Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យីថោ
( ន.នាមសព្ទ )
or យិតថោ
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះឈើផ្កាមានសន្លឹកតូចជមវែងស្រួចៗ មានជ័រសផ្កាជាចង្កោម សម្បុរក្រហមខ្ចី មានស្រទាប់ ស្ទើរចាប់ច្រឡំនឹងផ្កាកុលាប ក្លិនក្រអូបប្រហើរឆ្អិតតែផ្សាយមិនសូវបានឆ្ងាយ, បើកាត់ឲ្យជាប់ទាំងមែកត្រាំក្នុងទឹកដបទុកបានយូរថ្ងៃ, ហៅថា យីថោក្រហម ឥឡូវក្នុងប្រទេសកម្ពុជា មានយីថោមួយប្រភេទផ្សេង មានដើមស្លឹកផ្កាដូចយីថោក្រហមដែរ ប៉ុន្តែផ្កាមានព័ណ៌ស, ហៅថា យីថោ-ស ផ្កាពុំសូវមានក្លិនទេ ។ មានមួយប្រភេទទៀតដើមធំមានជ័រស ស្លឹកស្រួចៗដែរ តែតូចៗខ្លីៗបន្តិច ផ្កាសម្បុរលឿងឥតស្រទាប់ រូបសណ្ឋានស្រដៀងនឹងផ្កាត្រកួន តែ តូចជាង មានផ្លែសាច់ផុសៗ, ហៅថា យីថោលឿង (ច្រើនហៅ យិតថោ ជាង) ។
-
យីស៊ុន
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះឈើផ្កាមួយប្រភេទ ដើមស្លឹក ផ្កាសណ្ឋានកុលាបតែឥតក្លិន, ផ្កាមានព័ណ៌ផ្សេងៗ គឺ ស, ស-ភាវ, ក្រហមចាស់, ក្រហមប្រឿង (អ្នកខ្លះហៅ កុលាបឥតក្លិន) ។
-
យីហោ
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
គ្រឿងសម្គាល់; នាមដែលតាំងជាសម្គាល់របស់ឈ្មួញ; កេរ្តិ៍ឈ្មោះ ក្នុងការជួញ : មានយីហោ, អាប់យីហោ, ខូចយីហោ បាត់យីហោ ។
-
យីហ៊ុន
( ន.នាមសព្ទ )
ឈ្មោះថ្នាំគំនូរមួយប្រភេទ ជាម្សៅម៉ដ្ឋសម្បុរស ។
-
យីហ៊ុប
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះឈើផ្កាមួយប្រភេទ ផ្កា ស្រដៀងនឹងមន្ទារតែតូចជាង ស្រទាប់ខាងក្នុងសម្បុរសក្លិនក្រអូបឆ្អិត ។
-
យីអើ !
( ឧ.ឧទានសព្ទ )
or យីអើហ្ន៎
សូរលាន់មាត់ដោយមានអស្ចារ្យប្លែកក្នុងចិត្ត, ដោយស្ងើច; ដោយឆ្ងល់ : យីអើ ! ចម្លែកណាស់ហ្ន៎ !; យីអើ ! មិនគួរបើដល់ម្ល៉ឹងសោះ !, យីអើហ្ន៎ ! ល្អណាស់តើ !
-
យីះ !
( ឧ.ឧទានសព្ទ )
សូរលាន់មាត់ដោយភ្ញាក់, ស្លន់, ខឹង : យីះ ! ពស់ធំណាស់ !; យីះ ! អាក្រក់ណាស់ !
-
យឹត
( កិ.កិរិយាសព្ទ )
ទាញឲ្យដាបមកជិត : យឹតមែកឈើ ។ ទាញឲ្យខ្លបចូល : យឹតធ្នូ ។ សម្រឹងស្មិងស្មាធិ៍ដោយតាំងអារម្មណ៍ឲ្យមូល ទាញយកនិមិត្តឲ្យឃើញដូចចិត្តផ្សងឆ្ពោះទៅរកកិច្ចការអ្វីមួយ, ខាបឲ្យឃើញ : យឹតមេឃច្ឆាយ, យឹតហួយ (ប្រើតាមទម្លាប់ជំនឿរបស់ជនពួកខ្លះ) ។ ស្រវឹងជ្រុលជ្រប់, ងោងខ្លាំង : ស្រាវាយឹត, កញ្ឆាវាយឹត (ព. សា.) ។ កិន, ទរ, ប្រមោកដាក់ ឥតញញើត ឥតប្រណី; ស៊ីបាយឥតសំចៃ ដណ្តើម ឬប្លន់យកទ្រព្យ; វាយ, ដាល់, តប់, ទាត់, ធាក់ : យឹតឲ្យពេញបន្ទុក !; ចេះតែយឹតចុះ ! ... (ព. សា.) ។
-
យឹតយោង
( កិ.កិរិយាសព្ទ )
ស្រោចស្រង់ សង្រ្គោះឲ្យបានរួចពីការក្រ, ឲ្យបានរួចពីសេចក្ដីក្រីក្រលំបាក : អ្នកប្រាជ្ញគួរយឹតយោងអ្នកខ្លៅ; អ្នកមានគួរយឹតយោងអ្នកក្រ; អ្នកល្អគួរយឹតយោងអ្នកអាក្រក់ ។
- ជេរយឹតយោង ឬ - ជេរយោងយឹត ជេរប្រទេចផ្តាសាបូរបាច់ ឲ្យហិនហោចឲ្យវិនាស ។
-
យឺត
( កិ.កិរិយាសព្ទ )
ដែលមិនរហ័ស, មិនរួសរាន់ : ដំណើរយឺត, សម្តីយឺតៗ; ដើរយឺតៗ, ធ្វើការយឺត, និយាយយឺតៗ ។ ដែលលូតវែងបន្តិចជាងប្រក្រតីដើម ព្រោះទាញ; ដែលលាចេញមិនរួញ : ទាញខ្សែឲ្យយឺត; យឺតសរសៃ ។ ដែលមានសាច់ស្វិតទាញទៅលូតវែងលែងមកវិញរួញចូល : ខ្សែយឺត (ខ្សែកៅស៊ូ) ។
- យឺតយ៉ាវ (ស. ល. យឺត “យូរ” + យាវ អ. ថ. យ៉ាវ “វែង”) ដែលច្រអូសមិនរហ័សរហួន : ប្រញាប់បន្តិចឡើង កុំយឺតយ៉ាវពេក ! ។
- រឿងយឺតយ៉ាវ រឿងយូរអង្វែងហើយ ។
- យឺតយូរ យូរព្រោះយឺត ។ល។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>