Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តម្រាយ
( ន.នាមសព្ទ )
[តំ-រ៉ាយ ]
ទីដែលត្រាយ, លំនាំដែលបានត្រាយទុក, គន្លង, លំអាន : ដើរតាមតម្រាយ, ប្រព្រឹត្តតាមតម្រាយចាស់ពីបុរាណ ។
-
តម្រាស់
( ន.នាមសព្ទ )
[តំ-រ៉ាស់ ]
វាចារបស់ក្សត្រទ្រង់រាជ្យដែលត្រាស់ចេញទៅ (រ. ស.) : ព្រះរាជតម្រាស់, ទ្រង់មានព្រះតម្រាស់; ព្រះពុទ្ធតម្រាស់ ។
-
តម្រាំ
( ន.នាមសព្ទ )
[តំ-រ៉ាំ ]
អ្វីៗដែលត្រាំ : បាយតម្រាំ ។
-
តម្រិះ
( ន.នាមសព្ទ )
[តំ-រ៉ិះ ]
សេចក្ដីត្រិះ, សេចក្ដីរិះគិត : មនុស្សមានតម្រិះល្អ គឺមនុស្សដែលមានសេចក្ដីរិះគិតត្រូវ ។ សៀមយកទៅប្រើជា ដាំរិ , បំប្លែងចេញពីពាក្យ ត្រិ (អ. ថ. ទ្រិ) ត្រិ នេះក៏គឺ ត្រិះ (ត្រិះរិះ) របស់ខ្មែរនឹងឯង; ពាក្យខ្មែរយើងថា តម្រិះ ជា ន. របស់ ត្រិះ; រាជសព្ទ ប្រើជា កិ. ថា ទ្រង់ព្រះតម្រិះ គឺទ្រង់មានព្រះយោបល់ត្រិះរិះ, រិះរេ (សៀមប្រើជា រ. ស. ដែរថា សុងផ្រៈដាំរិ គឺទ្រង់ព្រះតម្រិះហ្នឹងឯង) ។
-
តម្រឹម
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[តំ-រ៉ឹម ]
ធ្វើឲ្យត្រឹម, កាត់ឲ្យត្រឹម, ឲ្យស្មើ : តម្រឹមជើងសក់, កាត់តម្រឹម ។
-
តម្រុយ
( ន.នាមសព្ទ )
[តំ-រ៉ុយ ]
គ្រឿងចំណាំធ្វើដោយមែកឈើ, ដោយស្មៅ, ដោយចំបើង ចងភ្ជាប់នឹងឈើឬឫស្សីសម្រាប់ដោតត្រុយសម្គាល់ផ្លូវឬទីកន្លែងនីមួយៗ; គ្រឿងចំណាំដែលគេត្រុយទុក : បោះតម្រុយ, ចងតម្រុយ ។
-
តម្រូវ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[តំ-រ៉ូវ ]
ធ្វើឲ្យត្រូវ, ចែកមុខ, ទុកដាក់មុខងារ : តម្រូវការឲ្យធ្វើ; កែតម្រូវ ។
-
តម្រួត
( កិ.កិរិយាសព្ទ )
[តំ-រួត ]
ដាក់ ១ ពីលើ ១ ពីក្រោមឡើងទៅ, ដាក់ត្រួតបន្តុបលើគ្នា : តម្រួតល្អីលើគ្នា, តម្រួតអក្សរ ។
-
តម្រួត
( ន.នាមសព្ទ )
អ្នកត្រួត; ពួកទាហានរក្សាព្រះអង្គ ១ ក្រុម ធ្វើរាជការតែក្នុងព្រះរាជវាំង : ពួករាជតម្រួត, ក្រុមតម្រួត ។
-
តម្រៀប
( កិ.កិរិយាសព្ទ )
[តំ-រៀប ]
ធ្វើឲ្យរៀបរៀងគ្នា, ឲ្យមានរបៀប, ឲ្យឋិតនៅត្រៀប : តម្រៀបជួរ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>