Khmer Dictionary: យក្ស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពំនោល
( ន.នាមសព្ទ )
ដំណើរដែលពោល, ពាក្យពោល; បទពោលល្ខោន ។ ឈ្មោះកាព្យមួយយ៉ាង មានជើងបី គឺក្នុងមួយរបះមានឃ្លាបី, មានចួនបី, ឃ្លាទី ១, និងទី ៣ មាន ៦ ពាក្យ, ឃ្លាទី ២ មាន ៤ ពាក្យ : បទពំនោល, ដូចជា : យក្សក្រោធច្រឡោតខ្លាំងក្រៃ ស្ទុះហោះចៀវច្រៃ ពួតដៃកំញើញគួរស្ញែង ។ ស្រែកហ៊ោសន្ធាប់ឥតក្រែង ថាវ៉ឺយប្រស្ដែង ម្ដេចឯងពុំកោតចេស្ដា ។
-
មុខ
( ន.នាមសព្ទ )
[មុក ]
(ប្រធាននៃសរីរប្រទេស គឺប៉ែករូបកាយត្រង់ទីប្រជុំនៃថ្ងាស, ចិញ្ចើម, ភ្នែក, ច្រមុះ, មាត់, ចង្កា ។ មាត់; ប្រធាន; ទី; នាទី; លំអាន; ធ្នារ; ឡែក; បែប, យ៉ាង ... ។
- មុខការ ការដោយមុខ គឺការដោយឡែកពីគ្នា ។
- មុខក្រសួង ក្រសួងដោយឡែកពីគ្នា ។
- មុខក្រោយ (ព. ប្រ.) មុខដែលមានទ្រង់ទ្រាយប្រៀបប្រដូចនឹងសណ្ឋានមុខត្រីក្រាយ ។
- មុខក្រូចសើច (ព. ប្រ.) មុខដែលឡើងសាច់ពកតូចៗឃ្មឹល ស្រដៀងនឹងសំបកផ្លែក្រូចសើច ។
- មុខក្រៀម ឬ - ក្រៀមមុខ (ព. ប្រ.) មុខមិនស្រស់ឬមិនរីក ព្រោះមានព្រួយ ។
- មុខងប់ ឬ
- ងប់មុខ ចចេសងប់មិនងាកតាម ។
- មុខងាប់ ឬ - មុខខ្មោច (ព. ប្រ.) ដែលមានទឹកមុខដូចជាមុខបុគ្គលស្លាប់ (ពាក្យជេរ, បង្អាប់ដោយមើលងាយ) : អាចោរមុខងាប់ ! ។
- មុខងារ នាទីសម្រាប់ងារ ។
- មុខឆ្កែ (ព. ប្រ.) ដែលជជ្រកមមករកគេដោយអាការអៀនខ្មាសដូចជាឆ្កែ : មនុស្សមុខឆ្កែ, ទៅរកគេទាំងមុខឆ្កែ (និយាយថា មុខឆ្កែស្រែជម្រៅ ក៏មាន...) ។
- មុខជូរ (ព. ប្រ.) មុខដែលចេញអាការជ្រួញជ្រេញ ហាក់ដូចជាកំពុងបរិភោគវត្ថុជូរខ្លាំង ។
- មុខឈ្មង មុខដែលមានទ្រង់ទ្រាយសមរម្យឥតឆ្គង, មុខស្រស់បំព្រង ។
- មុខដាវមុខលំពែង (ព. ប្រ.) ទទួលភារៈចេញមុខតតាំងជាជំនួសគេ : រងមុខដាវមុខលំពែង ។
- មុខតំណ កន្លែងឬស្នាមដែលត ។
- មុខថ្លោះ ឬ - ថ្លោះមុខ (ព. ប្រ.) ប្រែឈាមមុខស្រុតចុះហាក់ដូចជាថ្លោះ (ព្រោះភ័យឬព្រោះមានជំងឺ) ។
- មុខទ័ព ឬ - មុខសឹក ទីចំពីខាងមុខកងទ័ពដែលកំពុងលើក ។ ព. ប្រ. ទទឹងមុខទ័ព ទទឹងដំណើរអាជ្ញា ដែលមានអានុភាពស្រដៀងនឹងទ័ព ។
- មុខទឹក ផ្លូវទឹក, ធ្នារទឹក ។
- មុខបាទ (មុក-បាត) មុខនិងជើង គឺដើមចុង, ដើមទង, ទងគន្លង : រកឲ្យឃើញមុខបាទ ។
- មុខពាប់ ឬ - ពាប់មុខ (ព.ប្រ.) មុខដែលចេញអាការដូចជាពាប់ចុះ (ព្រោះភ័យឬព្រោះតូចចិត្តខ្លាំង) : ទម្លាក់មុខពាប់, ភ័យពាប់មុខ ។
- មុខព្រហ្ម រូបមុខដែលបែកចេញជាបួន ភ្ជាប់នឹងកំពូលប្រាសាទឬកំពូលចេតិយ ។
- មុខព្រះលាន ទីវាលឬផ្លូវធំត្រង់មុខព្រះរាជវាំង ។
- មុខមន្ត្រី មន្ត្រីដែលជាប្រធានឬជាអធិបតីលើអស់មន្ត្រីទាំងពួង, អធិបតីនៃពួកសេនាបតី; ច្រើនប្រើថា នាម៉ឺនសព្វមុខមន្ត្រី ។
- មុខមាត់ មុខនិងមាត់ គឺការចេញបង្ហាញមុខនិងការបញ្ចេញសម្ដីថ្វីមាត់ក្នុងទីប្រជុំជន : ចេញមុខមាត់ ។ អ្នកដែលមានអ្នកធំអ្នកតូចរាប់អានច្រើន : មនុស្សមានមុខមាត់ ។
- មុខមាំ មុខដែលសម្ដែងអាការមាំសម្បើម : ធ្វើមុខមាំ ។
- មុខយក្ស រូបមុខស្មាច់សម្រាប់ល្ខោនពាក់ធ្វើយក្ស ។
- មុខរបរ របរដោយមុខ, របរផ្សេងៗដោយឡែក ។
- មុខរាហុ៍ (ព. ប្រ.) មុខមនុស្សដែលមានទ្រង់ទ្រាយកំពាង ស្រដៀងនឹងរូបរាហូ : មនុស្សមុខរាហុ៍ ។
- មុខរីក ឬ
- រីកមុខ មុខដែលចេញអាការរីករាយ ។
- មុខរឹង (ព. ប្រ.) ដែលរឹងរូស, មានះ, ចចេស ទោះអ្នកដែលមានអំណាចលើ សម្លឹងសម្លក់ដាក់ក៏មិនជច់មុខ : មនុស្សមុខរឹង ។
- មុខសស្ត្រ (--សាស់) មុខរបួសដែលមុតដោយសស្ត្រា ។
- មុខស្ងួត ឬ - ស្ងួតមុខ (ព. ប្រ.) មុខដែលចេញអាការក្រៀមក្រំហាក់ដូចជាស្ងួត ។
- មុខស្មន់ នាទីឬដំណើរដែលមានព្រោះស្មន់អន្ធករឬសហាយស្មន់នឹងគ្នា : ទោសមុខស្មន់, ទោសទាស់នឹងមុខស្មន់, ពិន័យមុខស្មន់ ។
- មុខស្មើ មុខជើយដោយអាការតោះតើយ មិនអើពើ : ធ្វើមុខស្មើ ។
- មុខស្រងូត មុខមិនរីកដោយអាការក្រៀមក្រំ ។
- មុខស្រពោន ឬ ស្រពោនមុខ (ព. ប្រ.) មុខមិនស្រស់, មិនរីករាយហាក់ដូចជាស្រពោន ។
- មុខស្អុយ (ព. ប្រ.) មុខស្រពោនស្រពាប់ដោយហេតុទើសទាក់គំនិតឬតានតឹងចិត្ត ។
- មុខអាករ នាទីដែលកើតអាករ កើតលាភ ។
- មុខអុត មុខដែលមានស្នាមអុត ។
- មុខអំណាច នាទីរបស់អំណាច ។ល។ កាត់មុខ កាត់ចំពីមុខ : ដើរកាត់មុខ ។ កាត់នាទីឬកាត់ប្រយោជន៍; កាត់លាភរបស់អ្នកដទៃ : កុំកាត់មុខគេ ។
- កំបាំងមុខ ដែលកំបាំងគេមើលមិនឃើញ : ទីកំបាំងមុខ ។ ខាងមុខ ខាងនាយមុខ, ឯមុខ ។
- ខុសមុខ ខុសបែបគ្នា; មិនត្រូវមុខ ។
- ងងឹតមុខ វិលមុខងងឹតឈឹងមើលអ្វីពុំឃើញ ។ ព. ប្រ. ទញ់ទាល់គំនិតងងឹតឈឹង ។
- ចេញមុខ ចេញទែងសម្ដែងមុខឲ្យគេឃើញ ។
- ចេញមុខ ចេញមាត់ ចេញទាំងមុខទាំងសម្ដី ។
- ចែកមុខ ចែកឲ្យដោយមុខ ដោយឡែកពីគ្នា ។
- ចំពោះមុខ ដែលប្រាកដនៅមុខ ។
- ចំមុខ ត្រង់ពីមុខ ។
- ចាំមុខ មិនភ្លេចមុខគេ ។
- ច្រើនមុខ ច្រើនបែប, ច្រើនយ៉ាង : ទំនិញច្រើនមុខ, ម្ហូបច្រើនមុខ ។
- ជច់មុខ (ព. ប្រ.) ចុះទឹកមុខឬជ្រប់មុខហាក់ដូចជាជច់ព្រោះគេបន្តុះបង្អាប់ឬស្ដីថាឲ្យ ។
- ជូរមុខ (ព. ប្រ.) បញេ្ចញអាការធ្វើមុខស្មូញ ព្រោះធុញ, ទ្រាន់ ។
- ជ្រប់មុខ ទម្លាក់មុខជ្រប់ ។
- ញាក់មុខ ឬ ញាក់មុខញាក់មាត់ កម្រើកចង្កាងើបងើយខ្វិចបន្តិចឡើងឬបិទមាត់ផ្អឹបកម្រើកចង្កាញាក់ខ្វើកឡើងលើ ។
- ដាក់មុខ ឱនមុខចុះបន្ដិចស្រពោនស្រពាប់ព្រោះសេចក្ដីអៀនខ្មាសឬទញ់តុះ : ដាក់មុខជ្រប់ ។ នៅទីចំពោះមុខ, ផ្គើននៅមុខ : ស្ដីដាក់មុខ, ថាដាក់មុខ ។
- ដាច់មុខ ផុតអស់មុខការ, ផុតនាទី; ដាច់នាទីឬមុខការដោយឡែក ។
- ដឹងមុខ ដឹងដោយសារគេប្រាប់ថា ឈ្មោះនេះ ឈ្មោះនោះ ដែលជាសត្រូវ ... ។
- ដោយមុខ ដោយឡែក, ដោយបែប, ដោយយ៉ាង : កាន់ការដោយមុខ, យល់ដោយមុខ ។ តូចមុខ ឬ ទាបមុខ (ព. ប្រ.) អាប់មុខ, មិនពេញមុខ ។
- ទទឹងមុខ (ព. ប្រ. នៅទទឹងចំពីមុខ ។
- ទុកមុខឲ្យ ឬ - ទុកមុខទុកមាត់ឲ្យ ទុកនាទីឲ្យ, ទុកអំណាចឲ្យ, យោគយល់ ។
- ទើសមុខ ឬ - ទើសមុខទើសមាត់ (ព. ប្រ.) ទើសទាល់ដោយយល់មុខ, ដោយខ្លាចចិត្តឬដោយអៀនអន់ព្រោះមានគេនៅមុខ, នាំឲ្យធ្វើអ្វីមិនស៊ប់ ។ ទៅមុខ ទៅឯខាងមុខ, ទៅឯកាលខាងមុខ ។ ធំមុខ ពេញមុខ ។ ធ្វើមុខក្រញូវ សម្ដែងទឹកមុខឡើងក្រញូវ ។
- ធ្វើមុខធ្វើមាត់ឲ្យ ញាក់មុខញាក់មាត់ក្រមាច់ក្រមើមឲ្យ ។ នៅមុខ ចំពោះមុខ ។
- នាំមុខ
- ទៅពីខាងមុខ, នាំឲ្យតាម ។
- បិទមុខ ភ្ជិតមិនឲ្យឃើញមុខ, មិនឲ្យឃើញលំអាន ។
- បោរមុខ (ព. ប្រ.) អៀនខ្មាសមើលមុខគេមិនត្រង់ ហាក់ដូចជាមុខបោរឡើង : ស្ដីឲ្យបោរមុខ ។
- បំបាក់មុខ (ព. ប្រ.) ធ្វើឲ្យអាប់ឱនហាក់ដូចជាធ្វើមុខឲ្យបាក់ ។
- បំបាត់មុខ ធ្វើឲ្យបាត់មិនឲ្យឃើញមុខ, គេចលែងឲ្យឃើញមុខ, ចងបំបាត់មុខ, ដើរបំបាត់មុខ ។
- ពេញមុខ (ព. ប្រ.) ចេញមុខពេញលេញមិនរលឹបរល, មានមុខមានឈ្មោះ ។
- មានមុខ មានការរបរពេញទី; មានកេរ្តិ៍ឈ្មោះ, មានអ្នកធំអ្នកតូចរាប់អានច្រើន : មនុស្សមានមុខ, អ្នកមានមុខ ។
- យកមុខ, យកឈ្មោះ ឬ យកមុខយកមាត់ ចេញមុខខ្នះខ្នែងកិច្ចការម្ដងៗឲ្យមានឈ្មោះល្អ, វាតអាទិ៍ដណ្ដើមមុខការដែលជាសាធារណៈ ឲ្យបានមកលើខ្លួនចាត់ចែងយកកេរ្តិ៍ឈ្មោះ ។
- យល់មុខ យោគយល់ដោយមុខ, មិនប្រកាន់ទោសព្រោះយល់ថាមានមុខ ។
- យារមុខ ស្រុងស្លុយខាងមុខជាងខាងក្រោយ ។ ព. ប្រ. ងងុលចូលមិនថយក្រោយ ។
- យោងមុខ អន្ទងនាំផ្លូវពីមុខ, យោងមិនឲ្យឃ្លាតពីមុខ : ជិះសេះយោងមុខគោ, អុំទូក-ងយោងមុខទូកវ៉ែត ។
- ស្មើមុខ ដែលមានមុខមានឈ្មោះស្មើគ្នា : មនុស្សស្មើមុខ ។
- ស្អប់មុខ ស្អប់មិនចង់ឃើញមុខ ។
- អាប់មុខ អាប់ឱនមិនពេញមុខ ។ ឯមុខ ខាងមុខ, ខាងនាយ ។ល។ ។ល។
-
យក្ខ
( ន.នាមសព្ទ )
[យ័ក ]
អមនុស្សជាអទិស្សមានកាយមានភុម្មទេវតា, វត្ថុទេវតា, អសុរ, បិសាច ជាដើម ទោះមានចិត្តល្អក្ដី មានចិត្តអាក្រក់ក្ដី ដែលពួកមនុស្សរាប់អានធ្វើពលិការបូជា សែនព្រេន ។
-
យក្ខិនី
( ន.នាមសព្ទ )
[យ័ក-ខិន៉ី]
ស្រីយក្ស, យក្សស្រី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា យក្សី ក៏ បាន) ។
-
យក្សា
( ន.នាមសព្ទ )
[យ័ក្សា ឬ យ័កសា]
(ពហុ. របស់ យក្ស) យក្សទាំងឡាយ, ពួកយក្ស ។
-
រណារ
( ន.នាមសព្ទ )
បន្ទះដែកសំប៉ែតស្ដើងមានធ្មេញ មានគ្រឿងភ្ជាប់សម្រាប់កាន់ ជាប្រដាប់សម្រាប់អារឈើជាដើម មានច្រើនប្រភេទគឺ រណារកន្ទុយត្រី, រណារកាត់, រណារច្រៀក, រណារយក្ស (រណារកាត់យ៉ាងធំ), រណាររ៉ ... ។
-
រអាត
( ន.នាមសព្ទ )
អជ្ឈុបាតកសត្តពួកមួយមាន ២ ប្រភេទគឺ រអាតយក្ស ឬ រអាតធំ មាត្រធំជាងអក សម្បុរប្រផេះក្រមៅ រាងទាបក្រទា ក្បាលតូចឆ្លឹម ចុងចំពុះខុបស្រួចមុត ក្រចកមុត, ជាសត្វខ្លាំងរនិងរនាំង, ឆាបឆក់ឬចាប់ចឹកសត្វពួកខ្លះដែលតូចជាងខ្លួនវាជាអាហារ; រអាតទន្សាយ ឬ រអាតតូច មាត្រប៉ុនទីទុយ ក្បាលធំក្រមុប ចំពុះខ្លីខុបមុត ក្រចកមុត សម្បុរពព្រុសដូចទីទុយ, អាចហ៊ានចាប់ទន្សាយឲ្យមុតជាប់ដោយក្រញាំជើងចឹកពិឃាតយកជាអាហារបាន ។
-
រាក្ស័ស
( ន.នាមសព្ទ )
[រា-ក្ស័ស ]
(រាក្សស៑; រក្ខស) យក្សសាមញ្ញ ឬបិសាចពួកខ្លះដែលនៅអាស្រ័យតាមមាត់ទឹកឬក្នុងដងព្រៃ (អារក្សទឹក, អារក្សព្រៃ ឬខ្មោចព្រៃ), បើស្រីហៅ រាក្សសី (រា-ក្សៈសី), ជាពួកអមនុស្សកាចសាហាវ ច្រើនបៀតបៀនយាយីមនុស្សដែលចូលដល់ទីដែនរបស់វា: ត្រពាំងនោះមានរាក្ស័សហួងហែងរក្សា ។
-
រាមសូរ
( ន.នាមសព្ទ )
[រាមៈសូ ]
ឈ្មោះយក្សម្នាក់ក្នុងរឿងបុរាណ ។
-
វាយុ
( ន.នាមសព្ទ )
ខ្យល់; ព្យុះ ។
- វាយុគុល្ម (--គុល) មើលពាក្យ ពាយុគុល្ម ។
- វាយុទេព ទេវតាអ្នកបណ្ដាលឲ្យកើតខ្យល់ (វាតវលាហក) ។
- វាយុបថ (--បត់) ផ្លូវខ្យល់ (អាកាស) ។
- វាយុបុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាយុបុត្រ) ។
- វាយុផល (--ផល់) ឥន្ទធនូ; ព្រឹល, គ្រាប់ព្រឹល ។
- វាយុភក្ស (--ភ័ក) ដែលមានខ្យល់ជាអាហារ; អ្នកបរិភោគតែខ្យល់ ។ ឈ្មោះយក្សម្នាក់ក្នុងរឿងរាមកេរ្តិ៍ ។
- វាយុរោសា រាត្រី (យប់) ។
- វាយុវេគ (--វេក) កម្លាំងខ្យល់, សន្ទុះខ្យល់ ។
- វាយុស័ខ ដែលមានខ្យល់ជាសម្លាញ់ (ភ្លើង) ។ល។