្រឹក្ស ក៏បាន, ហៅ សជ្ជព្រឹក្ស ក៏បាន ។ កាលពីក្នុងបុរាណសម័យ ឈើនេះមានតែឯប្រទេសឥណ្ឌា, សព្វថ្ងៃនេះមានសម្បូរណ៍ក្នុងប្រទេសកម្ពុជា ច្រើនតែក្នុងវត្តអារាមនៃភិក្ខុសង្ឃ, ជាឈើមានគ្រាប់ងាយបណ្ដុះងាយដាំតាមតែដីបែបណាក៏ដាំបានដែរ ។
-
សាលា
( ន.នាមសព្ទ )
[--ល៉ា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝាលា) ផ្ទះ, មន្ទីរ; រោង ។
- សាលាជំនុំ មន្ទីរសម្រាប់ធ្វើការជំនុំក្តី, មន្ទីរតុលាការ ។
- សាលាដំបូង មន្ទីរសម្រាប់ជំនុំក្តី ជាដំបូងបង្អស់ក្នុងក្រុងនិងក្នុងខេត្តក្រៅ, មន្ទីរតុលាការថ្នាក់ដំបូង ។
- សាលារៀន ឬ - សាលាបង្រៀន មន្ទីរសម្រាប់បង្រៀនវិជ្ជា, រោងរៀន ។
- សាលាសម្នាក់ សាលាសម្រាប់សាធារណជនឈប់សម្នាក់បានតាមកាលគួរ ។ល។
- ឧបដ្ឋានសាលា សាលាសម្រាប់ប្រើប្រាស់ក្នុងវត្តអារាម, សាលាបុណ្យ ។
-
សាលាដ
( ន.នាមសព្ទ )
[--ល៉ាត]
or សាលាដិ៍
( បារ.បារាំង ( ភាសាបារាំងសែស ) )
(សាលាដិ៍ Salade) ម្ហូបញាំបារាំង ឬបន្លែផ្សេងៗដែលប្រើជាញាំបាន ។ ខ្មែរហៅចំពោះតែស្ពៃមួយប្រភេទ ដែលហៅ ស្ពៃញាំ ឬ ស្ពៃស ក៏បាន : របោយសាលាដ, ស្ពៃសាលាដ ។
-
សាលិកា
(ដូចគ្នានឹង សារិកា ដែរ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
សាលី
( ន.នាមសព្ទ )
[--ល៉ី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាលិ; ឝាលិ) ស្រូវខ្សាយ : ស្រូវសាលី, អង្ករសាលី ។ សម័យសព្វថ្ងៃនេះ ច្រើនហៅស្រូវមួយប្រភេទ កើតនៅប្រទេសត្រជាក់ដែលប្រើម្សៅធ្វើនំបុ័ង : ម្សៅសាលី ។
-
សាលោហិត
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្វលោហិត) អ្នកដែលមានក្រសែលោហិតជាប់ជាមួយគ្នាមក, ញាតិពិត, ញាតិជិត, បងប្អូន : ពួកញាតិនិងសាលោហិត ពួកញាតិពន្ធនិងញាតិពិត ។
- ញាតិសាលោហិត ញាតិពន្ធនិងញាតិជិតឬញាតិដែលមានក្រសែជាប់ជាមួយគ្នាមក, ញាតិនិងបងប្អូន ។
-
សាល់
( គុ.គុនសព្ទ )
ដែលប្រើមិនអស់, ដែលនៅសល់, ដែលចាល់ ដោយប្រើរបស់ដទៃជាជំនួស ឬដោយមានរបស់ដទៃជាជំនួយ : ម្ហូបសាល់ ។ កិ. ញឹន, រាងចាល; ធុញទ្រាន់ : ស្ដីឲ្យណាស់ដែរ មិនសាល់សោះ !
-
សាវ
( គុ.គុនសព្ទ, ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ក្រមុំ, ស្ត្រីក្រមុំ ។ ខ្មែរប្រើបានទាំងស្ត្រីទាំងបុរសដែលកំពុងពេញជំទង់ ឬពេញក្រមុំកំលោះ : ក្មេងសាវ, នៅសាវ, ក្រមុំសាវ, កំលោះសាវ ។ រុក្ខជាតិដែលរកកល់នឹងមានផ្កាផ្លែជាដំបូងបំផុត : ឈើសាវ, ត្នោតសាវ, ដូងសាវ ។
-
សាវ
( ន.នាមសព្ទ )
ឈើឬឫស្សីវែង ប្រើជាដងសម្រាប់រុករុញឬយោងទប់ : សាវក្តោង, ដងសាវ ។
<< Prev 1 ... 15 16 17 18 19 20 Next >>