Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សង្វារ
( ន.នាមសព្ទ )
[សង់វ៉ា ]
( ស.សៀម ( ភាសាសៀម ) )
(ស័ងវាល អ. ថ. --វ៉ាន) ខ្សែវិចិត្រមួយបែប សម្រាប់ពាក់ឆៀង ប្រើជាគ្រឿងប្រដាប់កាយ : ពាក់សង្វារ ។
-
សង្វាស
( ន.នាមសព្ទ )
[សង់-វ៉ាស ]
or សំវាស (ស័ង-វ៉ាស)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំវាស) ការនៅរួមគ្នា, ការនៅជាមួយគ្នា; ការរួមបវេណី : មានសង្វាសស្មើគ្នា; រួមសង្វាស ។ បើដាក់រួមភ្ជាប់ជាមួយនឹងសព្ទដទៃ ច្រើនប្រើ សំវាស ជាង សំវាសត្ថេនកៈ (ស័ងវ៉ាស័ត-ថេន៉ៈកៈ) ការលួចសង្វាស គឺសាមណេរដែលបួសត្រឹមត្រូវតាមច្បាប់ ហើយក្លែងខ្លួនជាភិក្ខុចូលធ្វើកិច្ចផ្សេងៗ ស្មើគ្នានឹងពួកភិក្ខុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថេយ្យសំវាសកៈ>ថេយ្យសំវាសកៈ, លិង្គត្ថេនកៈ និង ឧភយត្ថេនកៈ ផង) ។
-
សង្វិត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[សង់វ៉ិត]
ដែលស្វិត ឬអ្វីៗដែលស្វិត : ស្លឹកសង្វិត, ដោះសង្វិត, ពោះសង្វិត។
-
សង្វិល
( គុ.គុនសព្ទ )
[សង់វ៉ិល]
ដែលមានមាត្រតូចស្ដើង : រាងសង្វិល, តូចសង្វិល ។
- សង្វិលវ៉ិល សង្វិលក្រៃពេក : រាងសង្វិលវ៉ិល ។
-
សង្វៀន
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ស័ងវើ្យន អ. ថ. --វៀន) ទីដែលបាំងព័ទ្ធជុំវិញ ដូចជាក្រោល សម្រាប់បញ្ជល់មាន់ជាដើម : សង្វៀនមាន់, មេសង្វៀន ។
-
សង្វេគ
( ន.នាមសព្ទ )
[សង់-វេក ឬ --វ៉ែក]
or សំវេគ (ស័ង-វេក)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំវេគ) សេចក្ដីស្លុតចិត្ត, ដំណើរតក់ស្លុត, ការនឹកខ្លាចអំពើអាក្រក់, ការរំពឹងឃើញសេចក្ដីទុក្ខលំបាក; ដំណើរនឹកអាណោចអាធម្ម; សេចក្ដីនឹកអាណិតទៅរកអ្នកដែលរងទុក្ខលំបាក : កើតសង្វេគ, មានសង្វេគ ។ ខ្មែរប្រើជា កិ. ក៏បាន : គួរឲ្យសង្វេគ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃច្រើនប្រើ សំវេគ ជាង អ. ថ. ស័ងវេគៈ, ដូចជា : សំវេគភាព ភាពនៃសង្វេគ ។
- សំវេគសមុដ្ឋាន ហេតុដែលនាំបណ្ដាលឲ្យកើតសង្វេគ ។ល។
-
សង្វែង
( ន.នាមសព្ទ )
[សង់វ៉ែង]
កាលឬទីដែលវែង, ដែលអង្វែង, ដែលឆ្ងាយក្រៃពេក; ច្រើននិយាយថា ដាច់សង្វែង គឺដាច់ឆ្ងាយឬឃ្លាតឆ្ងាយក្រៃពេក : ផ្លូវឆ្ងាយដាច់សង្វែង ។
-
សង្វោយ
( ន.នាមសព្ទ )
[សង់វ៉ោយ]
គ្រឿងសោយ, ព្រះស្ងោយ, សំណែន (ហៅចំពោះតែអាហារដែលបូជាទេវតា) : សង្វោយទេវតា (សម្រាប់ក្សត្រិយ៍, បុរាណហៅ ព្រះស្វោយ; សម័យបច្ចុប្បន្នហៅ ព្រះស្ងោយ) ។
-
សង្សារ
( ន.នាមសព្ទ )
[សង់សា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំសារ) ដំណើរអន្ទោលទៅមក, ដំណើរអន្ទោលកើតស្លាប់មិនឈប់មិនស្រាក : សង្សាររបស់ពួកពាល វែងឆ្ងាយឥតអ្វីប្រៀប ។ ខ្មែរប្រើសំដៅសេចក្ដីថា “ស្ត្រីជាគូកំសត់; ស្ត្រីជាសហាយស្មន់” ក៏មាន : ស្រីនុ៎ះជាសង្សាររបស់គេ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សង់-សារ៉ៈ, ដូចជា : សង្សារចក្រ ដំណើរអន្ទោលកើតស្លាប់ៗ កើតវិញដូចជាកង់ ។
- សង្សារទុក្ខ ទុក្ខក្នុងសង្សារ, ទុក្ខព្រោះដំណើរអន្ទោលកើតស្លាប់ ។
- សង្សារទោស ទោសក្នុងសង្សារ, ទោសសម្រាប់សង្សារ ។
- សង្សារព័ន្ធន៍ (--ព័ន) ចំណងគឺសង្សារ, ដំណើរអន្ទោលកើតស្លាប់ដែលទុកដូចជាចំណង ។
- សង្សារភព ភពសម្រាប់អន្ទោលកើតស្លាប់ ។
- សង្សារភ័យ ភ័យអំពីដំណើរអន្ទោលកើតស្លាប់ ។
- សង្សារមោក្ខ ឬ - --វិមោក្ខ ការរួចចាកដំណើរអន្ទោលកើតស្លាប់ (ការបានសម្រេចអរហត្តផល) ។
- សង្សារលោក លោកគឺសង្សារ, ដំណើរអន្ទោលកើតស្លាប់ ទុកថាជាលោក (មួយយ៉ាង) ។
- សង្សារវដ្ត ដំណើរវិលកើតវិលស្លាប់ ។
- សង្សារសមុទ្ទ ឬ
- --សាគរ ដំណើរអន្ទោលកើតស្លាប់ឆ្ងាយទូលាយធំធេងដូចសមុទ្ទ ។ល។
-
សង្ស័យ
( ន.នាមសព្ទ )
[សង់សៃ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំសយ; សំឝយ) សេចក្ដីឆ្ងល់, ដំណើរងឿងឆ្ងល់, ដំណើរមិនអស់មិនហើយក្នុងចិត្ត : មានសង្ស័យ, អស់សង្ស័យ ។ ខ្មែរប្រើជា កិ. ផងក៏បាន “ឆ្ងល់, ងឿងឆ្ងល់, មិនអស់មិនហើយក្នុងចិត្ត” : ខ្ញុំសង្ស័យណាស់; កុំសង្ស័យឡើយ ។
<< Prev 1 ... 15 16 17 18 19 20 Next >>