Khmer Dictionary: ស្លុត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ភេរវៈ
( គុ.គុនសព្ទ )
[--រៈ--]
(ភៃរវ) ដែលគួរខ្លាច, ដែលគួរស្បើម, គួរភ្លឹក, គួរស្លុតរន្ធត់ ។ ពាក្យនេះច្រើន ប្រើរៀងខាងដើមសព្ទឯទៀត ដូចជា ភេរវកម្ម, ភេរវសព្ទ ជាដើម ។
- ភេរវកម្ម អំពើដែលគួរខ្លាច, គួរឲ្យតក់ស្លុត, អំពើចលាចលជ្រួលច្របល់ ដែលបណ្ដាលមកពីការធ្វើឃាតកម្ម ដោយសម្ងាត់ជាដើម : នាំបង្កបង្កើតភេវរកម្ម ។
- ភេវរជន ជនអ្នកបង្កបង្កើតភេវរកម្ម ។
- ភេវរភាព ភាពដែលគួរឲ្យខ្លាច ។
- ភេវរសញ្ញា សញ្ញាដែលគេធ្វើឲ្យដឹងថា មានភ័យអាសន្ន, ដំណឹងជាគ្រឿងសម្គាល់ក្នុងពេលដែលមានភេរវកម្ម ដូចជាភ្លើងឆេះផ្ទះជាដើម ។
- ភេរវសព្ទ សូរសំឡេង, សូរសព្ទដែលគួរខ្លាច, ដែលគួរស្បើម គួរភ្លឹក, សូរសព្ទដ៏សម្បើម, ដ៏ពន្លឹក : សម្រែកសីហៈ, សម្រែកខ្លាធំ, សូរគ្រាប់បែកផ្ទុះ ជាភេរវសព្ទ...។
- ភេរវារម្មណ៍ (ភេរៈវារ៉ម់) អារម្មណ៍ដែលគួរខ្លាច, ដែលគួរភ្លឹក ។
-
រន្ធត់
( កិ.កិរិយាសព្ទ )
ភ័យស្លុត : ខ្ញុំមិនរន្ធត់ទេ ។ គុ. ឬកិ. វិ. ដែលភ័យស្លុត : ចិត្តរន្ធត់; ញ័ររន្ធត់ ។
-
ល្បិចចៅក្រម
( ន.នាមសព្ទ )
ល្បិចរបស់ចៅក្រមអ្នកជំនុំជម្រះក្តី ។ ក្នុងសតវត្សរ៍ទី ២៣ នៃពុទ្ធសករាជ ត្រូវគ្នានឹងសតវត្សរ៍ទី ១៧ នៃគ្រិស្តសករាជ ព្រះបាទសម្ដេចព្រះជ័យចេស្ដាព្រះមហាក្សត្រិយ៍នៃប្រទេសកម្ពុជា ទ្រង់មានព្រះរាជបញ្ជាឲ្យពួកបណ្ឌិតរៀបចំរបៀបជាល្បិចនៃចៅក្រមអ្នកជំនុំជម្រះក្ដី ឲ្យបានទៀងទាត់តាមសុចរិតយុត្តិធម៌ ឲ្យងាយពិនិត្យពិភាក្សារកការណ៍ពិត ដោយល្បិច ៤ យ៉ាង ដែលហៅជាពាក្យ បាលីសន្មត ថា មន្ទលេន, សេនបទ, មណ្ឌុកដ, សីហលោ ។ ល្បិចចៅក្រមទាំងបួនយ៉ាងនេះ មានសេចក្ដីអធិប្បាយថា : ១-មន្ទលេន (មន់-ទៈលេន) ន. (បា. ស. មន្ទ “ទន់, ទន់ភ្លន់, ស្រទន់; សន្សឹមៗ; តិច” + លេន “សន្ទុះ, ល្បឿន; ការស្ទាបស្ទង់”) ល្បិចឈ្មោះ មន្ទលេន នេះមានអត្ថន័យថា ចៅក្រមត្រូវពិចារណានូវអធិករណ៍ គឺរឿងក្តី តាមពាក្យចោទនិងឆ្លើយ ដែលស្ទាបស្ទង់ឃើញថា មុនបង្អស់មិនគួរកញ្ឆក់កញ្ឆែងទេ ក៏ប្រើល្បិចសុភាពទន់ភ្លន់សន្សឹមៗ ប្រៀបប្រដូចនឹងទឹកដែលហូររិញៗមិនហូរគំហុកខ្លាំង ហូរធ្លាក់ចុះទៅក្នុងស្រះឬត្រពាំង ដក់បានជាទឹកពេញទីនោះគួរដល់ការប្រើប្រាស់បានដូច្នោះឯង; បើចៅក្រមប្រើល្បិចនេះទៅឃើញការណ៍ពិតសព្វគ្រប់ហើយ ក៏សម្រេចសេចក្ដីឲ្យអធិករណ៍នោះចប់ស្រេចដោយប្រពៃបានត្រឹមប៉ុណ្ណោះទៅ ។ ២-សេនបទ (សេន៉ៈបត់ ឬ សែន៉ៈបត់) ន. (បា. សេន “សត្វខ្លែង” + បទ “ដំណើរ; ផ្លូវ, គន្លង; ហេតុ; ឧបាយ; ...”; សំ. ឝ្យេន + បទ) ល្បិចឈ្មោះ សេនបទ នេះមានអត្ថន័យថា ចៅក្រមត្រូវពិនិត្យពិចារណានូវរឿងក្តីតាមពាក្យចោទនិងចម្លើយ ដោយប្រើល្បិចស្ទាបស្ទង់មើល យកតម្រាប់សត្វខ្លែងដែលវាឆាបអ្វីៗមានកូនមាន់ជាដើមជាចំណីរបស់វា, ធម្មតាសត្វខ្លែងមុននឹងឆាបកូនមាន់ជាដើម វាត្រូវហើររេរាៗកេលកុងស្ទង់មើលសិន បើលុះតែឃើញមានទំនងឱកាសល្មមឆាបឆក់បានទើបវាសម្លបស្លាបឆាបចុះហើយវាហើរប៉េវឡើងទៅ; បើចៅក្រមយល់ឃើញថា ត្រូវប្រើល្បិចរិះរេបែបសត្វខ្លែង ហើយគ្រញិចសម្រេចសេចក្ដីឲ្យអធិករណ៍ បានចប់ដោយសុចរិតយុត្តិធម៌ហើយ ក៏ទុកជាស្រេចត្រឹមប៉ុណ្ណោះទៅ ។ ៣-មណ្ឌុកដ (ម័ន-ឌុកត់ ឬ មន់--) ន. (បា. មណ្ឌុក ឬ មណ្ឌូក “កង្កែប” + កត > កដ “ដែលធ្វើ គឺការលោត”) ល្បិចឈ្មោះ មណ្ឌុកដ នេះមានអត្ថន័យថា ចៅក្រមត្រូវពិនិត្យពិចារណានូវអធិករណ៍តាមពាក្យចោទនិងចម្លើយ ដែលលៃស្ទង់មើលឃើញថា រឿងនេះត្រូវប្រតិបត្តិតាមតម្រាប់កង្កែបលោត, ធម្មតាកង្កែប វាមិនលោតឥតឈប់បង្អង់សោះទេ, វាតែងតែលោតផ្លោតៗ ហើយឈប់បង្អង់ម្តងៗបន្តិចៗហើយទើបវាលោតផ្លោតៗតៗទៅទៀត, ចៅក្រមក៏ត្រូវធ្វើយ៉ាងនោះដែរ គឺត្រូវស្ទាបស្ទង់មើល កុំប្រញាប់ប្រញាល់រួសរាន់ពេក, បើអធិករណ៍ហុចដំណើរឲ្យមក ឃើញថាគួរវិនិច្ឆ័យបានហើយសឹមសម្រេចសេចក្ដីឲ្យរឿងនោះចប់ស្រេច ដោយសុចរិតយុត្តិធម៌ត្រឹមប៉ុណ្ណោះទៅ ។ ៤-សីហលោ (សីហៈលោ) ន. (បា. សីហ “សត្វសីហៈ” + លោ < លា “កាត់, កាត់ផ្តាច់; កាន់, កាន់យក” ជា បា. ស. ថា សីហលោ) ល្បិចឈ្មោះ សីហលោ នេះមានអត្ថន័យថា កាលបើចៅក្រមពិនិត្យពិចារណាឃើញរឿងនោះមានព័ស្តុតាងច្បាស់ក្រឡែត មិនគួរឲ្យសង្ស័យទេ ប៉ុន្តែបុគ្គលអ្នកជាប់ចោទអង់អាចរបឹងរបាញក្អេងក្អាងហួសហេតុពេក មិនព្រមទទួលសារភាពតាមការណ៍ពិតសោះ, ចៅក្រមត្រូវប្រើអាការគំរាមសម្លុតតាមមាត្រាច្បាប់ ឲ្យបុគ្គលនោះស្លុតគាំងកឿងក្រទាំងហើយឆ្លើយឲ្យការណ៍តាមពិតត្រង់ ដោយចៅក្រមយកតម្រាប់តាមសីហៈ ដែលវាបន្លឺសីហនាទ ស្រែកសន្ធាប់ម្រឹគហើយវាខាំសម្លាប់យកជាចំណីវាដូច្នោះដែរ, ហើយចៅក្រមវិនិច្ឆ័យសម្រេចសេចក្ដី ដោយសុចរិតយុត្តិធម៌ ឲ្យចប់ស្រេចត្រឹមប៉ុណ្ណោះទៅ ។ (ល្បិចចៅក្រម ទាំង ៤ យ៉ាងនេះ ហៅថា ល្បិចព្រះជ័យចេស្តា ឬ ច្បាប់ព្រះជ័យចេស្តា; កាលពីដើម យើងពុំបានឃើញច្បាប់ដើម ក៏ចេះតែអានខុសខ្លះ, លុះយើងស្រាវជ្រាវឃើញសាស្រ្តាស្លឹករឹតចាស់ខ្មៅជាច្បាប់ដើមទើបយើងស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដោយត្រឹមត្រូវហើយ) ។ (កាព្យសម្រាប់ឲ្យងាយចាំ ល្បិចចៅក្រម) : មន្ទលេន-សេនបទ ទាំងមណ្ឌុកដ និងសីហលោ ទាំងបួននេះជា រាជោវាទោ នៃក្សត្រិយ៍សេដ្ឋោ ព្រះជ័យចេស្ដា ។ មហាក្សត្រិយ៍ខ្មែរយើង ស្ដេចមានឫទ្ធិ៍ថ្កើង ទ្រង់បានប្រាប្ដា-ភិសេកហើយស្រេច ស្តេចទ្រង់បញ្ជា ឲ្យប្រាជ្ញព្រឹទ្ធា តែងល្បិចចៅក្រម ។ ជាពាក្យបាលី សន្មតសេចក្ដី ដោយការផ្សែផ្សំ ក្រឹត្យទុកជាច្បាប់ សម្រាប់ចៅក្រម កាត់ក្តីឲ្យសម នឹងយុត្តិធម៌ ។ (មិនមែនសម្រាប់តែចៅក្រមគ្រហស្ថទេ ទោះទាំងចៅក្រមបព្វជិត ក៏គួរប្រើល្បិចចៅក្រមទាំង ៤ យ៉ាងនេះបានដែរ) ។
-
វិញ្ញាណ
( ន.នាមសព្ទ )
[វិញ-ញាន ]
(វិជ្ញាន) ធម្មជាតិដឹងច្បាស់នូវអារម្មណ៍ (ចិត្ត) :
- បាត់វិញ្ញាណ ឬ - រលត់វិញ្ញាណ រលត់ចិត្ត : ភ័យស្លុតខ្លាំងស្ទើរបាត់វិញ្ញាណ ។
- វិញ្ញាណកទ្រព្យ (វិញ-ញា-ណៈកទ្រ័ប) ទ្រព្យមានវិញ្ញាណ: គោ, ក្របី, ដំរី, សេះ ជាវិញ្ញាណកទ្រព្យ (ព. ផ្ទ. អវិញ្ញាណកទ្រព្យ) ។
- វិញ្ញាណក្ខន្ធ (វិញ-ញា-ណ័ក-ខ័ន) កងវិញ្ញាណ (ពួកចិត្ត) ដែលរាប់បញ្ចូលក្នុងខន្ធ ៥ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បញ្ចក្ខន្ធ ផង) ។
-
លំពើន
( កិ.កិរិយាសព្ទ )
គេចវេះ ឬចៀសវាងលាក់ខ្លួនក្នុងវេលាដែលមានភ័យស្លុតស្លន់ : លំពើនចូលព្រៃព្រោះភ័យដេញ ។ (មានប្រើខ្លះតែក្នុងពាក្យកាព្យបុរាណ) : អ្នកណាហ៊ានផ្គើន កុំតែលំពើន ជ្រកពួនក្នុងព្រៃ កុំអីលិចលង់ ព្រោះភ័យចង្រៃ ដប់យប់ដប់ថ្ងៃ ទើបបានវិលវិញ ។
-
សង្វេគ
( ន.នាមសព្ទ )
[សង់-វេក ឬ --វ៉ែក]
(សំវេគ) សេចក្ដីស្លុតចិត្ត, ដំណើរតក់ស្លុត, ការនឹកខ្លាចអំពើអាក្រក់, ការរំពឹងឃើញសេចក្ដីទុក្ខលំបាក; ដំណើរនឹកអាណោចអាធម្ម; សេចក្ដីនឹកអាណិតទៅរកអ្នកដែលរងទុក្ខលំបាក : កើតសង្វេគ, មានសង្វេគ ។ ខ្មែរប្រើជា កិ. ក៏បាន : គួរឲ្យសង្វេគ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃច្រើនប្រើ សំវេគ ជាង អ. ថ. ស័ងវេគៈ, ដូចជា : សំវេគភាព ភាពនៃសង្វេគ ។
- សំវេគសមុដ្ឋាន ហេតុដែលនាំបណ្ដាលឲ្យកើតសង្វេគ ។ល។
-
សម្លុត
( កិ.កិរិយាសព្ទ )
[សំ-ល៉ុត]
ធ្វើឲ្យស្លុត, គំរាមកំហែងឲ្យតក់ស្លុត, ឲ្យខ្លាច : វាសម្លុតខ្ញុំ, គប្បីសួរចម្លើយដោយស្រួល កុំសម្លុតគេ ។
-
សន្លប់
( កិ.កិរិយាសព្ទ )
[សន់-ល៉ប់ ]
(ប្រើជា សលប អ. ថ. សៈហ្លុប) បាត់ស្មារតីមិនដឹងខ្លួន ដោយភ័យចំប្រប់តក់ស្លុតខ្លាំងឬដោយត្រូវរបួសដំណំខ្លាំងជាដើម : ត្រូវបច្ចាមិត្តវាយសន្លប់, ធ្លាក់ពីលើចុងឈើសន្លប់ ។
- សន្លប់សន្លិន (ស. ប្រើជា សលបស្លៃ អ. ថ. សៈហ្លុបសៈហៃ៎្ល) សន្លប់ឈឹងមិនកម្រើកដៃជើង : គាត់គ្រុនសន្ធំធ្ងន់ណាស់ សន្លប់សន្លិនឥតកម្រើកខ្លួនទេ ។
-
សប្បដិភ័យ
( ន.នាមសព្ទ )
[ស័ប-ប៉ៈដិភៃ ]
(សប្បដិភយ) ភ័យចំពោះមុខ គឺហេតុឬសត្រូវដែលគួរភ័យចំប្រប់ស្រាប់តែលេចប៉ឹមមកនៅមុខតែម្ដង នាំឲ្យស្លុតស្លន់ភ័ន្តគំនិត, ភ័យដ៏ពន្លឹក : ភ័យអំពីពួកចោរចោមព័ទ្ធជុំជិតជាសប្បដិភ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពន្លឹក ទៀតផង) ។
-
ស្រលុង
( កិ.កិរិយាសព្ទ )
[--ល៉ុង]
លង់ស្លុតស្មារតីចុះជ្រៅសន្លឹម ដោយមានជម្ងឺធ្ងន់ (ច្រើនតែបណ្ដាលអំពីជំងឺគ្រុនក្ដៅខ្លាំង) : គ្រុនក្ដៅស្រលុងអស់កន្លះថ្ងៃ ។