Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សង្ឃា
( ន.នាមសព្ទ )
ឈើតូចមួយប្រភេទ ពួកសង្ឃ័រ ស្លឹកនិងផ្លែទ្រើសៗជាងសង្ឃ័រ ផ្លែទុំមានរសជូរអែម បរិភោគបាន ។
-
សង្ឃាដី
( ន.នាមសព្ទ )
[តាមទម្លាប់ សង់ឃ្ដី, ជើង ដ]
( បា.បាលី ( បាលីភាសា ) )
(សង្ឃាដិ) សំពត់ឃ្នាបឬសំពត់សម្រាប់ពាក់ពាត គឺសំពត់ដែលដេរគួបគ្នាជាពីរជាន់ឬបួនជាន់ មានផ្ទាំង ខ្ទង់ សង្កាត់ដូចគ្នានឹងឧត្តរាសង្គៈដែរ, ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, សម្រាប់ប្រើឃ្លុំការពាររងា, សម្រាប់បត់ជាផ្នត់ពាក់ពាតលើឧត្តរាសង្គៈក្នុងកាលធ្វើសង្ឃកម្ម ឬបត់ប្រើជាកម្រាលសិងមួយដងមួយកាលក៏បាន : ភិក្ខុតម្រួតសង្ឃាដីជាមួយនឹងឧត្តរាសង្គៈ ឃ្លុំចូលទៅក្នុងភូមិ; ភិក្ខុពាក់សង្ឃាដីធ្វើឧបោសថកម្ម (ព. ពុ.) ។
-
សង្ឃាត
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ពួក, បន; ហ្លូង; ប្រជុំ; ឃ្នាប ។ ឈ្មោះឋាននរកធំមួយហៅ សង្ឃាតនរក ។
- សង្ឃាតនាវា ឬ - នាវាសង្ឃាត ទូលឃ្នាបឬទូកខ្នាន គឺទូកពីរដែលគាបអមគ្នា ។
-
សង្ឃិក
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ) )
ដែលជារបស់សង្ឃ ។ ព. ផ្ទ. បុគ្គលិក ។
- សង្ឃិកបរិភោគ (--កៈ--) ការប្រើប្រាស់របស់សង្ឃក្នុងកិច្ចការឬក្នុងអំណាចសង្ឃ (ព. វិ.) ។ ព. ផ្ទ. បុគ្គលិកបរិភោគ ។
- សង្ឃិកភណ្ឌ ឬ - --វត្ថុ (--កៈ--) ទ្រព្យឬវត្ថុជារបស់សង្ឃ (ព. ពុ.) ។ល។
-
សង្ឃឹក
( ន.នាមសព្ទ )
ពាក្យប្រើក្លាយមកពី សង្ឃិក “ជារបស់សង្ឃ”, ជាឈ្មោះប្រដាប់មួយប្រភេទ មានជើង៤, មានដង២, មានរនាប, មានជញ្ជាំងតឿជារបាំង សម្រាប់ដាក់គ្រឿងបរិក្ខារច្រើនមុខ បម្រុងនឹងប្រគេនភិក្ខុសង្ឃ ឬប្រគេនភិក្ខុតែមួយរូបក៏បាន : សង្ឃឹករណ្តាប់អង្គកថិន; គ្រឿងបរិក្ខារមួយសង្ឃឹក ។ ប្រើក្លាយមកទៀត, សូម្បីប្រដាប់ធ្វើដោយកំណាត់ដើមចេកនិងស្រទបចេក មានទ្រង់ទ្រាយស្រដៀងគ្នានុះដែរ សម្រាប់ដាក់គ្រឿងសំណែនបណ្តែតតាមខ្សែទឹក ឬសែងទៅដាក់លើគោកឲ្យពួកបិសាច ក៏ហៅ សង្ឃឹក ដែរ, គេធ្វើក្នុងកាលដែលស្រុកកើតជំងឺអហិវាតជាដើម : ស្រុកកើតជំងឺអ្នកស្រុកនាំគ្នាជូនសង្ឃឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្ឃិក>សង្ឃិក ផង) ។
-
សង្ឃឹម
( កិ.កិរិយាសព្ទ )
នឹកផ្គងគំនិតទុកថាមុខជានឹងបានសម្រេចដូចបំណង, មានសេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន : សង្ឃឹមថាមុខជានឹងបាន; ម្តាយសង្ឃឹមកូន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ម្តាយសង្ឃឹមកូន បងនិងប្អូនទាំងពីរប្រាណ ថាមុខជានឹងបាន ថែរក្សាមាតាចាស់ ។ ឥឡូវខុសបំណង បែរជារងឯកម្មក្រាស់ លំបាកពន់ពេកណាស់ ព្រោះកម្មចាស់របស់ខ្លួន ។ ប្រើជា ន. ផងក៏បាន : មានសង្ឃឹម, អស់សង្ឃឹម ។
-
សង្ឃុដ្ឋសព្ទ
( ន.នាមសព្ទ )
[សង់ឃុត-ឋៈ ស័ប]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សង្ឃុដ្ឋ + សទ្ទ; សំឃុឞ្ត + ឝព្ទ) សូរគឹកកង, សូរកងរំពង, សូរទ្រហឹងអឺងកង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សង្ឃុដ្ឋសព្ទ ទ្រហឹងអឺងអាប់ តើសូរសព្ទអ្វី ចូររត់ទៅសួរ ឲ្យដឹងសេចក្ដី ទោះការណ៍អ្វីៗ ចូរវិលវិញឆាប់ ។
-
សង្ឃ័រ
( ន.នាមសព្ទ )
ឈើតូចមួយប្រភេទ មានបន្លាខុបៗ ផ្លែតូចៗវេលាទុំ ឡើងសម្បុរក្រមៅ មានរសជូរអែម បរិភោគបាន : ផ្លែសង្ឃ័រទុំ គេអាចទុកបានយូរថ្ងៃ ។
-
សង្ឃ្រាជ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្រ្គាជ) ។
-
សង្រួបសង្រួម
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរួបរួមគ្នា, នាំឲ្យសះជានឹងគ្នា : សង្រួបសង្រួមឲ្យជានឹងគ្នា ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>