Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ព
ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់, ជាសិថិល-ឃោសៈ, សំស្ក្រឹតនិងបាលីមានសំឡេងជា ពៈ ។
-
ព
( កិ.កិរិយាសព្ទ )
លើកដាក់ចង្កេះកៀកនឹងដៃ ឈរឬដើរ : ពកូន ។ ព. ប្រ. ពផែនដី រក្សាផែនដី គឺគ្រប់គ្រងរក្សាអាណាចក្រនីមួយៗ ។
- ពពោះ មានផ្ទៃពោះ (ផើម) ។ ទទួលរងធ្វើកិច្ចការរបស់អ្នកដទៃឲ្យនៅលើខ្លួនទាំងអស់; ទទួលរ៉ាប់រងទុក្ខលំបាកជាងគេឬជាជំនួសអ្នកដទៃ : ពកិច្ចការ, ពគំនរទុក្ខ, ពការនឿយហត់, ពរវល់ ។
-
ពក
( ន.នាមសព្ទ )
សាច់ដែលដុះជាដុំខ្ពស់ជាងសាច់ប្រក្រតី : ពកដៃ, ពកជើង, ពកថ្ងាស, ពក-ក ។ សាច់រុក្ខជាតិ ឬ លតាជាតិដែលដុះជាកំពូកខ្ពស់ជាងសាច់ប្រក្រតី : ពកធ្នង់, ពកបេង, ពកស្រឡៅ; ពកខ្ញែ (ពកវល្លិខ្ញែ) ។ សាច់ដែលពករម៉ិងរម៉ង់រឹងៗ នៅកែងដៃឬកែងជើង មានសណ្ឋាននិងទំហំស្រដៀងនឹងផ្លែស្លាហៅថា ពកស្លា ។ ឈ្មោះដំបៅមួយប្រភេទចេញជាពកបែកគគុះគគុល មិនងាយនឹងថែរក្សាឲ្យសះជា : ដំបៅពក ។ ឈ្មោះឫស្សីពួកមួយ មានប្រហោងសាច់ស្ដើងរឹងស្រួយ សម្បុរខាងក្រៅរលោង សម្រាប់ប្រើការផ្សេងៗមានធ្វើត្រល់, ប៉ី, ខ្លុយជាដើម : ត្រល់ពក, ប៉ីពក, ក្លាក់ពក, បំពង់ពក ។
-
ពក
( កិ.កិរិយាសព្ទ )
កកើតជាពក (ជានាមកិរិយា) ។
-
ពង
( កិ.កិរិយាសព្ទ )
(ជានាមកិរិយា) ដោរពង់ឡើង, ប៉ោងស្តុលឡើង ដោយចំហាយក្ដៅ, ដោយរលាកភ្លើង ឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ : ដើរកាត់វាលខ្សាច់ក្ដៅពងជើងអស់, រលាកភ្លើងពងស្បែកស្តុល ។ បង្កើតពង, បញ្ចេញស៊ុត : មេមាន់មួយពងបាន ៨ មេមួយទៀតពងបាន ១០ ។
-
ពង
( ន.នាមសព្ទ )
ស្បែកឬសាច់ដែលដោរពង់ឡើង, ដែលប៉ោងស្តុលឡើងដោយចំហាយក្ដៅ, ដោយរលាកភ្លើងឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ ។ អណ្ឌៈរបស់សត្វចំពួកខ្លះ គឺដុំដែលកើតចេញចាកពោះសត្វញីពួកខ្លះ ជាដុំមានសំបកស្រោមពីខាងក្រៅដែលកើតជាកំណើតម្តងសិន ហើយទើបញាស់ចេញជាកូន : ពងរុយ, ពងចៃ, ពងបង្កួយ, ពងមាន់, ពងអណ្ដើក, ពងទន្សង, ពងក្រពើ... (ព. សា.; ព. រ. ហៅ ស៊ុត; ព. ខ្ព. ហៅ អណ្ឌៈ) ។ ចំណែកអង្គជាតពីរដុំរបស់មនុស្សប្រុសឬសត្វតិរច្ឆានឈ្មោលចំពួកខ្លះ ស្ថិតនៅត្រង់ខាងក្រោមស្វាសបើមានតែមួយដុំ ហៅ ពងត្មោល (ព. សា.; ព. រ. ហៅ ពងល្វា ឬ ពងស្វាស; ព. ខ្ព. ហៅ អណ្ឌៈ) ។ ពងក្ដ ន. (ព. អា.) ពងល្វា, ពងស្វាស ។ ពងក្ដ ! ពាក្យអាសគ្រាម ទ្រគោះច្រឡោះបោះ ជាអសប្បុរិសវាចាថា បញ្ជោះឲ្យគ្នាដោយឈ្លានពានប្រមាថមើលងាយ (ជាសម្ដីពុំគួរប្រើ) ។
-
ពងក្រពើ
( គុ.គុនសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ដែលមានទ្រង់ទ្រាយស្រដៀងនឹងពងក្រពើ : ទ្រង់ពងក្រពើ, រាងពងក្រពើ ។ ន. ឈ្មោះប្រអប់ឬស្មុគដែលមានរាងស្រដៀងនឹងពងក្រពើ : ប្រអប់ពងក្រពើ, ស្មុគពងក្រពើ ។
-
ពងក្អុក
( គុ.គុនសព្ទ, ន.នាមសព្ទ )
or ពងខ្យង
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ពាក្យសម្រាប់ហៅផ្លែក្រសាំង, ផ្លែខ្វិត, ផ្លែត្របែក, ពោតជាដើមដែលនៅខ្ចីមានសាច់ឬគ្រាប់សណ្ឋានស្រដៀងនឹងពងត្រីក្អុកឬពងខ្យង : ក្រសាំងពងក្អុក ឬ ក្រសាំងពងខ្យង, ពោតពងខ្យង ។
-
ពងចាប
( ន.នាមសព្ទ )
(សព្ទអារក្ស) ពាក្យមេមត់ហៅកូនខ្ចីឬកូនតូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្កាឈូក និង ប្រាក្រឹត ផង) ។
-
ពងត្រង
( ន.នាមសព្ទ )
ឈ្មោះស្វាយមួយប្រភេទ ផ្លែរាងត្រមុលបន្តិច កាលនៅខ្ចីមានរសជូរខ្លាំង : ស្វាយពងត្រង ។