Khmer Dictionary: នរណា,
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អនង្គណ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អៈនុ័ង-គៈនៈ ឬ--គន់ ]
(< អន៑ “មិនមាន, ពុំ, ឥត” + អង្គណ “ទួល; កិលេស”; អន៑ + អង្គន) ដែលឥតកិលេស; អ្នកដែលឥតកិលេស (អរហន្ត); ដែលឥតសៅហ្មង; អ្នកបរិសុទ្ធ ។
- អនង្គណភាព (អៈនុ័ង-គៈនៈភាប) ភាពឬភាវៈជាអ្នកឥតកិលេស, ឥតសៅហ្មង ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះពុទ្ធអរហន្ត ជាអនង្គណ លើសលន់កន្លង ទាំងជាស្រែបុណ្យ នៃអស់ជនផង ព្រោះក្តីសៅហ្មង ប្រាសចេញអស់ហើយ ។ នរណាបានទាន់ ពុទ្ធារហន្ត តែងបានសុខស្បើយ ជួនបានសម្រេច មគ្គផលកន្តើយ អាចឆ្លងដល់ត្រើយ គឺនិញ្វនហោង ។
-
អនុត្តរ
( គុ.គុនសព្ទ )
[--នុត-តៈរ៉ៈ ]
(< អន៑ “មិន, ពុំ, ឥត” + ឧត្ដរ “លើសលុប, លើសលែង, ប្រសើរផុត”) ដែលប្រសើរផុត, ឥតមានអ្វីស្មើ ។ ន. ព្រះនាមព្រះសព្វញ្ញុពុទ្ធ ។ អនុត្តរធម៌ លោកុត្តរធម៌ ។
- អនុត្តរភាព ភាពនៃបុគ្គលដែលគ្មាននរណាមួយផ្ទឹមស្មើបាន, អានុភាពដ៏ខ្ពង់ខ្ពស់; ឧត្ដមា-នុភាពខាងនយោបាយនិងខាងកម្លាំងទ័ព ដែលប្រទេសមហាអំណាចណាមួយផ្សាយគ្របសង្កត់ទៅលើប្រទេសដទៃ : រំលោភលើគេដោយអាងអនុត្តរភាពរបស់ខ្លួន ។
- អនុត្តរសម្ពោធិញ្ញាណ ឬ --សម្មាសម្ពោធិ ញាណឬប្រាជ្ញានៃព្រះសម្មាសម្ពុទ្ធ ។ល។
-
អន្ទុ
( ន.នាមសព្ទ )
(អន្ទុ, អន្ទុក) កជើង; ទន្លីង; ច្រវាក់; ច្រួល; ខ្នោះ, គ្រឿងឃុំខាំង (សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការប្រើ) ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ជនជាប់អន្ទុក រមែងមានមុខ ស្រពោនស្រពាប់ កើតទុក្ខព្រួយប្រាណ ឥតមានក្តីស្ងប់ ព្រោះតែទម្លាប់ ខុសចាកផ្លូវច្បាប់ ។ គឺខ្លួនប្រព្រឹត្ត អំពើទុច្ចរិត ប្រាជ្ញប្រាប់មិនស្ដាប់ ធ្វើតាមទំនើង ពុំស្គាល់រស់ស្លាប់ នរណាបង្គាប់ ខ្លួនធ្វើខ្លួនឯង ។
-
អផ្សុក
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
[អៈ--]
(អផាសុក ន. “សេចក្ដីមិនសប្បាយ; សេចក្ដីព្រួយចិត្ត”) មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ : ខ្ញុំចេះតែអផ្សុក; ភិក្ខុអផ្សុកចង់សឹក; កុំលេងច្រើនពេកអផ្សុកណាស់ ! ។ ស. ស. មានជំងឺ, ឈឺ : មានលោកភិក្ខុមួយរូបអផ្សុកធ្ងន់ណាស់ ដាច់ចង្ហាន់ពីរបីថ្ងៃហើយ ។
- អផ្សុកអប្បសាន្ត ឬ
- --អប្សាន្ត (មើលក្នុងពាក្យ អប្បសាន្ត) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អផ្សុកអប្សាន្ត ស៊ីដេកពុំបាន មានតែកង្វល់ រងទុក្ខលំបាក ព្រោះអកុសល ផលកម្មមកផ្តល់ ឲ្យមានទុក្ខព្រួយ ។ ទុក្ខព្រោះកម្មកាច ឥតនរណាអាច នឹងចូលមកជួយរំលែកទុក្ខធ្ងន់ ឲ្យអន់រញ្ជួយ មានតែខ្លួនមួយ ទើបជួយខ្លួនបាន ។ ដោយការកុសល ដែលខ្លួនខ្វាយខ្វល់ កាន់សីលធ្វើទាន ចម្រើនភាវនា សទ្ធាជាយាន លុះបាននិញ្វន ទើបមានសុខពិត ។
-
ហីន
( គុ.គុនសព្ទ )
[ហី-នៈ ឬ ហិន ]
ថយថោក ឬ ថោកថយ, ថោកទាប; ទាប; ទន់ទាប; ខ្ជីខ្ជា; ពុំប្រសើរ; តូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិន ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហី-នៈ, ដូចជា
- ហីនកម្ម អំពើឬការថោកទាប ។
- ហីនជាតិ ជាតិទាប ។
- ហីនធម៌ ធម៌ថោកទាប, អកុសលធម៌ ។
- ហីនប្បណីត ឬ --ប្រណីត (--ន៉ាប់-ប៉ៈណេត ឬ--ប្រៈ--) ឧត្តមនិងថយថោក ។
- ហីនប្បណីតភាព ឬ--ប្រណីតភាព (--តៈភាប) ភាពឧត្តមនិងថយថោក ។
- ហីនភេទ ភេទទាប ។
- ហីនល័ក្ខណ៍ ឬ --ល័ក្សណ៍ (ហីនៈ ល័ក ឬ ហិន--) ល័ក្ខណ៍ថោកទាប; ដែលមានល័ក្ខណ៍ថោក, ថោកឫក, ខាតល័ក្ខណ៍ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឯហីនល័ក្ខណ៍ នោះមានបីថ្នាក់ មួយគេឥតហៅ ខ្លួនដើរជជ្រក- មមកចូលទៅ នេះប្រាជ្ញលោកហៅ ថាហីនលក្ខណា ។ ពីរឥតគេសួរ ការណ៍គួរពុំគួរ ខ្លួនចេះតែថា ប៉ោចៗម្នាក់ឯង ឥតក្រែងនរណា អ្នកប្រាជ្ញលោកថា កិរិយាហីនល័ក្ខណ៍ ។ បីពោលអួតខ្លួន អួតពេកផ្ទួនៗ អួតហួសវោតវគ្គ អ្នកឮគេគ្រាន់ ស្ទើរផ្ទាន់ឲ្យអាក់ រាប់ថាហីនល័ក្ខណ៍ មានបីប្រការ ។
- ហីនវណ្ណៈ ដែលមានវណ្ណៈទាប (សូទ្រៈ) ។
- ហីនវាចា ឬ--វាទ សម្តីថោកទាប, សម្តីខ្ជីខ្ជាឬផ្តេសផ្តាស ។
- ហីនវាទិន ឬ --វាទី អ្នកដែលច្រើនតែនិយាយពាក្យខ្ជីខ្ជាឬផ្តេសផ្តាស, អ្នកដែលចូលចិត្តតែខាងនិយាយសម្តីឥតតម្លៃ (បើស្រ្តីជា ហីនវាទិនី) ។ល។
-
ឱរស
( ន.នាមសព្ទ )
[--រ៉ស់ ]
(ឳរស) បុត្របង្កើត (កូនប្រុសបង្កើត) ។ ខ្មែរប្រើពាក្យនេះចំពោះតែរាជសព្ទ : សម្តេចព្រះឱរសាធិរាជ, សម្តេចព្រះបរមរាជឱរស, សម្តេចព្រះរាជឱរស, ព្រះរាជឱរស, ព្រះឱរស (ហៅតាមលំដាប់ថ្នាក់ខ្ពស់ទាប) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : នាងទេវីទាំងអស់ ឥតឱរសដូចជាគ្នា ហេតុនេះព្រះរាជា ទ្រង់រំពឹងដល់រដ្ឋា ។ ឥតពីព្រះអង្គទៅ បើឥតបុត្រនិងធីតា ដូច្នេះតើនរណា នឹងគ្រប់គ្រងរដ្ឋតទៅ ។
- ជិនោរស (ព. ប្រ.) បុត្រនៃព្រះជិនស្រី ឬ ពុទ្ធជិនោរស បុត្រនៃព្រះពុទ្ធជិនស្រី (សមណសក្យបុត្តិយ៍) ។
-
ញាណ
( ន.នាមសព្ទ )
[ញាន]
(ជ្ញាន) សេចក្ដីដឹង, ប្រាជ្ញា... ទ្រង់ញាណ (ព្រះពុទ្ធ) ទ្រង់ជ្រាបច្បាស់នូវកិច្ចការអាថ៌កំបាំងជ្រាលជ្រៅផ្សេងៗ ដោយព្រះប្រាជ្ញា; គេតែងប្រើពាក្យ ទ្រង់ញាណ នេះ ក្នុងការស្ដីបន្ទោសគ្នីគ្នាថា : គ្មាននរណាទ្រង់ញាណដូចព្រះទេ, បើខ្លួនមិនប្រាប់ធ្វើម្ដេចឲ្យគេដឹងផងបាន ? បើប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ញាណៈ ដូចជា ញាណកោសល (--កោសល់) ឋានន្តរស័ក្តិទីរាជាគណៈសម្រាប់ចត្វាក្នុងប្រទេសកម្ពុជា ។
- ញាណទស្សន ឬ - ញាណទស្សនៈ (--ទ័ស-សៈ-ន៉ៈ; បា. ញាណទស្សន; សំ. ជ្ញានទស៌ន) ប្រាជ្ញាដែលដឹង ដែលឃើញនូវសេចក្ដីពិត ដូចឃើញច្បាស់នូវសេចក្ដីមិនទៀងនៃរូបកាយជាដើម; បច្ចវេក្ខណញ្ញាណ គឺប្រាជ្ញាសម្រាប់ពិចារណានូវសង្ខា...។
- ញាណប្បភាស (ញា-ណ័ប-ប៉ៈ-ភាស; បា.; សំ. ជ្ញានប្រភាស) ពន្លឺនៃសេចក្ដីដឹង គឺការយល់ភ្លឺឆ្លុះព្រោងមិនទើសគំនិត ។
- ញាណលក្ខណ ឬ - ញាណលក្ខណៈ (--ល័ក-ខៈណៈ; បា. ញាណលក្ខណ, សំ. ជ្ញានលក្សណ) លក្ខណៈនៃញាណ គឺគ្រឿងសម្គាល់របស់សេចក្ដីដឹង, ភ័ស្តុតាងដែលសម្ដែងឲ្យដឹងនូវហេតុការណ៍អំពីមុន...។
- ញាណវង្ស (--វង់) ឋានន្តរជាសមណស័ក្តិទីរាជាគណៈសម្រាប់ត្រី ក្នុងប្រទេសកម្ពុជា ។
- ញាណវិប្បយុត្ត (--វិប-ប៉ៈយុត; បា.; សំ. ជ្ញានវិប្រយុក្ត) ដែលប្រាសចាកសេចក្ដីដឹង; ចិត្តដែលមានតែជំនឿឥតសេចក្ដីដឹងការខុសឬត្រូវឡើយ : ធ្វើបុណ្យដោយញាណវិប្បយុត គឺធ្វើបុណ្យកុសលណាមួយដោយជឿជាក់ថាបានបុណ្យ ប៉ុន្តែឥតមានសេចក្ដីដឹងអ្វីប្លែកជាងជំនឿនោះឡើយ; កិច្ចការអ្វីៗដែលអ្នកធ្វើៗតាមតែបង្គាប់គេ ឥតមានយល់ជាក់ខ្លួនឯងសោះ ក៏ហៅថា ធ្វើដោយញាណវិប្បយុត្ត ដែរ ។ ពាក្យផ្ទុយ : ញាណសម្បយុត្ត ។
- ញាណសម្បយុត្ត (--ស័ម-ប៉ៈ-យុត; បា.; សំ. ជ្ញានសំប្រយុក្ត) ដែលប្រកបដោយសេចក្ដីដឹង; ចិត្តដែលប្រកបដោយប្រាជ្ញា គឺចិត្តដែលមានជំនឿព្រមទាំងប្រាជ្ញាក៏មានផង : ធ្វើបុណ្យដោយញាណសម្បយុត្ត; គឺកិច្ចការអ្វីៗដែលគេធ្វើដោយការយល់ជាក់ខ្លួនឯង ក៏ហៅថា ធ្វើដោយញាណសម្បយុត្ត ដែរ ។ ពាក្យផ្ទុយ ញាណវិប្បយុត្ត ។
- ញាណសម្ភារ (--សំភា) ការសន្សំប្រមូល, រួបរួមសេចក្ដីដឹងទុកឲ្យមានច្រើន ។
- ញាណសាស្ត្រ (--សាស្រ្តៈ ឬ --សាស; បា. ញាណ + សត្ថ; សំ. ជ្ញានសាស្ត្រ) ក្បួនសម្រាប់ទាយ, ក្បួនព្យាករណ៍ ។ល។