Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ្លែង
( កិ.កិរិយាសព្ទ )
ពោលរៀបរាប់, ពោលបន្ត, សម្ដែងតាមរបៀបហូរហែរ : ថ្លែងសុន្ទរកថា, ថ្លែងសេចក្ដី ។
-
ថ្លែន
( ន.នាមសព្ទ )
ឈ្មោះសត្វមួយប្រភេទពួកបង្កួយ សម្បុររលើបដូចគេលាបប្រេង ។
-
ថ្លៃ
( ន.នាមសព្ទ )
តម្លៃ : ត្រូវសួរឲ្យដឹងថ្លៃសិន, របស់នេះថ្លៃប៉ុន្មាន ? , ទំនិញឡើងថ្លៃ ។
-
ថ្លៃ
( គុ.គុនសព្ទ )
ដែលមិនមានជាសាច់បង្កើត : បងថ្លៃ, ប្អូនថ្លៃ, សាច់ថ្លៃ ។
- ថ្លៃបង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) នាងមានតម្លៃរបស់បង ។
- ថ្លៃថ្លា ឬ ថ្លាថ្លៃ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ថ្លៃស្រស់ថ្លា ។
- ថ្លៃពិសី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ពិសីមានតម្លៃ ។ល។
-
ថ្លៃ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានតម្លៃ : កាលពីដើមក្រប្រាក់ណាស់, ស្រូវ ១ ហាប ថ្លៃ ៣ រៀល; ប្រអប់នេះថ្លៃណាស់; លក់ថ្លៃណាស់ ។ ព. ផ្ទ. ថោក ។
-
ថ្លៃថ្នូរ
( គុ.គុនសព្ទ )
មានតម្លៃគួរលើកសរសើរ គួររាប់អាន : មនុស្សនេះ ឫកថ្លៃថ្នូរណាស់, របស់នេះថ្លៃថ្នូរណាស់ ។ ន. មនុស្ស, សត្វ, ឬអ្វីៗ ដែលមានតម្លៃគួរសរសើរ គួររាប់អាន ។
-
ថ្លោស
( គុ.គុនសព្ទ )
ធាត់ធំ, ពេញសាច់ (កូនតូច, ផ្លែឈើ) : កូននេះថ្លោសណាស់; ឆ្នាំនេះទឹកភ្លៀងស្រួល ផ្លែឈើច្រើនថ្លោស ។
- ថ្លោសចិត្ត ថ្លោសគំនិត គឺទ្រើសចិត្ត ទ្រើសគំនិត; សម្ដីថ្លោស គឺពាក្យព្រហើន ។
-
ថ្លោះ
( កិ.កិរិយាសព្ទ )
របូត, ភ្លាត់; ទាស់; ធ្លាក់, ប្រែ; វិនាស, ខូច :
- ថ្លោះកៃ គឺរបូត ឬភ្លាត់កៃ;
- ថ្លោះការ គឺភ្លាត់ការ ឬទាស់ការ;
- ថ្លោះមុខ គឺធ្លាក់ទឹកមុខ ឬប្រែទឹកមុខ;
- ថ្លោះសរសៃ គឺទាស់សរសៃ;
- ថ្លោះងារ ឬ ថ្លោះបុណ្យស័ក្តិ គឺធ្លាក់ងារ ឬខូចបុណ្យស័ក្តិ ។ល។
-
ថ្លោះធ្លោយ
( កិ.កិរិយាសព្ទ )
ភ្លាត់ជ្រុលដោយធ្លោយគំនិត : ត្រូវប្រុងប្រយ័ត្ន កុំឲ្យថ្លោះធ្លោយខូចការ ។
-
ថ្វាក
( គុ.គុនសព្ទ )
ដែលលាសងាកកន្ធែកចេញទៅខាង : ក្របីស្នែងថ្វាក ។
<< Prev 1 ... 15 16 17 18 19 20 Next >>