Khmer Dictionary: ល្បិចចៅក្រម
Chuon Nath's Khmer-Khmer Dictionary
-
ល្បិចចៅក្រម
( ន.នាមសព្ទ )
ល្បិចរបស់ចៅក្រមអ្នកជំនុំជម្រះក្តី ។ ក្នុងសតវត្សរ៍ទី ២៣ នៃពុទ្ធសករាជ ត្រូវគ្នានឹងសតវត្សរ៍ទី ១៧ នៃគ្រិស្តសករាជ ព្រះបាទសម្ដេចព្រះជ័យចេស្ដាព្រះមហាក្សត្រិយ៍នៃប្រទេសកម្ពុជា ទ្រង់មានព្រះរាជបញ្ជាឲ្យពួកបណ្ឌិតរៀបចំរបៀបជាល្បិចនៃចៅក្រមអ្នកជំនុំជម្រះក្ដី ឲ្យបានទៀងទាត់តាមសុចរិតយុត្តិធម៌ ឲ្យងាយពិនិត្យពិភាក្សារកការណ៍ពិត ដោយល្បិច ៤ យ៉ាង ដែលហៅជាពាក្យ បាលីសន្មត ថា មន្ទលេន, សេនបទ, មណ្ឌុកដ, សីហលោ ។ ល្បិចចៅក្រមទាំងបួនយ៉ាងនេះ មានសេចក្ដីអធិប្បាយថា : ១-មន្ទលេន (មន់-ទៈលេន) ន. (បា. ស. មន្ទ “ទន់, ទន់ភ្លន់, ស្រទន់; សន្សឹមៗ; តិច” + លេន “សន្ទុះ, ល្បឿន; ការស្ទាបស្ទង់”) ល្បិចឈ្មោះ មន្ទលេន នេះមានអត្ថន័យថា ចៅក្រមត្រូវពិចារណានូវអធិករណ៍ គឺរឿងក្តី តាមពាក្យចោទនិងឆ្លើយ ដែលស្ទាបស្ទង់ឃើញថា មុនបង្អស់មិនគួរកញ្ឆក់កញ្ឆែងទេ ក៏ប្រើល្បិចសុភាពទន់ភ្លន់សន្សឹមៗ ប្រៀបប្រដូចនឹងទឹកដែលហូររិញៗមិនហូរគំហុកខ្លាំង ហូរធ្លាក់ចុះទៅក្នុងស្រះឬត្រពាំង ដក់បានជាទឹកពេញទីនោះគួរដល់ការប្រើប្រាស់បានដូច្នោះឯង; បើចៅក្រមប្រើល្បិចនេះទៅឃើញការណ៍ពិតសព្វគ្រប់ហើយ ក៏សម្រេចសេចក្ដីឲ្យអធិករណ៍នោះចប់ស្រេចដោយប្រពៃបានត្រឹមប៉ុណ្ណោះទៅ ។ ២-សេនបទ (សេន៉ៈបត់ ឬ សែន៉ៈបត់) ន. (បា. សេន “សត្វខ្លែង” + បទ “ដំណើរ; ផ្លូវ, គន្លង; ហេតុ; ឧបាយ; ...”; សំ. ឝ្យេន + បទ) ល្បិចឈ្មោះ សេនបទ នេះមានអត្ថន័យថា ចៅក្រមត្រូវពិនិត្យពិចារណានូវរឿងក្តីតាមពាក្យចោទនិងចម្លើយ ដោយប្រើល្បិចស្ទាបស្ទង់មើល យកតម្រាប់សត្វខ្លែងដែលវាឆាបអ្វីៗមានកូនមាន់ជាដើមជាចំណីរបស់វា, ធម្មតាសត្វខ្លែងមុននឹងឆាបកូនមាន់ជាដើម វាត្រូវហើររេរាៗកេលកុងស្ទង់មើលសិន បើលុះតែឃើញមានទំនងឱកាសល្មមឆាបឆក់បានទើបវាសម្លបស្លាបឆាបចុះហើយវាហើរប៉េវឡើងទៅ; បើចៅក្រមយល់ឃើញថា ត្រូវប្រើល្បិចរិះរេបែបសត្វខ្លែង ហើយគ្រញិចសម្រេចសេចក្ដីឲ្យអធិករណ៍ បានចប់ដោយសុចរិតយុត្តិធម៌ហើយ ក៏ទុកជាស្រេចត្រឹមប៉ុណ្ណោះទៅ ។ ៣-មណ្ឌុកដ (ម័ន-ឌុកត់ ឬ មន់--) ន. (បា. មណ្ឌុក ឬ មណ្ឌូក “កង្កែប” + កត > កដ “ដែលធ្វើ គឺការលោត”) ល្បិចឈ្មោះ មណ្ឌុកដ នេះមានអត្ថន័យថា ចៅក្រមត្រូវពិនិត្យពិចារណានូវអធិករណ៍តាមពាក្យចោទនិងចម្លើយ ដែលលៃស្ទង់មើលឃើញថា រឿងនេះត្រូវប្រតិបត្តិតាមតម្រាប់កង្កែបលោត, ធម្មតាកង្កែប វាមិនលោតឥតឈប់បង្អង់សោះទេ, វាតែងតែលោតផ្លោតៗ ហើយឈប់បង្អង់ម្តងៗបន្តិចៗហើយទើបវាលោតផ្លោតៗតៗទៅទៀត, ចៅក្រមក៏ត្រូវធ្វើយ៉ាងនោះដែរ គឺត្រូវស្ទាបស្ទង់មើល កុំប្រញាប់ប្រញាល់រួសរាន់ពេក, បើអធិករណ៍ហុចដំណើរឲ្យមក ឃើញថាគួរវិនិច្ឆ័យបានហើយសឹមសម្រេចសេចក្ដីឲ្យរឿងនោះចប់ស្រេច ដោយសុចរិតយុត្តិធម៌ត្រឹមប៉ុណ្ណោះទៅ ។ ៤-សីហលោ (សីហៈលោ) ន. (បា. សីហ “សត្វសីហៈ” + លោ < លា “កាត់, កាត់ផ្តាច់; កាន់, កាន់យក” ជា បា. ស. ថា សីហលោ) ល្បិចឈ្មោះ សីហលោ នេះមានអត្ថន័យថា កាលបើចៅក្រមពិនិត្យពិចារណាឃើញរឿងនោះមានព័ស្តុតាងច្បាស់ក្រឡែត មិនគួរឲ្យសង្ស័យទេ ប៉ុន្តែបុគ្គលអ្នកជាប់ចោទអង់អាចរបឹងរបាញក្អេងក្អាងហួសហេតុពេក មិនព្រមទទួលសារភាពតាមការណ៍ពិតសោះ, ចៅក្រមត្រូវប្រើអាការគំរាមសម្លុតតាមមាត្រាច្បាប់ ឲ្យបុគ្គលនោះស្លុតគាំងកឿងក្រទាំងហើយឆ្លើយឲ្យការណ៍តាមពិតត្រង់ ដោយចៅក្រមយកតម្រាប់តាមសីហៈ ដែលវាបន្លឺសីហនាទ ស្រែកសន្ធាប់ម្រឹគហើយវាខាំសម្លាប់យកជាចំណីវាដូច្នោះដែរ, ហើយចៅក្រមវិនិច្ឆ័យសម្រេចសេចក្ដី ដោយសុចរិតយុត្តិធម៌ ឲ្យចប់ស្រេចត្រឹមប៉ុណ្ណោះទៅ ។ (ល្បិចចៅក្រម ទាំង ៤ យ៉ាងនេះ ហៅថា ល្បិចព្រះជ័យចេស្តា ឬ ច្បាប់ព្រះជ័យចេស្តា; កាលពីដើម យើងពុំបានឃើញច្បាប់ដើម ក៏ចេះតែអានខុសខ្លះ, លុះយើងស្រាវជ្រាវឃើញសាស្រ្តាស្លឹករឹតចាស់ខ្មៅជាច្បាប់ដើមទើបយើងស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដោយត្រឹមត្រូវហើយ) ។ (កាព្យសម្រាប់ឲ្យងាយចាំ ល្បិចចៅក្រម) : មន្ទលេន-សេនបទ ទាំងមណ្ឌុកដ និងសីហលោ ទាំងបួននេះជា រាជោវាទោ នៃក្សត្រិយ៍សេដ្ឋោ ព្រះជ័យចេស្ដា ។ មហាក្សត្រិយ៍ខ្មែរយើង ស្ដេចមានឫទ្ធិ៍ថ្កើង ទ្រង់បានប្រាប្ដា-ភិសេកហើយស្រេច ស្តេចទ្រង់បញ្ជា ឲ្យប្រាជ្ញព្រឹទ្ធា តែងល្បិចចៅក្រម ។ ជាពាក្យបាលី សន្មតសេចក្ដី ដោយការផ្សែផ្សំ ក្រឹត្យទុកជាច្បាប់ សម្រាប់ចៅក្រម កាត់ក្តីឲ្យសម នឹងយុត្តិធម៌ ។ (មិនមែនសម្រាប់តែចៅក្រមគ្រហស្ថទេ ទោះទាំងចៅក្រមបព្វជិត ក៏គួរប្រើល្បិចចៅក្រមទាំង ៤ យ៉ាងនេះបានដែរ) ។
Headley's Khmer-English Dictionary
-
No matching entries found!