Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពនិតា
( ន.នាមសព្ទ )
[ ពៈនិតា, ឬ ត. ទ. ថា ពន់និតា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វនិតា) ស្ត្រី; ភរិយា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីឯភស្ដា និងពិនិតា គូទាំងពីរបា្រណ មានទ្រព្យស្ដុកស្ដម្ភ សមជាអ្នកមាន គ្រប់គ្រងធនធាន ជាសុខរាល់ថ្ងៃ ។
-
ពនេចរ
( ន.នាមសព្ទ )
[ពៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វនេចរ ឬ វនចរ) អ្នកត្រាច់ទៅក្នុងព្រៃ (ព្រានព្រៃ) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : គ្រានោះពនេចរ មានអំណរពន់ពេកក្រៃ រិះរកឧបាយឆ្នៃ បាញ់ដំរីឲ្យបានងាយ (ឆទ្ទន្តជាតក) ។
-
ពន់
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ហួស, ក្រៃ, លើសលន់; ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប្រមាណ, ពេក ថា :
- ពន់ប្រមាណ គឺហួសប្រមាណ; ពន់ពេក ឬ ពេកពន់ គឺហួសពេក, ពេកណាស់ (ច្រើនប្រើតែក្នុងកាព្យ) : មានទឹកជំនន់ ខ្លាំងក្រៃពេកពន់ ធំពន់ប្រមាណ ជន់សាយលិចវាល លិចទាំងភូមិឋាន អ្នកភូមិសឹងបាន ក្ដីព្រួយគ្រប់គ្នា ។
-
ពន្ទ
( កិ.កិរិយាសព្ទ )
[ពន]
មើលក្នុងពាក្យ ពន ។
-
ពន្ធ
( ន.នាមសព្ទ )
[ពន់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ពន្ធ ជា កិ. “ចង, ជាប់, ជំពាក់”; ពន្ធ, ពន្ធន៍ ជា ន. “ចំណង, អន្ទាក់, គ្រឿងជាប់, ជំពាក់”) សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់ : ពន្ធស្រូវ, ពន្ធទូក, ពន្ធទាស, ពន្ធខ្លួន...; ទារពន្ធ, បង់ពន្ធ ។
- ពន្ធដារ ពន្ធគ្រប់មុខ : ការបង់ពន្ធដារសម្រាប់ដែនដី ហៅថា រាជពលី ។
- ពន្ធចំពោះ ពន្ធដីស្រែចម្ការជាដើម ដែលសាមីខ្លួនជាម្ចាស់របស់ត្រូវបង់ជូនរាជការ តាមចំនួនដែលមានកម្រិតទុកជាស្រេចក្នុងបញ្ជី ។
- ពន្ធមិនចំពោះ ពន្ធនៃគ្រឿងបរិភោគនិងគ្រឿងប្រើប្រាស់ផ្សេងៗដូចជាពន្ធគយនិងរដ្ឋាករជាដើម ដែលជននីមួយៗត្រូវបង់ជូនរាជការ ដោយសារខ្លួនត្រូវការបរិភោគឬប្រើប្រាស់នូវវត្ថុទាំងនោះ ។
-
ពន្ធនាការ
( ន.នាមសព្ទ )
[ព័ន-ធៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អាការចង, អាការដែលជាប់, ដែលជំពាក់នៅ : មានពន្ធនាការរួបរឹត ។
-
ពន្ធនាគារ
( ន.នាមសព្ទ )
[ព័ន-ធៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ផ្ទះសម្រាប់ឃុំខាំង, គុក : ជាប់ពន្ធនាគារ, ជាប់ឃុំនៅក្នុងពន្ធនាគារ, នាយកពន្ធនាគារ ។
-
ពន្យល់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យយល់, នាំឲ្យយល់ : គ្រូពន្យល់សិស្សឲ្យយល់ត្រង់ថ្នាក់វិទ្យាដែលក្រយល់ ។
-
ពន្យារ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យយារ, ទាញទម្លាក់ឲ្យយារចុះ : ពន្យារខ្សែ, ពន្យារពេល ។
-
ពន្យី
( កិ.កិរិយាសព្ទ )
ពោលពាក្យឧទានថា យី ! ឬ យី ! យី ! : វាហ៊ានពន្យីឲ្យខ្ញុំ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>