Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យាបនមត្ត
( ន.នាមសព្ទ )
[យាប៉ៈន៉ៈម៉ាត់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យាបនមាត្រ) អាហារសម្រាប់ញ៉ាំជីវិតឲ្យប្រព្រឹត្តទៅ គឺស្បៀងសម្រាប់ចិញ្ចឹមជីវិត : ចេតបុត្រព្រានព្រៃនិយាយប្រាស្រ័យថា ហៃតាព្រឹទ្ធាចារ្យអ្ហើយ ចូរតាជីយកសាច់ ឆ្អើរនិងទឹកឃ្មុំនេះទៅ គ្រាន់ជាយាបនមត្តតាមផ្លូវចុះ (ម. កណ្ឌចូឡពន) ។ ខ្មែរក្នុងសម័យពីដើមប្រើពាក្យ យាបនមត្ត នេះឃ្លាតក្លាយជា យាបរមត្ត ក៏មាន ដោយពុំយល់អត្ថន័យរបស់បាលីនេះ ។ យើងអាចប្រើពាក្យ យាបនមត្ត នេះថា ស្រូវអង្ករល្ងសណ្តែកជាដើមថាជា យាបនមត្ត ក្នុងគ្រួសារក៏បាន : ឆ្នាំនេះ គ្រួសារខ្ញុំមានយាបនមត្តគ្រប់គ្រាន់ មិនខ្វះខាតខ្លះដូចឆ្នាំទៅមិញទេ ។ ប្រើជា គុ. ផងក៏បាន “ដែលល្មមចម្អែតអាត្មាបាន, ដែលល្មមមួយចម្អែត” ។
-
យាប្លង
( ន.នាមសព្ទ )
ឈ្មោះស្មៅទឹកមួយប្រភេទដើមជាថ្នាំង ។ មានស្នូលសត្រសុសនៅក្នុង ចាក់រុញបញ្ចេញមកក្រៅបានដោយងាយ : ស្មៅយាប្លង (ហៅ យ៉ាប្លង ក៏មាន) ។
-
យាម
( ន.នាមសព្ទ )
ប្រដាប់របស់នង្គ័លដែលភ្ជាប់ផ្នៀងនិងដងមានសណ្ឋានរៀវខាងចុង រាងកោងស្រួចមកខាងក្រោយសម្រាប់កាន់ភ្ជួរ : យាមនង្គ័ល ។
-
យាម
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
វេលាដែលបែងជាសង្កាត់ៗ ក្នុងថ្ងៃមួយៗ, បើគិតជាម៉ោង ក្នុងមួយយាមមានបីម៉ោង ឬបួនម៉ោង, ក្នុងថ្ងៃមួយយប់មួយមាន ៨ យាម ឬ៦ យាម ត្រូវថា ២៤ម៉ោង ហៅរួមថាមួយថ្ងៃ ។ ក្នុងសម័យបុរាណ ច្រើនប្រើហៅថា យាម តែក្នុងវេលាយប់ៗមួយមានបីយាមគឺ យាម ទី ១ ហៅបឋមយាម ឬ ប្រថមយាម, ទី ២ ហៅ មជ្ឈិមយាម ឬ មធ្យមយាម, ទី ៣ ហៅ មច្ឆិមយាម ឬ បស្ចិមយាម (ក្នុងយាមមួយៗ បើគិតជាម៉ោងមាន ៤ ម៉ោង) ។
- យាមយោគ ដំណើរប្រកបផ្សំតាមពេលយាមគឺការកំណត់ពេលយាមថាមានជោគល្អ ឬ ការទាយតាមពេលយាម ។
- យាមយោគយាត្រា ដំណើរចេញចរ, តាមយាមយោគ គឺការពិនិត្យមើលពេលតាមក្បួនតម្រារួចទើបចេញ ដើរ ។
- ចាប់យាម សង្កេតពេលយាមតាមក្បួនតម្រា ហើយទាយតាមក្បួនប្រាប់ពិតខ្លះទេខ្លះ ។ល។
-
យាម
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ថង់សំពត់មានដៃឬយោគស្ពាយបាន : ស្ពាយយាម ។
-
យាម
( កិ.កិរិយាសព្ទ )
ចាំរក្សាឬក្រវែលឃ្លាំមើល ដោយការប្រយ័ត្នក្នុងពេលមានកំណត់ : យាមឃ្លាំង, យាមផ្លូវ, យាមគុក ។
- យាមល្បា
- ត ល្បាតឃ្លាំមើល ក្នុងពេលមានកំណត់ ។
-
យាមកាលិក
( គុ.គុនសព្ទ, ន.នាមសព្ទ )
[យាមៈ-- ]
( បា.បាលី ( បាលីភាសា ) )
ដែលប្រព្រឹត្តទៅបានតែត្រឹមមួយថ្ងៃមួយយប់; ទឹកដែលគួរភិក្ខុ ពុទ្ធសាសនិកទទួលប្រគេនហើយទុកដោយខ្លួនឯងឆាន់បានកំណត់ មួយថ្ងៃមួយយប់ : អដ្ឋបានជាយាមកាលិកសម្រាប់ពួកភិក្ខុក្នុង ពុទ្ធសាសនា (ព. វិ. ពុ.) ។
-
យាមឃោស
( ន.នាមសព្ទ )
[យាមៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យាម + ឃោស; យាមឃោឞ) សត្វរងាវតាមកំណត់យាម (មាន់ឈ្មោល); គ្រឿងប្រើប្រាស់សម្រាប់បញ្ចេញសូរសព្ទ ប្រាប់យាម (នាឡិកាបណ្តែតទឹក ឬ នាឡិកាវាយ) ។
-
យាមនាលី
( ន.នាមសព្ទ )
[យាមៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
នាឡិកា; ស្គរ; គងធំ, ត្រដោកដែលសម្រាប់វាយប្រាប់យាម ឬប្រាប់ម៉ោង ។
-
យាមវតី
( ន.នាមសព្ទ )
or យាមិកា, យាមិនី
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
រាត្រី, វេលាយប់; យប់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>