Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្ដាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ, និ.និបាតសព្ទ )
[ជើង ដ ]
ដែលទាសចេញខុសពីផ្លូវពីគន្លង, ខុសរបៀប, ខុសច្បាប់ ខុសសណ្ដាប់, មិនមែន, មិនពិត : មនុស្សផ្ដាស; និយាយតែផ្ដាស ។ ផ្ដាស ! ខុស !, ព្រើល !...។ មនុស្សទាំងផ្ដាស មនុស្សដែលគេមិនស្គាល់ថាមកពីណា នៅឯណា អាក្រក់ឬល្អយ៉ាងណា : កុំជឿពាក្យមនុស្សទាំងផ្ដាស (ប្រើជាពហុវចនៈ) ។
-
ផ្ដាសា
( កិ.កិរិយាសព្ទ )
[ជើង ដ ]
ពោលពាក្យផ្ដន្ទា, ជេរប្រទេចផ្ដន្ទាឲ្យគេវិនាស; ដាក់បណ្ដាសា : គេផ្ដាសាវាខ្លាំងណាស់ ព្រោះវាដើរជាន់ដំណាំគេខ្ទេចខ្ទីអស់ ។
-
ផ្ដាសាយ
( ន.នាមសព្ទ )
[ជើង ដ ]
ឈ្មោះរោគមួយប្រភេទមានអាការបណ្ដាលឲ្យកណ្ដាស់ ឲ្យហូរហៀរទឹកសំបោរ ។ ប្រើជា កិ. ក៏បាន : ខ្ញុំផ្ដាសាយពីបីថ្ងៃហើយ ។
-
ផ្ដាំ
( កិ.កិរិយាសព្ទ )
[ជើង ដ ]
ផ្ញើពាក្យ, ផ្ញើសំដី; ពោលពាក្យមានរបៀប, មានកំណត់ ទុកឲ្យអ្នកទទួលស្ដាប់ចងចាំទៅមុខ ។
- ផ្ដាំផ្ញើ ផ្ញើបណ្ដាំទៅមកដោយសារគេ ឬផ្ញើសំដីទុកឲ្យអ្នកស្ដាប់ចងចាំរៀងទៅ ។
- ផ្ដាំប្រដៅ ស្ដីប្រដៅជាបណ្ដាំទុកឲ្យចងចាំតទៅ ។ ម្ល៉េះហើយផ្ដាំកូន ! ម្លេះហើយរាងចាលផ្ដាំកូនឲ្យចងចាំទៅមុខ ។
- ផ្គរផ្ដាំក្ដាមខ្យង ផ្គរដែលលាន់ឮគ្រុមៗវែងៗផ្ទួនៗ ច្រើនតែមាននៅវេលាជិតភ្លឺឬវេលាព្រឹកព្រហាម ដែលមានភ្លៀងជញ្ជ្រំ ក្នុងសម័យជាខាងចុងនៃរដូវភ្លៀង ហាក់ដូចជាស្រែកផ្ដាំពួកមច្ឆជាតិមានក្ដាមខ្យងជាដើម ឲ្យដឹងថាជិតអស់ទឹកភ្លៀងហើយ (ហៅតាមពាក្យចាស់ទុំថា) ។
-
ផ្ដិត
( កិ.កិរិយាសព្ទ )
[ជើង ដ ]
ធ្វើឲ្យដិតឬឲ្យជក់ដោយសង្កត់ចុះ ។ ន. ឈ្មោះក្រដាសសាច់ព្រួក សម្រាប់ផ្ដិតឲ្យជក់ទឹកសរសេរ : ក្រដាសផ្ដិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ដេក ទៀតផង) ។
-
ផ្ដិល
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ជើង ដ ]
ធ្វើឲ្យដាច់, ឲ្យកំបុត, ឲ្យផុត លែងមានតទៅទៀត : ផ្ដិលបំផុតពូជ; កាប់ផ្ដិល (មើលក្នុងពាក្យ ផ្ដាច់ ទៀតផង) ។
-
ផ្ដឺតផ្ដក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ជើង ដ ]
ដែលមានអាការហត់ដកដង្ហើមដោយលំបាក (និយាយថា ផ្ដាក់ផ្ដឺត ក៏បាន) ។
-
ផ្ដឺតៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ជើង ដ ]
ដែលមានអាការម្លឺតៗ ឬដែលដកច្បួសម្លឺតៗ : ដើរលុយភក់ផ្ដឺតៗ ។
-
ផ្ដុស
( គុ.គុនសព្ទ )
[ជើង ដ ]
ដែលមានក្លិនធុំស្ទើរជូរស្ទើរឆ្អាបស្ទើរស្អុយ កើតមានដោយផ្អួរ, ផ្អូម ។
-
ផ្ដុំ
( កិ.កិរិយាសព្ទ )
[ជើង ដ ]
ធ្វើឲ្យជាដុំ; ប្រមូល, រួបរួមឲ្យជាដុំឬជាពួក : ផ្ដុំគ្នានៅមុខសាលារៀន ។
<< Prev 1 ... 15 16 17 18 19 20 Next >>