១) (ប) ជើណាសូមអូនកុំខឹង ព្រលឹងកែវអ្ហើយ ខឹងនឹងរៀមរ៉ា(២ដង) បងមកពីនាយព្រោះចិត្តប្រាថ្នា កំសាន្តគង្គាប្រណាំងទូកលេង ឱណាកែវណានាងណា កំសាន្តគង្គាប្រណាំងទូកលេង។ ២) (ស) ជើណាប្រុសព្រើលកុំប្រាជ្ញ ធ្វើឬកកោងកាច មិនចេះខ្លាចក្រែង(២ដង) ជៀសចេញអោយឆ្ងាយកុំចង់ប្រឡែង មុខដូចអ្នកឯងខ្ញុំមិនត្រូវការ ឱណាកែវណាអ្នកណា មុខដូចអ្នកឯងខ្ញុំមិនត្រូវការ។ ៣) (ប) ជើណាខ្ញុំមិនសុំស្នេហ៍ រូបបងគ្រាន់តែសូមសាកមួយក្តារ(២ដង) ចែវគាស់ៗអោយស្មើគ្នា ចំាមើលខាងណាឆាប់ហត់ជាង ឱណាកែវណានាងណា ចំាមើលខាងណាឆាប់ហត់ជាង។ ៤) (ស) ជើណាប្រុសឬកដូចម្ហាត កុំចង់ប្រមាថ មិនព្រមមើលរាង(២ដង) ត្រូវចេះស្គាល់ពូជ ចេះស្គាល់ទំនៀម តិចទះកំផ្លៀងអោយស្គាល់ដៃស្រី ឱណាកែវណាអ្នកណា តិចទះកំផ្លៀងអោយស្គាល់ដៃស្រី។ ៥) (ប) ជើណា អាងខ្លួនមានទ្រព្យ ពោលពាក្យមិនគាប់ អួតអាងសម្តី(២ដង) ប្រើឬកកោងកាច ខុសនឹងច្បាប់ស្រី តែខ្ញុំមិនខ្ចីប្រកាន់ស្រីទេ ឱណាកែវណានាងណា តែខ្ញុំមិនខ្ចីប្រកាន់ស្រីទេ។ |