Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលកើតមុន, ដែលមានអាយុលើសជាង (ទីទៃពីប្អូន) : បងប្រុស, បងស្រី ។
- បងចិញ្ចឹម អ្នកដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន បានចិញ្ចឹមរក្សាខ្លួនមកដូចជាបងបង្កើត ។
- បងជីដូនមួយ, បងជីទួតមួយ, បងជីលួតមួយ បងដែលមានជីដូនជីតា, ទួត, លួតជាមួយគ្នានឹងខ្លួន ។
- បងថ្លៃ បងរបស់ប្ដី ឬបងរបស់ប្រពន្ធ ។
- បងធម៌ អ្នកឯទៀតដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន នឹងយកជាមិត្រសំឡាញ់មិនសម ព្រោះមានអាយុមិនស្មើគ្នា ក៏សុំគ្នាជាបងជាប្អូន រាប់អានគ្នាតាមធម៌ ទុកស្មើបងប្អូនបង្កើត ហៅថា បងធម៌, ប្អូនធម៌ ។
-
បង់
( កិ.កិរិយាសព្ទ )
ចេញប្រាក់, ដាក់ប្រាក់តាមកំណត់ : បង់ពន្ធ, បង់ថ្លៃខ្លួន, យកប្រាក់ទៅបង់ពន្ធដី ។ ដាក់, ទម្លាក់ចុះ, ដាក់ផ្សំ : បង់អំបិល, បង់គ្រឿងសម្ល ។ គ្រវែងសំណាញ់ : បង់សំណាញ់ ។ ខាត, វិនាស, ខូច; លង់, ផុង, ស៊ុន : បង់ទ្រព្យ, បង់កម្លាំង, បង់គំនិត, បង់ប្រយោជន៍, បង់មារយាទ, បង់រូបបង់ឆោម, បង់ដៃ ។ សរសេរ, កត់ត្រា : បង់លេខបញ្ជី ។ល។
-
បង់ក
( កិ.កិរិយាសព្ទ )
ពាក់សំពត់លើស្មាម្ខាងសំយុងមកខាងមុខនិងទៅខាងក្រោយ, ហៅថា បង់កស្មាម្ខាង; ដាក់សំពត់លើស្មាទាំងពីរ សំយុងចុងទាំងពីរមកខាងមុខឬទៅខាងក្រោយ, ហៅថា បង់កស្មាទាំងពីរ ។
-
បង់ក្មេង
( គុ.គុនសព្ទ, ន.នាមសព្ទ )
របែងរនាប, របែងព្រួលឬបន្ទោះល្អីជាដើម ដែលថែមលើសខុសពីជួរឯទៀត គ្រាន់តែជួសស៊ែមមិនផុតចុងផុតដើម : របែងបង់ក្មេង, បន្ទោះបង់ក្មេង ។
-
បង់ខ្លាញ់
( ន.នាមសព្ទ )
ឈ្មោះនំចំហៀវខ្លាញ់មួយប្រភេទ : នំបង់ខ្លាញ់ ។
-
បង់ចាញ់
( គុ.គុនសព្ទ )
ដែលថយជាងគ្នា គឺដែលមានចំនួន, ទំហំ, កម្ពស់, ប្រវែង ជាដើមថយជាងគ្នា ។
-
បង់ចំណែង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យឆ្នែង ។ ឈ្មោះអំពើអពមង្គលជាអកុសលមួយបែបធ្វើស្ត្រីលីវ មិនឲ្យអ្នកណាត្រូវការដណ្ដឹងជាភរិយាគឺឲ្យជាស្ត្រីព្រៅឥតប្ដីអស់មួយជីវិត, រាប់ថាជាវិទ្យាអាក្រក់ក្រៃលែង (គ្រាន់តែបានឮគេតំណាល) សព្វថ្ងៃនេះសាបរលាបស្ទើរតែមិនមានវិទ្យាចង្រៃនេះទៅហើយ ។
-
បង់បត់
( ន.នាមសព្ទ )
ទេព្រក្ស, អ្នកតា នៅព្រៃធំ ឬនៅដើមឈើធំ ឬក៏នៅភ្នំ, នៅទួលធំ, នៅកោះ ដែលមនុស្សអ្នកប្រកាន់ជឿៗថា មានឫទ្ធិស័ក្តិសិទ្ធិ (ប្រហែលជាក្លាយមកពីពាក្យថា បាំងបាត់ ទេដឹង ? ដ្បិតមានគេនិយាយតំណាលថា ទេព្រក្ស ឬអ្នកតាទាំងនោះ ចួនកាលបំបាំងទ្រព្យរបស់មនុស្សណាមួយដែលធ្វើទាស់ខុសឲ្យបាំងបាត់មើលមិនឃើញ, លុះតែអង្វរករបន់ស្រន់ត្រូវ ទើបឲ្យមើលឃើញវិញ; អ្នកស្រុកខ្លះ ហៅថា អស់លោក) ។
-
បង់បាញ់
( ន.នាមសព្ទ )
ចន្ទល់វែងដែលទល់ជ្រែង : បង់បាញ់ផ្ទះ, ដាក់បង់បាញ់ជ្រែងឲ្យមាំ ។
-
បង់បោយ
( កិ.កិរិយាសព្ទ )
ដើរយោលដៃ ។ ព. ទ. បុ. បង់បោយមិនប្រមើលប្រាណ ប្រកល់ចង្ក្រានមិនប្រមាណនឹងឆ្នាំង សេចក្ដីថា ធ្វើអ្វីៗលើសលប់ហួសប្រមាណហួសមាត្រ មិនលៃស្ទង់ឲ្យសមនឹងបែបភាពទ្រព្យធនរបស់ខ្លួន, ដូចយ៉ាងអ្នកក្រីក្រខ្សត់ខ្សោយទន់ថយ ហ៊ានចូលដណ្ដឹងកូនស្រីអ្នកមានទ្រព្យ ឬអ្នកមានយសស័ក្តិជាដើម, ប្រហែលដូចជាអ្នកដើរបង់បោយរលាស់ដៃហួសមាឌ, ឬពុំនោះដូចជាអ្នកប្រកល់ចង្ក្រានធំពេក មិនលៃឲ្យល្មមនឹងឆ្នាំងតូចដូច្នោះឯង ។ កុំសរសេរ បង្បោយ ពីព្រោះខុសវគ្គគ្នា តម្រួត ង លើ ប ជា ង្ប ពុំបានទេ ។
<< Prev 1 2 3 4 5 6 ... 20 Next >>