Khmer Dictionary: ហត្ថ
Chuon Nath's Khmer-Khmer Dictionary
-
ហត្ថិលិង្គ
( ន.នាមសព្ទ )
[ហ័ត-ថិលឹង]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< ហត្ថី “ដំរី” + លិង្គ “ភេទ, បែបភាព”; ហស្តិន៑ > ហស្តី + លិង្គ) សត្វបក្សីមួយប្រភេទ មាឌធំសម្បើម មានរូបសណ្ឋានស្រដៀងនឹងដំរី មានចំពុះ មានក្រញាំជើងធំមាំ មានចំអេងស្លាបធំវែង អាចឆាបឆក់សត្វធំៗ មានម្រឹគជាដើម យកធ្វើជាចំណីរបស់វាបាន មានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្ត វាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗ ព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថា សត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទ បរន្តបៈ វានាំយកព្រះនាងទៅដាក់លើប្រគាបឈើ ព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រ គឺ ឧទេនកុមារ ដែលតមក បានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតា មានព្រះកិត្តិនាមថា ព្រះបាទឧទេន ទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃ មានល្បីក្នុងផ្ទៃរឿងនិទានជាប់មានជាប្រពៃណី ឲ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិក យកព្រះបរមនាមនោះមកតាំងជាឋានន្តរគឺងារនៃពួកមន្រ្តីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យ ក្នុងរជ្ជកាលសម័យបុរាណ មានពាក្យថា ឧទេនៗ មាន ភក្តីឧទេន, ជំនិតឧទេន, ឧទេនស្នេហា ជាដើម ។ ឃើញថា ក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន (ប្រើជា ហត្ថីលិង្គ ឲ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន) ។
-
ហត្ថី
( ន.នាមសព្ទ )
[ហ័ត-ថី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហស្តិន៑) សត្វមានដៃ គឺមានប្រមោយ (ដំរីឈ្មោល); បើញីជា ហត្ថិនី ។ រ. ស. ព្រះទីន័ងហត្ថី ដំរីឈ្មោលជាជំនិះក្សត្រិយ៍ទ្រង់រាជ្យ (ព្រះទីន័ងគជេន្រ្ទ) ។
- ហត្ថាចារ្យ (--ចា; បា. ហត្ថី + សំ. អាចាយ៌) អ្នកបង្ហាត់ដំរី (ហ្មដំរី) ។
- ហត្ថានីក (បា. ហត្ថី + អនីក “ពួក, កង, ប្រជុំ”) កងទ័ពអ្នកជិះដំរី (កងទ័ពដំរី) ។ល។