Khmer Dictionary: ស្រៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ផួយ
( ន.នាមសព្ទ )
សំពត់សាច់ក្រាស់ផ្ទាំងធំ ធ្វើដោយអំបោះ, សំឡីឬរោមចៀមជាដើម សម្រាប់ដណ្ដប់ការពាររងា ។ សរសេរ ភួយ ក៏បាន ព្រោះ ផ និង ភ ស្រៈអួ មានសំឡេងដូចគ្នា ។ ព. វិ. ពុ. ក្នុងបាតិមោក្ខ ហៅ សន្ថត ឬ សន្ថ័ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង) ។
-
ពេទ្យ
( ន.នាមសព្ទ )
[ពែត ]
(វៃទ្យ; វជ្ជ) អ្នកចេះប្រើថ្នាំរម្ងាប់រោគ, អ្នកចេះព្យាបាលជំងឺ, គ្រូមើលជំងឺ : ថ្នាំពេទ្យ, គ្រូពេទ្យ, ពេទ្យហ្ម, មន្ទីរពេទ្យ ។
- ពេទ្យសត្វ ឬ - ពែទ្យសត្វ (បសុពេទ្យ) ពេទ្យមើលជំងឺសត្វចិញ្ចឹមឬរក្សាការពារមិនឲ្យបសុសត្វមានជំងឺ ។ល។ ពាក្យសំស្ក្រឹត កាលបើមានស្រៈ អៃ នៅពីខាងដើមដូច វៃទ្យ ជាដើមនេះ ជួនអានឮសូរជាស្រៈ អៃ ជួនឮសូរជា អេ ឬ អែ តាមគួរដល់សូរសព្ទស្រួលមាត់ថា, ដូចជា ចៃត្យ អានថា ចៃត្យ៉ៈ ក៏បាន, ថា ចែត្យ៉ៈ ក៏បាន (ខ្មែរអានថា ចៃដី ឬ ចែដី); សៃន្យ, សៃន្យា សំ. អានថា សែន្យ៉ៈ, សែន្យ៉ា (ខ្មែរប្រើក្លាយមកជា ស្រែន្យ, ស្រែន្យា “សេនីយ, សេនា”, ប្រើជាឋានន្តរ គឺងារមន្ត្រីជា ស្រែន្យភក្តី, ស្រែន្យសង្គ្រាម, ស្រែន្យានុជិត, ស្រែន្យានុរក្ស); ជៃន អ. ថ. ជេន ឬ ជែន “អ្នកជឿកាន់តាមលទ្ធិគ្រូដើមឈ្មោះ ជិនៈ (បរិស័ទរបស់គ្រូឈ្មោះ ជិនៈ); សៃំហ ឬ សៃង្ហ អ. ថ. សែង្ហ “អ្វីៗជាសរីរាវយវៈរបស់សីហៈ” ។ ដោយហេតុនេះ, ពាក្យសំស្ក្រឹតថា វៃទ្យ, ខ្មែរប្រើផ្លាស់ វ ជា ព, អៃ ជា អេ ឬជា អែ ផ្សំជា ពេទ្យ ឬ ពែទ្យ ក៏បាន អ. ថ. ពែត ដូចគ្នាទាំង២, យើងអាចសរសេរជា ពេទ្យ ក៏បាន ជា ពែទ្យ ក៏បាន តាមពេញចិត្តប្រើ ។ (ព្រោះហេតុមានវិធីឲ្យផ្លាស់សំឡេងស្រៈ អៃ ជា អែ បានយ៉ាងនេះឯង បានជាបុព្វបុរសខ្មែរយើងក្នុងសម័យបុរាណព្រេងនាយ ដែលកំពុងជក់ចិត្តទៅរកសម្ដីសំស្ក្រឹតតាមលទ្ធិព្រាហ្មណិកនោះ ធ្លាប់អានធ្លាប់និយាយតាមសូរសព្ទសំស្ក្រឹត, ទោះឃ្លាតក្លាយសំឡេងខ្លះក៏ដោយ, លុះដល់ខ្មែរងាកបែរមកកាន់ព្រះពុទ្ធសាសនាប្រើការរៀនសូត្រតាមភាសាបាលីវិញ ក៏អានបាលីត្រង់ ព្យញ្ជនៈអឃោសៈ ដែលផ្សំជាមួយនឹងស្រៈ អេ ជាយូរ អែ ទៅអស់, ដូចជា កេតុ, ចេត្រ, ប្រេត, សេត, ស្វេត. ហេតុ អានឮសូរជា កែត, ចែត, ប្រែត, សែត, ស្វែត, ហែតុ ។ល។ ដល់សម័យយើង, យើងក៏ពុំអាចកែប្រែសូរសព្ទទាំងនោះឲ្យឮតាមប្រភបដើមបានឡើយ... ។
-
ព្យញ្ជនៈ
( ន.នាមសព្ទ )
[ព្យ័ញ-ជៈនៈ ]
(ព្យញ្ជន; វ្យញ្ជន) តួអក្សរដែលសម្រាប់ផ្សំជាមួយនឹងស្រៈ, លុះតែមានស្រៈផ្សំផង ទើបកើតច្បាស់ប្រាកដជាសម្ដីឡើងបាន ។ ព្យញ្ជនៈសម្រាប់ប្រើក្នុងភាសាខ្មែរក្នុងសម័យសព្វថ្ងៃនេះមាន ៣៣ តួ (ស្មើគ្នានឹងព្យញ្ជនៈខាងភាសាបាលីដែរ) គឺ ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម; យ រ ល វ ស ឡ ំ; កាលពីក្នុងសម័យបុរាណ ខ្មែរប្រើព្យញ្ជនៈ ៣៥ តួ ព្រោះមាន ឝ ឞ ពីរតួនេះផង សម្រាប់ប្រើខាងភាសាសំស្ក្រឹត, រៀងរបៀបត្រង់ចន្លោះ វ និង ស (វ ឝ ឞ ស), ប៉ុន្តែលើកលែងប្រើយូរហើយ, ត្រង់ពាក្យណាដែលត្រូវប្រើ ឝ ឞ ដូចជា បឝ្ចិម, បឞ្ឋ ជាដើមនោះ ប្រើតែ ស មួយនេះជាជំនួសជា បស្ចិម, ព្រះឱស្ឋ ដូច្នេះវិញ (សរសេរជា ព្យញ្ជន ក៏បាន) ។
-
មន្ត
[ម៉ន់ ]
ពាក្យនេះជាបច្ច័យតទ្ធិត (បា. មន្តុ > មន្ត) ប្រែថា “មាន” សម្រាប់ចុះផ្សំពីខាងចុងសព្ទបាលីច្រើនតែជាអរូបនាមដែលមានស្រៈ ឥ, ឦ, ឧ, ឩ នៅទីបំផុតខាងចុងដូចជា សតិមន្ត អ្នកមានស្មារតី; សិរីមន្ត អ្នកមានសិរី; ពន្ធុមន្ត អ្នកមានផៅពង្ស, អ្នកមានពូជពង្ស ។ល។ បើស្ត្រីជា មន្តី ឬ--មតី ដូចជា សតិមន្តី ឬ សតិមតី ស្ត្រីអ្នកមានស្មារតីជាដើម ។ កាលបើ មន្ត នេះផ្សំជាមួយនឹងនាមសព្ទយ៉ាងនេះហើយ ប្រើជា គុ. ឬ ន. ក៏បាន ។
-
ព្រឹទ្ធិ
( ន.នាមសព្ទ )
[ព្រឹត-ធិ ឬ--ធី ]
(វ្ឫទ្ធិ, វ > ព, ឫ > រឹ = ព្រឹទ្ធិ; វុឌ្ឍិ ឬ វុទ្ធិ) សេចក្ដីចម្រើន; សេចក្ដីមាំមួន; ចំណាស់; លាភ, ការបាន; ចំណេញ, ការប្រាក់; ទ្រព្យដែលចម្រើនកើនឡើង; ជម្នះ... ។ វិធីធ្វើស្រៈខាងភាសាបាលីឬសំស្ក្រឹតឲ្យចម្រើន គឺធ្វើឲ្យមានសូរសំឡេងខ្លាំងជាងប្រក្រតីដើម ដូចយ៉ាងធ្វើស្រៈ អ ជា អា; ឥ, ឦ ជា ឯ; ឥ, ឦ, ឯ ជា អៃ ឬ ព្ធ; ឧ, ឩ ជា ឱ; ឧ, ឩ, ឱ ជា អៅ ឬ ឱ ជាដើម ក៏ហៅថា ព្រឹទ្ធិ ឬ ព្រឹទ្ធី ដែរ (ព. វ.) ។
-
មេ
( ន.នាមសព្ទ )
ម្ដាយ (ចំពោះតែសត្វតិរច្ឆាន) : មេក្របី, មេគោ, មេមាន់, មេសេះ ...។ ដំរីញី, ទោះបីនៅតូចពុំទាន់មានកូន, គេច្រើនហៅថា មេ ។ ពាក្យសម្រាប់ហៅស្រ្តីដែលក្មេងជាង ឬដែលតូចទាបជាង, ដោយសេចក្ដីស្និទ្ធស្នាល ឬស្មោះស្មើទៅរក, ហៅចេញចំឈ្មោះថា មេនេះ, មេនោះ (ដូចជាហៅ មេ ក, មេ ខ...); ឬមិនចេញចំឈ្មោះគ្រាន់តែថា មេនុ៎ះ, មេហ្នឹង; ពុំនោះហៅដោយទ្រគោះចេញសម្ដីថា មេ ... ក៏មាន (អ្នកខ្លះប្រើពាក្យ មេ នេះក្លាយទៅជា មី ក៏មាន) ។ របៀបរាប់បំណែកព្យញ្ជនៈផ្សំនឹងស្រៈតាមលំដាប់ដូចជា : មេកកា, មេកក, មេកង, មេកច, មេកញ ជាដើម ។ មនុស្ស, សត្វ ឬអ្វីដែលជាធំ, ជាប្រធាន, ជាចម្បងលើគេ ដូចជា : មេកង មេរបស់ពួកមួយៗ ។ ឋានន្តរស័ក្តិសម្រាប់អាជ្ញាកត់ពន់ មានស័ក្តិចុះបន្ទាប់ពីអាជ្ញាហ្លួងមក : មេកងពន្ធស្រូវ, មេកងពន្ធទាស (មានតែក្នុងសម័យពីដើម) ។
- មេកាព្យ ក្បួន ឬបែបប្រាប់របៀបតែងកាព្យ ។
- មេការ អ្នកដែលជាមេលើកិច្ចការនីមួយៗ ។ ឈ្មោះក្រុមអ្នករាជការ ជាងឈើក្នុងព្រះបរមរាជវាំង : ក្រុមមេការ, មន្ត្រីមេការ ។ ឈ្មោះក្រសួងសម្រេចកិច្ចការហត្ថកម្មផ្សេងៗខាងលើកថ្នល់, សង់ស្ពាន, សង់ផ្ទះ ... ក្នុងកម្ពុជរដ្ឋសព្វថ្ងៃនេះ : ក្រសួងមេការ, លោកចាងហ្វាងមេការ ។
- មេកោយ គ្រាប់អង្គញ់ដែលដាំជាមេ និងគ្រាប់ដែលជាកោយសម្រាប់បោះ ឬបាញ់ ។ ព. ប្រ. ពួកអ្នកដែលមាននាទីធំតូចតាមលំដាប់គ្នា, គេតែងនិយាយថា : ធ្វើការត្រូវស្ដាប់មេកោយ ឬថា ចាត់ការឲ្យមានមេមានកោយ ។
- មេក្រាន មេចង្ក្រាន គឺមេគ្រួ ឬមេផ្ទះមួយៗ របស់ពួកព្នង គឺខ្មែរលើសព្វថ្ងៃនេះ ។
- មេក្រុម ឬ - មេគណៈ អ្នកដែលជាប្រធានលើក្រុមឬពួកមួយៗ ។
- មេខូច មេនាំឲ្យខូចខ្លួនផង ។
- មេខ្លោង មេដំរីដែលមានមាឌធំសម្បើមជាប្រធានលើហ្វូង ។ ព. ប្រ. មនុស្សដែលមានរូបរាងធំខ្ពស់ជ្រងោ កាលបើដើរចេញទៅណាឃើញចង្គ្រោងជាងគេរាល់គ្នា ។
- មេគណ (--មេគន់) មន្រ្តីសង្ឃដែលមានសមណស័ក្តិខ្ពស់ជាងអនុគណគ្រប់ស្រុកក្នុងខែត្រ ។
- មេគណក្រុង មេគណក្នុងក្រុង ។
- មេគយ អធិបតីក្នុងរាជការគយ ។
- មេគ្រែ ឈើបួនកំណាត់ដែលផ្គុំភ្ជាប់នឹងគ្រែ ។
- មេចង្ហាន់ ស្ត្រីអ្នកផ្គត់ផ្គង់ចង្ហាន់ ។
- មេចោរ ចោរដែលជាប្រធានលើអស់ចោរក្នុងពួកណាមួយ ។ ពាក្យជេរ ឬបញ្ចោរស្ត្រីដោយទុកដាក់ថា ជាចោរឬថាដូចជាចោរ; ឬក៏ប្រើជាពាក្យសាមញ្ញច្រឡោះបោះជេរលែងប្រឡែងទៅរកស្ត្រីដែលស្និទ្ធស្នាល ដោយស្មោះស្មើក៏មាន : មេចោរខូច !, មេចោរអន្តរធាន !... ។
- មេជើង មេម្រាមជើង គឺម្រាមជើងដែលធំជាងគេ ។
- មេដែក ដែកមួយប្រភេទដែលស្រូបដែកដទៃបាន ។
- មេដៃ មេម្រាមដៃ គឺម្រាមដៃដែលធំជាងគេ ។
- មេដំបូល មេរបស់ដំបូល គឺឈើដែលដាក់បណ្ដាយលើក្បាលសសរទ្រូង ឬចុងជើងគក ។
- មេទ័ព មេរបស់កងទ័ព គឺមន្ត្រីដែលជាអធិបតីត្រួតត្រាពួកទ័ព ។
- មេទាហាន មន្រ្តីដែលមានអំណាចត្រួតត្រាលើពួកទាហានមានកំណត់ចំនួនប៉ុណ្ណោះៗ ក្នុងបន្ទាយមួយៗ ឬក្នុងក្រុមមួយៗ ។
- មេទឹក ទឹកអន្លង់ជាដើមសម្រាប់បើក, បង្ហូរឬបាចដាក់ស្រែ ។
- មេបទ អ្នកដែលជាមេបើកបទពំនោលល្ខោន ឬជាមេតាំងផ្ដើមមុនក្នុងការសូត្របទ ឬច្រៀង ។
- មេបន្ទុក អ្នកដែលជាប្រធានក្នុងការទទួលរងបន្ទុក (អ្នកចិញ្ចឹមរក្សាគេ) ។
- មេផ្ទះ ស្រ្តីដែលជាប្រធានក្នុងការចាត់ចែងកិច្ចការក្នុងផ្ទះ (ប្រពន្ធ) ។
- មេពាក្យ ពាក្យដែលរៀបរៀងជាមេតាមលំដាប់អក្សរ (ដូចយ៉ាងរបៀបពាក្យក្នុងវចនានុក្រមនេះ) ។
- មេព្រើល មេនាំឲ្យព្រើល ។
- មេព្រៃ ឈ្មោះក្រុមរាជការត្រួតត្រាខាងឈើព្រៃចម្រើនប្រយោជន៍ក្នុងរដ្ឋមណ្ឌល : ក្រុមមេព្រៃ, រាជការមេព្រៃ ។
- មេលេខ ឬ - មេនព្វន្ត ពាក្យដែលចងជាមេទន្ទេញចំនួនសំខ្យាមានវិធីផ្សំជាដើម សម្រាប់ប្រើក្នុងវិជ្ជានព្វន្ត ។
- មេវត្ត ចៅអធិការវត្ត : លោកមេវត្ត ។
- មេសូត្រ ពាក្យដែលចងជាមេទន្ទេញប្រាប់វិធីវេយ្យាករណ៍បាលីសម្រាប់ប្រើក្នុងការរៀនបាលីភាសា (ខាងវេយ្យាករណ៍សំស្ក្រឹតបែបបុរាណ ក៏មានមេសូត្រដែរ) ។
- មេស្រុក ឬ - មេឃុំ មន្ត្រីជាអធិបតីក្នុងឃុំ គឺពញារក្សាភិបាល (ក្នុងសម័យឥឡូវហៅថា នាយសង្កាត់...) ។
- មេស្រែ អ្នកដែលកាន់កាប់រក្សាស្រែព្រះកេរ្តិ៍ ឬអ្នកដែលមានស្រែច្រើនជួលឲ្យគេធ្វើ ។ មេអ្នកបាអ្នក (ព. សា.) មនុស្សដែលមានអានុភាពស្មើនឹងគេរាល់គ្នា ឥតមានអ្នកណាសន្មតទុកដាក់ឲ្យជាប្រធានលើគេទេ ក៏ស្រាប់តែចេញទែង សម្ដែងអាការជាអ្នកត្រួតត្រាហែហៃលើគេក្នុងកិច្ចការអ្វីមួយ គឺតាំងខ្លួនឯងជាមេជាបាលើអ្នកទាំងអស់ ។ល។
- ព្រះមេ (ព. ប្រ.) ស្រូវ, អង្ករ, បាយ (ហៅដោយទុកដាក់ថាជាមេនៃអាហារ) ។
-
យារ
( គុ.គុនសព្ទ )
ដែលស្លុយ, ស្រុងចុះ, យុលចុះ, ដែលសំយាកចុះ; ជ្រុលចុះក្រោម : សង្រែកយារ, ក្បិនយារ ។
- យារមុខ ជ្រុលមុខ, ងងុយមុខ, ងប់មុខ ។
- យារមុខ ខើចក្រោយស្រុងខាងមុខខើចខាងក្រោយ : សម្លៀកសំពត់យារមុខខើចក្រោយ ។
- ដំឡូងយារ មើមដំឡូងដែលនៅជាប់ នឹងគល់កប់ក្នុងដីហួសរដូវហើយ ស្វិតសាច់ស្ប៉តស្ងោរមិនរលួយ ។
- ទាញយារ ទាញស្រៈអាសំយាកចុះ; ន. ស្រៈអា (អា) : ក ទាញយារជា កា (ព. សា.) ។
- យុរយារ ដែលធូរស្វតយុរចុះរយាក :
- សាច់ស្បែកយុរយារ ។
- យូរយារ យូរជ្រុល, យូរហួសកំណត់ : យូរយារណាស់ហើយ ។
-
មូសិកទន្ត
( ន.នាមសព្ទ )
[មូសិកៈទ័ន]
(< មូសិក “កណ្ដុរ” + ទន្ត “ធ្មេញ”; មូឞិក--) ធ្មេញកណ្ដុរ ។ ខ្មែរប្រើពាក្យនេះជាវណ្ណយុត្តិមួយប្រភេទមានរូបជាគំនូសក្បៀសពីរ សណ្ឋានស្រដៀងនឹងធ្មេញកណ្ដុរ ( " ) នេះ សម្រាប់ប្រើសម្លាប់បំបែរសំឡេងព្យញ្ជនៈ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ, មានសំឡេងជា ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉, និងប្រើដាក់ពីលើស្រៈ ិ ឲ្យជា ឺ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្មេញកណ្ដុរ ផង) ។
-
យុគលពិន្ទុ
( ន.នាមសព្ទ )
[យុគៈលៈពិន-ទុ ]
(យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច”) ចំណុចមួយគូ ឬចំណុចពីរទន្ទឹមគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិន្ទុ ផង) ។ ពាក្យសន្មតឲ្យជា ឈ្មោះវណ្ណយុត្តមួយយ៉ាង (:) ដូចគ្នានឹង ដឺពង់ក៍ (Deux points) របស់បារាំងសែស, សម្រាប់ប្រើចុចពីខាងមុខអក្សរ ដែលមានសំឡេង ជា អៈ, អាៈ, អេៈ, ជាដើម ដូចជាខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ីថាៈ, អេៈអុៗ, រអេះរអុ ជាដើម; ប៉ុន្តែ ពាក្យដែលជា សមាសនាម មានដើមថា កម្ពុជរដ្ឋ, ខេមរជាតិ, មគធភាសា, មរណភាព, រាជបុត្រ, សក្ការបូជា, អក្ខរវិធី (ក័ម-ពុជៈរ័ក, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី) នេះ កុំចុចអក្សរកណ្តាលជា កម្ពុជៈរដ្ឋ, ខេមរៈជាតិ, មគធៈភាសា, មរណៈភាព, រាជៈបុត្រ, សក្ការៈបូជា, អក្ខរៈវិធី ដូច្នេះឡើយ ។ មួយទៀត, យុគលពិន្ទុ នេះមិនមានសំឡេងទេ សម្រាប់ប្រើជាគ្រឿងសម្គាល់ការចង្អុលពាក្យឬសេចក្តីខាងមុខ ដែលជាឧទាហរណ៍ឬជាព័ស្តុតាងជាដើម, ដូចជាម្តាយនិយាយ ថា : កូន, ឯងខំប្រឹងរៀនសូត្រទៅ ទាន់ខ្លួននៅក្មេង ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ផង) ។
-
រស្ស
( គុ.គុនសព្ទ )
[រ័ស-សៈ]
(រស្ស; ហ្រស្វ) ខ្លី; ដែលមានរូបរាងខ្លី; តឿ; ទាបកន្ទិល, កន្តុញ ។ ន. មនុស្សតឿ, សត្វតឿ ។ ស្រៈមានសំឡេងខ្លី; សម្រាប់ប្រើក្នុងភាសាបាលីមាន ៣ តួ គឺ អ, ឥ, ឧ; ខាងភាសាសំស្រឹ្កតមាន ៦ តួគឺ អ, ឥ, ឧ, ឫ, ឭ, អះ; ខាងភាសាខ្មែរមាន ៤ តួគឺ អិ, អឹ, អុ, អះ (សម្រាប់ភាសាខ្មែរ, ស្រៈ អ នេះមិនទៀង គឺចួនកាលជា រស្សៈ ចួនកាលជាទីឃៈ តាមសូរសំឡេងជា អៈ ខ្លី និង អ វែង, ដូចជា : ប៉ប្រក, ប៉ប្រង, ទទ្រម, ពពក, ពភល អ. ថ. ប៉ៈប្រក, ប៉ៈប្រង, ទៈទ្រម, ពៈពក, ពៈភល; ប៉ៈ, ទៈ, ពៈ ជារស្សៈ; ប្រក, ប្រង, ទ្រម, ពក, ភល ជាទីឃៈ ឬជា គរុ); ស្រៈទាំងប៉ុណ្ណេះហៅថា ស្រៈរស្សៈ ឬ រស្សសរៈ ។ ព. ផ្ទ. ស្រៈទីឃៈ ឬ ទីឃៈ ឬ ទីឃសរៈ ។