Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្ងារ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ប្រែយកពោះមកខាងលើ យកខ្នងទៅខាងក្រោមឬយកមុខមកខាងលើយកក្រោយទៅខាងក្រោម : ផ្ងារប្រអប់; ដាក់ផ្ងារ, ដេកផ្ងារ, ដួលផ្ងារ ។
- ផ្ងារស្រទាង ផ្ងារដូចគេត្រដាង ។ ផ្ងារចង្គ្រាង ផ្ងារច្រងាង ។ ព. ផ្ទ. ផ្កាប់ ។
-
ផ្ងាវ
( គុ.គុនសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ស ថា :
- ដាវសផ្ងាវ គឺដាវដែលមានសម្បុរ-សភ្លឺស្ងាច ។
-
ផ្ងុប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យងប់ចុះ, ឲ្យទោរទៅមុខ : ផ្ងុបចុះ, ចាប់ផ្ងុប ។ (តាមប្រភពពាក្យថា ងប់ (ធ្វើឲ្យ ងប់ ចុះ) គួរប្រើ ភ្ងប់ ប៉ុន្តែដោយធ្លាប់ប្រើ ផ្ងុប យូរហើយ ក៏ត្រូវតែប្រើតទៅទៀតចុះ, ឬបើត្រូវការប្រើ ភ្ងប់ ក៏សឹងតែបាន) ។
-
ផ្ងូត
( កិ.កិរិយាសព្ទ )
ញ៉ាំងឲ្យងូត, ងូតទឹកឲ្យ : ម្ដាយងូតទឹកកូន ។ (តាមប្រភពពាក្យ ងូត (ញ៉ាំងអ្នកដទៃឲ្យ ងូត) គួរតែប្រើ ភ្ងូត ប៉ុន្តែធ្លាប់តែប្រើ ផ្ងូត យូរហើយ, ឬបើត្រូវការប្រើ ភ្ងូត ក៏សឹងតែបាន) ។
-
ផ្ងើយ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យងើយ, ចាប់ឲ្យងើយ : ផ្ងើយឡើង, ចាប់ផ្ងើយ ។ (ប្រើជា ភ្ងើយ តាមប្រភពពាក្យថា ធ្វើឲ្យ ងើយ ក៏សឹងតែបាន) ។
-
ផ្ងំ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យងំ, ដាក់បង្អង់ទុកឲ្យងំដោយចំហាយក្ដៅ : ផ្ងំបាយ ។ ព. ប្រ. នៅដំអក់យូរជ្រងំមានអាការដូចគេផ្ងំបាយ : ចុះផ្ងំនៅដល់ណាទៀត ! (ប្រើជា ភ្ងំ តាមប្រភពពាក្យថា ធ្វើឲ្យ ងំ ក៏សឹងតែបាន) ។
-
ផ្ចង់
( កិ.កិរិយាសព្ទ )
ធ្វើដោយពេញចំណង់ គឺធ្វើអ្វីៗដោយពិនិត្យពិច័យ ។
- ផ្ចង់ចិត្ត តាំងចិត្តដោយប្រុង ។
-
ផ្ចប់ៗ
( ឧ.ឧទានសព្ទ )
or ផ្ចាប់ៗ
សូរឮដោយជញ្ជាប់មាត់ ឬដោយត្របាក់ស៊ី ។
-
ផ្ចាច់
( កិ.កិរិយាសព្ទ )
ចាប់ទង្គិចគូទ (ព. សា.) ។
-
ផ្ចាញ់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យចាញ់ ។
- ផ្ចាញ់ផ្ចាល ឬ - ផ្ចាលផ្ចាញ់ ធ្វើឲ្យចាញ់ឲ្យរាងចាលលែងហ៊ានតទៅទៀត ឬផ្តន្ទាបង្អាប់បង្អោនឲ្យមានអៀនអន់រាងចាល ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>