Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទន្លេសាប
( ន.នាមសព្ទ )
ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយស្រដៀងនឹងសមុទ្រ តែមានទឹកសាប ។ ក្នុងកម្ពុជរដ្ឋយើងមានទន្លេសាបមួយនៅខាងទិសពាយព្យក្រុងភ្នំពេញ ជាទីសម្បូរមច្ឆជាតិបំផុតជាងបឹងជាងទន្លេឯទៀតក្នុងលោក ។ បើស្រាវជ្រាវរកដើមកំណើតពាក្យ ទន្លេសាប នេះ គួរយល់ថា សៀមហៅសមុទ្រថា ទះលេ (អ.ថ. ថៈ ល៉េ), សាប ខ្មែរថា “មិនប្រៃ”, សៀមថា ចឺត (អ.ថ. ជឺត “មិនប្រៃ”), គួរតែសៀមហៅបឹងធំស្រដៀងនឹងសមុទ្រនេះថា ទះលេ ចឺត (ថៈល៉េជឺត)=“សមុទ្រសាប”, មិនដូច្នោះទៅជា ទះលេសាប , ទះលេ ជាពាក្យសៀម, សាប ជាពាក្យខ្មែរ, សៀមថា ទះលេ “សមុទ្រ”, ខ្មែរថា ទន្លេ “មហានទី”, ទន្លេសាប ថា “ទន្លេមិនប្រៃ” គឺទន្លេមានទឹកសាប, តើមាន ទន្លេប្រៃ នៅឯណាដែរឬទេ?--គ្មានទេ, បើគ្មានទន្លេប្រៃទេ ម៉េចក៏មាន ទន្លេសាប ? --បើខ្មែរហៅបឹងធំនោះថា សមុទ្រសាប, សៀមថា ទះល៉េចឺត យ៉ាងនេះវិញទើបសម ។ ប៉ុន្តែយើងកែពាក្យនេះឲ្យទៅជា សមុទ្រសាប ឬ ទះលេចឺត វិញពុំកើតទេ ព្រោះពាក្យថា ទន្លេសាប នេះមានចុះក្នុងផែនទីលោករួចទៅហើយ, ក្នុងសកលលោកគេស្គាល់ថា ទន្លេសាប ឬ ទះលេសាប អស់ទៅហើយ, ត្រូវតែទុកឲ្យនៅដូចដដែល ពុំគួរកែឡើយ ។
-
ទន្សង
( ន.នាមសព្ទ )
ឈ្មោះសត្វជើង ៤ ពួកក្រពើ ពួកត្រកួត តែតូចជាងក្រពើ ធំជាងត្រកួត ។
-
ទន្សា
( ន.នាមសព្ទ )
ដែកមូលឬបួនជ្រុងស្រួចខាងចុង ភ្ជាប់ពីគល់សស្ត្រាមានកាំបិត, ផ្គាក់ជាដើម ជាពន្លួញសម្រាប់ស៊កបញ្ចូលភ្ជ័រភ្ជាប់ក្នុងដងដោយមានមៀនស្រោបពីខាងងក្រៅឬឥតមៀនក៏បាន : ទន្សាកាំបិត, កាន់សំពងខ្លាំងពេក ទាល់តែបាក់ទន្សាអស់ ។ ព. ទ. បុ. មេខាតលក្ខណ៍ ត្រូងនឹងអាបាក់ទន្សា រកស៊ីប្រវេប្រវា លិចកញ្ជង់ លង់កញ្ជើ (និយាយពីប្រពន្ធនិងប្ដីអភ័ព្វ) ។
-
ទន្សា
( ន.នាមសព្ទ )
ឈ្មោះឈើតូចមួយប្រភេទ ពួកទ្រាំង ឬ ពួកស្លាព្រៃ : ដើមទន្សា ។
-
ទន្សាយ
( ន.នាមសព្ទ )
ឈ្មោះសត្វជើង ៤ មិនផឹកទឹក ផឹកតែសន្សើម, ជាសត្វផ្លាងពិបាកផ្សាំង ។
-
ទន្សែ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានដើមសណ្ឋានស្លា ផ្លែមានស្មែង នៅស្រទាប់ធាងមានក្រមរជាផង់ល្អិត ។ ទន្សែនេះ, អ្នកលង្កាទ្វីបគេធ្វើផ្កាវាឲ្យស្រក់ទឹកផ្អែមបាន ដូចផ្កាត្នោតដែរ, មុនដំបូង, កាលបើគេស្ទង់ឃើញថាផ្កាវាមានចំណាស់ល្មមគាបបានហើយ, គេធ្វើជណ្ដើរឫស្សីតូចល្មម, ជណ្ដើរនោះមានកាំខាងលើ ២ ជាចម្ពាមទប់កុំឲ្យក្រឡាច់, គេឡើងទៅក្រសោបសំណុំផ្កា ចងផ្អោបឲ្យណែន, ចង ៧ ថ្ងៃ ក្ដឹបក៏ទុំទាំងអស់ គ្រាន់តែស្រាយចំណងចេញ ក្ដឹបទាំងនោះក៏ជ្រុះអស់ នៅសល់តែស្មែងគេប្រមូលទងស្មែងឲ្យល្មមតែគាបកើត ចងជាដុំតូចៗ ច្រើនដុំ ឥតកាត់ចោលទេ, លុះគម្រប់ ៧ ថ្ងៃ គេយកគំនាបសំប៉ាត ដូចគំនាបត្នោតឈ្មោល គាប ៣ ថ្ងៃ គេយកកាំបិតយ៉ាងមុតចិត ដូចចិតផ្កាត្នោតដែរ, ក៏ស្រក់ទឹកផ្អែមមក, គេត្រងនឹងក្វាងមានទំហំមាត់ល្មមតែចុះសំណុំផ្កាដែលគេចងនោះ, បានទឹកផ្អែម គេអាចរំងាស់ធ្វើស្ករបានដូចត្នោតដែរ, ងាយធ្វើជាងត្នោត ព្រោះមិនខ្លាចធ្លាក់ដូចត្នោតទេ; ស្ករទន្សែផ្អែមខ្សោយបន្តិចជាងស្ករត្នោតមិនរងាន់ទេ ។ ទន្សែបញ្ចេញផ្កាឥតរដូវដូចត្នោតទេ, គួរយើងធ្វើល្បងមើល, ក៏គង់នឹងបានដឹងដោយងាយ, បើធ្វើកើត, មានប្រយោជន៍សំខាន់ណាស់, គួរតែយើងពិសោធន៍មើល : ដីនៅប្រទេសយើងងាយដាំទន្សែណាស់គួរតែដាំត្រង់ដីទំនេរៗឲ្យមានច្រើនឡើង ។
-
ទន្សោង
( ន.នាមសព្ទ )
ឈ្មោះសត្វជើង ៤ ពួកគោព្រៃ ។
-
ទប់
( កិ.កិរិយាសព្ទ )
បិទ, រាំង, ខាំង, ឃាត់, អត់, អត់សង្កត់, គាំ, គាំឲ្យនឹង : ទប់ទឹក, ទប់ចិត្ត, ទប់ខ្លួន, ទប់ចែវ, យកជើងទប់ ។ល។
-
ទប់ទល់
( កិ.កិរិយាសព្ទ )
ទប់ផងទល់ផង, ទល់ឲ្យនឹង, ទល់គាំទ្រ; អត់សង្កត់ : កុំមើលបំណាំ, គួរជួយទប់ទល់គ្នាផង !
-
ទព្វបុរស
( ន.នាមសព្ទ )
[ទ័ប-ពៈ-បុរ៉ាស់]
( បា.បាលី ( បាលីភាសា ) )
បុរសអ្នកមានប្រាជ្ញាឈ្លាសវៃ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>