Khmer Dictionary: ឧកញ៉ា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សុរិន្ទាធិបតី
( ន.នាមសព្ទ )
[ រ៉ិន-ទា-ធិប៉ៈ ដី ]
អ្នកត្រួតស្រុកសុរិន្ទ ។ ឋានន្តរមន្រ្តីខ្មែរទីចៅហ្វាយស្រុកសុរិន្ទក្នុងសម័យពីដើម : ឧកញ៉ាសុរិន្ទាធិបតី... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុរិន្ទ និង អធិបតី ផង) ។ ប្រើជា សំ. ថា សុរេន្រ្ទាធិបតី ក៏បាន ។
-
អក
(មើលក្នុងពាក្យ អករ៍ និង ឧកញ៉ា, ឧកហ្លួង) ។
-
អ្នក
( ន.នាមសព្ទ )
[នាក់]
(ជាអញ្ញត្រសព្ទ) បុគ្គល, ជន, មនុស្ស ។ ពាក្យសម្រាប់នាំមុខសព្ទដទៃ, ប្រើបានតាមគួរដល់ការប្រកប, ដូចគ្នា
- អ្នកការ ឬ - អ្នកកាន់ការ, អ្នកធ្វើការ បុគ្គលដែលធ្វើការឬដែលកាន់ការ ។
- អ្នកកីឡា បុគ្គលដែលលេងល្បែងកម្សាន្តចិត្ត ។ ព. ស. ស. ជនអ្នកលេងល្បែងមានប្រយោជន៍តាមសម័យនិយម។
- អ្នកក្រ ជនដែលក្រទ្រព្យ។
- អ្នកក្រុង ជនដែលនៅក្នុងក្រុង។
- អ្នកក្លាហាន បុគ្គលក្លាហាន។
- អ្នកខ្លាច ជនដែលខ្លាច ។
- អ្នកខ្លៅ បុគ្គលខ្លៅ ។
- អ្នកខ្លះ ជនខ្លះ។
- អ្នកគ្រួ ជនដែលចម្អិនភោជនាហារ (អារាលិក ឬ អាឡារិក)។
- អ្នកចេះ បុគ្គលមានចំណេះ។
- អ្នកចោទ បុគ្គលដែលចោទប្រកាន់ឬដែលដាក់ចំណោទ។
- អ្នកចម្ការ មនុស្សដែលធ្វើចម្ការ។
- អ្នកឆ្លើយ ជនអ្នកឆ្លើយ ។
- អ្នកជា ភុជិស្សជន។
- អ្នកជំនួញ ជនដែលធ្វើជំនួញ។
- អ្នកឈ្លប បុគ្គលដែលឈ្លប។ អ្នកដឹង ជនដែលដឹង។
- អ្នកតូច បុគ្គលដែលតូចជាងគេ។
- អ្នកទាប បុគ្គលដែលទាបថោក។
- អ្នកទេសន៍ បព្វជិតដែលចេះទេសន៍ (ធម្មកថិក)។
- អ្នកធំ បុគ្គលជាធំ (ឥស្សរជន)។
- អ្នកបួស ជនដែលបួស (បព្វជិត)។
- អ្នកប្រាជ្ញ បុគ្គលដែលមានប្រាជ្ញាស្គាល់ខុសត្រូវ។
- អ្នកផ្សារ ជនដែលមានផ្ទះលំនៅក្នុងប្រជុំផ្សារ ឬដែលលក់ទំនិញក្នុងផ្សារ។
- អ្នកព្រៃ ជនដែលនៅក្នុងស្រុកព្រៃ។
- អ្នកភ្លេង មនុស្សដែលចេះភ្លេងឬដែលលេងភ្លេង។
- អ្នកមាន អ្នកដែលមានទ្រព្យច្រើន។
- អ្នកមុខអ្នកការ ជនដែលមានមុខមានឈ្មោះនិងជនដែលមានមុខការឬដែលជាប្រមុខក្នុងកិច្ចការ។
- អ្នករក ជនដែលរក; ជនដែលខំប្រឹងធ្វើការរកស៊ី។
- អ្នករាជការ មនុស្សដែលធ្វើរាជការ។
- អ្នករៀន ជនដែលកំពុងរៀន, សិស្សរៀន។
- អ្នកលេង ជនដែលលេងល្បែង; ជនដែលប្រព្រឹត្តតែខាងការលេង... (មានច្រើនប្រភេទ)។
- អ្នកស៊ើប ជនដែលស៊ើបការណ៍។
- អ្នកស្រុក ជនដែលនៅក្នុងស្រុក; ប្រជុំជនឬពួកជនក្នុងស្រុកនីមួយៗ ។
- អ្នកស្រែ ជនដែលធ្វើស្រែ។
- អ្នកអស់ហ្នឹង ជនអស់ហ្នឹង។
- អ្នកឧកញ៉ា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧកញ៉ា) ។ល។
-
ឧកញ៉ា
( ន.នាមសព្ទ )
[អុក--]
ពាក្យប្រើជាឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទី ព្រះ សំដៅសេចក្ដីថា “អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬនាទីរបស់ខ្លួន” (មកពី ពាក្យខ្មែរ ឧក ឬ អុក “ត្រួតត្រាពេញអំណាច” + បា. ញា “ដឹង; ចេះ; ស្គាល់”), ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចថា លោកអ្នកឧកញ៉ា..., អ្នកឧកញ៉ា..., ឧកញ៉ា... (មាននិយាយក្នុងច្បាប់ទម្រង់ស័ក្តិ) ។ មានអត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧ “ព្រះព្រហ្ម; ព្រះឥសូរ” + បា. ញា “ដឹង; ចេះ; ស្គាល់” សំដៅសេចក្ដីថា “អ្នកស្គាល់ការគោរពព្រះព្រហ្មឬព្រះឥសូរ” (តាមលទ្ធិខ្មែរសម័យបុរាណ); អត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧក្ត “ពោល, ស្ដី, និយាយ, ថា” + បា. ញា សំដៅសេចក្ដីថា “អ្នកស្គាល់ការស្ដីនិយាយ” (ការយល់ទាំងពីរយ៉ាងក្រោយនេះក៏បានសេចក្ដីដោយឡែកដែរ គង់នៅប្រើជា ឧកញ៉ា ដូចគ្នា ផ្សេងគ្នាតែសេចក្ដីប៉ុណ្ណោះ) ។ កាលក្នុង ព. ស. ២៤៥៨ គ. ស. ១៩១៤ គណៈកម្មការបង្កើតវចនានុក្រមខ្មែរ បានផ្តើមប្រឹក្សាគ្នាជាដំបូងបង្អស់ អំពីអក្សរ ៤ តួគឺ ឧ៊, ឪ, ឱ, ឪ (អុក, អុវ ឬ អូវ, អោ, អៅ) នេះ ក៏បានយល់ព្រមគ្នាជាឯកច្ឆន្ទថា ឧ៊ បុរាណយក ( ៊) នេះដែលហៅថា សក់ក មកដាក់ពីលើជាតួប្រកបជាជំនួស ក (ឧក) ត្រូវលែងប្រើ ត្រូវប្រើ ឧក វិញ (ឧកហ្មឺន... ឧកញ៉ា) ។ ឱ ដែលប្រកបនឹង យ ជា ឱយ ឬ អោយ នេះត្រូវកុំប្រើត្រូវប្រើ ឱ្យ ដូចពីដើមទុកថាជា អញ្ញត្រសព្ទ ។ ឪ និង ឪ ដែលយកចុងឬកន្ទុយ វ មកដាក់ពីលើជា ឪ, ឪ (អុវ, អៅ) ត្រូវទុកឲ្យនៅដូចពីដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឪ>ឪ, ឱ, ឪ តាមលំដាប់ ទៀតផង) ។ សៀមសម័យបុរាណយកពាក្យ ឧក ទៅប្រើជា អក, សរសេរជា អ្ចក ប្រើជាពាក្យនាំមុខឋានន្តរមន្រ្តីគ្រប់ថ្នាក់ជា អ្ចកហ្មឺន, អ្ចកខុន អ្ចកហ្ល្វង, អ្ចកព្រះ, អ្ចកញា (អកហ្មឺន, អកឃុ៎ន, អកហ្លួង, អកផ្រះ, អកយ៉ា) ។ អ្ចក នេះសៀមប្រើជាពាក្យហៅបិតាមាតាថា ព្ច់អ្ចក, េមេ់អ្ចក ផងក៏បាន (អ. ថ. ផអក, ម៉ែអក “ឪពុកបង្កើត, ម្ដាយបង្កើត”) ។ លាវប្រើពាក្យ ព់អ្ចក, េមេ់អ្ចក នេះជាសម្ដីសម្រាប់បព្វជិតហៅឧបាសកឧបាសិកា ផងក៏បាន ។
-
ឧកហ្លួង
( ន.នាមសព្ទ )
[អុក--]
ពាក្យប្រើជាឋានន្តរនៃមន្រ្តីពួកសូទ្រៈ (អ្នកងារ) ក្នុងសម័យបុរាណ, មាននាទីជាអ្នកត្រួតត្រាពួកសូទ្រៈគ្នាឯង ប៉ុន្តែនៅក្រោមបង្គាប់មន្រ្តីមុខក្រសួងដែលខ្លួនត្រូវឡើង ។ សៀមសម័យបុរាណប្រើជា អ្ចកហ្ល្វង អ. ថ. អកហ្លួង (ឧកហ្លួង) ប៉ុន្តែមិនប្រើចំពោះពួក សូទ្រៈ ទេ (មើលក្នុងពាក្យ ឧកញ៉ា) ។
-
ឯកឧកញ៉ា
( ន.នាមសព្ទ )
[អែក-អុក-ញ៉ា]
ពាក្យសម្រាប់ប្រើរៀងពីខាងដើមឋានន្តរនៃមន្រ្តីមានស័ក្តិខ្ពស់ : ឯកឧត្ដមនាយករដ្ឋមន្រ្តី, ឯកឧត្ដមឧត្ដមសេនីយឯក... ។ ទាំងពីរពាក្យ ប្រើអក្សរសង្ខេបថា ឯ. ឧ. ដូចគ្នា (បារ. Excellence, Son--, S.E.) ។ ប៉ុន្តែ ឯកឧកញ៉ា ប្រើតែក្នុងរជ្ជកាលសម័យបុរាណព្រេងនាយ, គេនិយាយកាត់ខ្លីថា លោកឯកឧក, សម័យបច្ចុប្បន្ននេះ ប្រើពាក្យ ឯកឧត្ដម (ឯ. ឧ.) ។
-
ចក្រី
( ន.នាមសព្ទ )
(ចក្រិន៑; ចក្កី) អ្នកមានចក្រ, អ្នកទ្រទ្រង់ចក្រ, (វិស្ណុ, ស្ដេចចក្រពត្តិ, ព្រះមហាក្សត្រ); អ្នកជិះលើរថ ... ។ ងារសេនាបតីក្នុងកម្ពុជរដ្ឋ សម្រេចកិច្ចខាងក្រសួងយុទ្ធនាធិការ ចម្បាំងជើងគោក : លោកអ្នកឧកញ៉ាចក្រីកុញ្ជរាធិបតី ។ សម័យបច្ចុប្បន្នជារដ្ឋមន្រ្តី ក្រសួងការពារប្រទេស ខាងយុទ្ធនាធិការដែរ ។