Khmer Dictionary: អាពុក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រិតប្រៀន
( កិ.កិរិយាសព្ទ )
បញ្ញត្តឲ្យខំរៀនមានកម្រិត, មានកំណត់ : គ្រូប្រិតប្រៀនសិស្សឲ្យខំប្រឹងរៀន, អាពុកម្ដាយប្រិតប្រៀនកូនឲ្យបានបទ ។
-
ប្រុស
( ន.នាមសព្ទ )
(បុរុឞ; បុរិស) មនុស្សជាតិមានភេទផ្សេងទីទៃពីស្រី មានអត្ថន័យថា មនុស្សអ្នកបំពេញបំណងរបស់ម្ដាយអាពុក ។ តាមទម្លាប់ខ្មែរ, ត្រូវប្រើពាក្យជាគូស្របគ្នាថា ប្រុសស្រី ឬ ស្រីប្រុស; បុរសស្រ្តី ឬ ស្រ្តីបុរស; កុំប្រើថា បុរសស្រី ឬ ស្រីបុរស ឡើយ ។ មើលក្នុងពាក្យ ប្ដី និង ប្រពន្ធ ផង ។
-
ព្រម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលស្មើគ្នា, ទាន់គ្នា, ដំណាលគ្នា, ជាមួយគ្នា; គ្រប់សព្វ, គ្រប់គ្រាន់ : ចេញព្រមគ្នា, មកដល់ព្រមគ្នា, ចូលដេកព្រមគ្នា, ថាព្រមៗគ្នា, ដើរបោះជំហានព្រមៗគ្នា ។ គ្រប់ព្រម, ទាំងព្រម គ្រប់សព្វ, ទាំងគ្រប់ ។ ព្រមចូល ចួបជុំមូលគ្នា, គ្រប់គ្រាន់ ។ ព្រមទាំង មានទាំង, ថែមទាំង : អាពុកព្រមទាំងកូនផង ។ ប្រកបព្រមដោយ បរិបូណ៌ដោយ ។
-
ម៉ាក់
( ន.នាមសព្ទ )
ម៉ែ, ម្ដាយ ។ ពាក្យទំយើសម្រាប់កូនក្មេងហៅម្ដាយ (ច្រើននិយាយចំពោះតែអ្នកក្រុង) ។ ពាក្យ ម៉ាក់ នេះមានប្រភពដើមជា មា ឬ ម៉ា, មាន៑ (សំ. បា. ថា “រាប់, រាប់រក, រាប់អាន”) ចេញមកជា មាតា, មាត្ឫ, ម៉ែ, ម្ដាយ, ម៉ាក់, ម៉ាម៉ង់, មែរ ... ចេញទៅទៀតជា មាតុច្ឆា “ម្ដាយមីងខាងម្ដាយ”, មាតុល “អាពុកធំឬមាខាងម្ដាយ” មាតុលានី “ម្ដាយធំ ឬ ម្ដាយមីងខាងម្ដាយ” ... ក៏មកតែអំពី មា ឬ ម៉ា, មាន៑ នេះឯង, ដែលមានអត្ថន័យថា “រាប់អានយ៉ាងជិតស្និទ្ធ” សម្រេចរូបជានាមនាមថា “ស្រ្តីអ្នករាប់អានកូនរបស់ខ្លួនយ៉ាងជិតស្និទ្ធ”, ជាគូគ្នានឹងពាក្យ បា ឬ ប៉ា (សំ. បា.) ថា “ចិញ្ចឹម, រក្សា” ... ។
-
អាពុក
( ន.នាមសព្ទ )
ឪ, ឪពុក, បិតា (ឥណ្ឌា អាវុក āvuka) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឪ, ឪពុក ទៀតផង ។
-
ឪពុក
( ន.នាមសព្ទ )
[អូវ-- ]
បិតា : ឪពុក (ប្រើជា អាពុក ក៏បាន; ឥណ្ឌាថា អាវុកៈ, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាពុក ទៀតផង) ។ ប្រើជាឧត្ដរលោបទុកត្រឹមតែ ឪ ក៏បាន; ប្រើជាអាទិលោបទុកត្រឹមតែ ពុក ក៏បាន (ប្រើជាពាក្យទំយើ) ។
- ឪពុកក្មេក ឪពុករបស់ប្តីឬរបស់ប្រពន្ធ ។
- ឪពុកចិញ្ចឹម បុរសអ្នកចិញ្ចឹមរក្សាដោយប្តេជ្ញាឬសន្មតថាជាឪពុក ។
- ឪពុកចុង ប្តីក្រោយរបស់ម្ដាយ ។
- ឪពុកធម៌ ដែលសុំធ្វើឪពុកដោយសេចក្ដីស្រឡាញ់រាប់អានតាមគន្លងធម៌ ។
- ឪពុកធំ បងប្រុសរបស់ឪពុកឬរបស់ម្ដាយ ។
- ឪពុកមា ប្អូនប្រុសរបស់ឪពុកឬម្ដាយ (ច្រើនហៅត្រឹមតែ មា ឬ ពូ) ។
-
ឯកសេសន័យ
( និ.និបាតសព្ទ )
[អេកៈសេសនៃ ឬ អេកៈ សែសៈ--]
ន័យរបស់ពាក្យសេសមួយ គឺសព្ទជាគូនឹងគ្នាដែលគេលុបមួយចេញទុកឲ្យសល់តែមួយ, ដូចជា កូនប្រុសនិងកូនស្រី លុបពាក្យ ប្រុស និង ស្រី ចេញទុកត្រឹមតែពាក្យ កូន ត្រូវប្រើជា ពហុវចនៈ ថា កូនទាំងឡាយ ឬថា អស់ទាំងកូន ឬក៏ថា កូនទាំងអស់គ្នា ។ ខាងបាលីថា បុត្តា ឬ បុត្តេ... (ព. វ. សម្រាប់ប្រើក្នុងកាព្យ, ប្រសិនបើកវីត្រូវការប្រើ) : ហៃកូនទាំងឡាយ នាំគ្នាមកអាយ ស្ដាប់ពាក្យអាពុក អាពុកនឹងផ្តាំ ឲ្យឯងចាំទុក តំណទៅមុខ ចូរចាំកុំភ្លេច ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុត្តា ទៀតផង) ។
-
ឧបត្ថម្ភក
[អ៊ុបុ័ត-ថ័ម-ភក់ ]
(ឧបត្ថម្ភក; សំ. ឧបស្តម្ភក) អ្នកទំនុកបម្រុង; អ្នកទល់ទ្រ, អ្នកគាំទ្រ; អ្នកដែលជាទីពឹងផ្អែកឬជាទីពំនាក់ : ខ្ញុំមានបងប្រុសជាឧបត្ថម្ភក (បើស្ត្រីជា ឧបត្ថម្ភិកា) ។
- ឧបត្ថម្ភកកម្ម (--ភៈកៈ--) កុសលកម្មពីព្រេងនាយដែលចេញមុខទំនុកបម្រុងឲ្យបានសេចក្ដីសុខ-ចម្រើន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឧបត្ថម្ភកកម្ម ជួយគាំទ្រសត្វឲ្យបានសុខ ទំនុកបម្រុងឲ្យរីកមុខ និរទុក្ខនិរភ័យជានិរន្តរ៍ ។ កម្មនេះជាតួបុណ្យកុសល រែងផ្តល់ផលល្អមិនអាប់អន់ មានភាពជាកម្មដ៏សោភ័ណ ផ្តល់សុខគ្រប់គ្រាន់ឲ្យសប្បាយ ។ មិនត្រឹមតែផ្តល់សុខឲ្យកូន អាចជូនក្តីសុខឲ្យដល់ម្ដាយ អាពុកនិងញាតិផងទាំងឡាយ ឲ្យបានសប្បាយដោយសារផង ។ ព. ផ្ទ.
- ឧបឃាតកកម្ម, ឧបបីឡកកម្ម ។ (ព. ពុ.) ។
- ឧបត្ថម្ភកជន ឬ
- --បុគ្គល (--ភៈកៈ--) ជនឬបុគ្គលអ្នកទំនុកបម្រុង ។
- សាសនូបត្ថម្ភក អ្នកទំនុកបម្រុងសាសនា ។ល។
-
ឮសាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានកេរ្តិ៍ឈ្មោះពីរោះល្បីលេចឮសាយសុសសព្វទិសានុទិស : កេរ្តិ៍ឈ្មោះឮសាយ; រុងរឿង, ថ្កើងថ្កាន : លោកឮសាយសប្បាយអស្ចារ្យណាស់ ។ ច្រើនប្រើលាយក្នុងកាព្យ, ដូចជា : អាពុកនិងម្តាយ នូវញាតិទាំងឡាយ សប្បាយពន់ពេក ព្រោះឮថាកូន ឮសាយចម្លែក គេអរអនេក ឯកឥតគណនា ។ ន. ព្រះមហាក្សត្រិយ៍ : ព្រះឮសាយ ទ្រង់ចំណាយព្រះរាជទ្រព្យជាទានបរិច្ចាគ... ។ សរសេរជា លឺសាយ ក៏បាន ។