Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្វែរ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យវេរ, ឲ្យបែរ, បំបែរត្រឡប់ឲ្យវិញ; លើកផ្តេកវេរឲ្យទៅលើតែមួយៗ ។ (តាមប្រភពពាក្យថាវេរគួរប្រើ ពង្វេរ ប៉ុន្តែធ្លាប់ប្រើ បង្វែរ យូរណាស់ហើយ) ។
-
បង្សុកូល
( ន.នាមសព្ទ )
[ប័ង-សុកូល ឬ ត. ទ. ប័ង-ស្កូល ]
( បា.បាលី ( បាលីភាសា ) )
(បំសុកូល) គំនរអាចម៍ដី, គំនរធូលីឬអ្វីៗដែលប្រឡាក់, ដែលសៅហ្មងដោយអាចម៍ដី, ដោយធូលី ។ សំពត់ដែលគេចោលលើគំនរសំរាមជាដើម ប្រឡាក់សៅហ្មងដោយអាចម៍ដី, ដោយធូលីដែលបព្វជិតក្នុងពុទ្ធសាសនា ទស់ដោយសម្គាល់ថាជារបស់ឥតម្ចាស់ ព្រោះគេបោះបង់ចោល លែងត្រូវការហើយទាញយកមកផ្សែផ្សំធ្វើជាចីវរប្រើប្រាស់តាមពុទ្ធានុញ្ញាត (ចំពោះតែសំពត់មានព័ណ៌សឬលឿង ដែលល្មមយកមកជ្រលក់សម្រួលព័ណ៌បាន; រាប់ថាជាសំពត់ថ្លៃថ្លាវិសេស សម្រាប់បព្វជិតអ្នកមានសន្តោសស្ងប់រម្ងាប់) ។ លុះដល់មកក្នុងសម័យសព្វថ្ងៃនេះ សូម្បីសំពត់ដែលទាយកគេពាក់ឬគ្របលើក្ដារមឈូសជាដើម គេនិមន្តឲ្យបព្វជិតទាញយកទៅទីចំពោះមុខគេ ឬកំបាំងពីមុខគេក៏ហៅសំពត់បង្សុកូលដែរ ។ ខ្មែរយើងប្រើតាមទម្លាប់ប្រទេស, ហៅដំណើរដែលគេនិមន្តភិក្ខុសាមណេរ ឲ្យចាប់កាន់អំបោះ ឬផ្ទាំងសំពត់ដែលតភ្ជាប់ពីសាកសព ឬពីអដ្ឋិធាតុមកសូត្រធម៌ អនិច្ចាវត សង្ខារា... ក៏ហៅ បង្សុកូល ដែរ; ច្រើនប្រើជា កិ. ឬ គុ. ថា និមន្តលោកបង្សុកូល, ធម៌បង្សុកូល; បើក្នុងព្រះបរមរាជវាំង ច្រើនប្រើពាក្យថា និមន្តលោកសត្តប្បករណ៍, ជាពាក្យហៅកាត់ខ្លីក្លាយមកពីពាក្យថា និមន្តលោកសូត្រសត្តប្បករណាភិធម្ម គឺនិមន្តលោកសូត្រព្រះអភិធម្ម៧គម្ពីរ (ដោយសង្ខេប) ។ល។
-
បង្ហក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហក, ធ្វើឲ្យលាប់ ។
-
បង្ហក់
( កិ.កិរិយាសព្ទ )
ធ្វើឮឲ្យហក់, ប្រើឲ្យលោតចុះ ។
-
បង្ហត់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហត់, បង្ហត់គោឡើង-ក ។
-
បង្ហប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហប, ធ្វើឲ្យហត់ម្ហបៗ ។
-
បង្ហប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហប់, ធ្វើឲ្យខ្យល់ចូលមិនរួច ។
-
បង្ហល់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហល់ ។
-
បង្ហា
( ន.នាមសព្ទ )
របាំងបណ្ដោះអាសន្ន សម្រាប់ជ្រកភ្លៀង ជ្រកថ្ងៃ មានសណ្ឋានតែមួយចំហៀងដំបូលផ្ទះ; រោងមានដំបូលតែមួយចំហៀង (ប្រហែលជាពីដើមគេហៅថា បាំងហា គឺប្រក់បាំងតែដំបូលម្ខាង មើលទៅឃើញដូចជាគេហាមាត់ចង្រ្គុងដូច្នេះទេដឹង ?) ។
-
បង្ហា
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហា, ប្រើឲ្យហា, ចាប់បើកឲ្យហាឡើង : បង្ហាមាត់គោឈឺ ដើម្បីច្រកថ្នាំ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>