Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដម
( ន.នាមសព្ទ )
ទឹកថ្លាដែលកើតនៅក្នុងផ្កា, ឬទឹកដែលជោរក្នុងវត្ថុផ្អែមផ្សេងៗឡើងរលោង; ច្រើននិយាយថា ទឹកដម (ស. ដ្ចម អ. ថ. ដម ន. “គ្រឿងក្រអូប”; កិ. “ហិត”; “ផង, ដែរ”) ។ សូរសព្ទក្រអួនពីរោះ : សំឡេងមានទឹកដម ។
-
ដរ
( គុ.គុនសព្ទ )
អំពីរោគដែលរើឡើងដោយប៉ះទង្គិច : ដំបៅដរ, បូសដរ, ជាដើម ។
-
ដរធរ
( កិ.កិរិយាសព្ទ )
អាមណាម, ដាលរាល, សាយសុស ដោយនិយាយតៗគ្នាពីមួយទៅមួយ : រឿងសម្ងាត់ហ្នឹង ឥឡូវវាដរធរសាយសុសអស់ទៅហើយ ។
-
ដរាប
( និ.និបាតសព្ទ )
[ដ៏រាប]
រៀងរាប, ត្រឹម, កំណត់ត្រឹម : ដរាបណា, ដរាបដល់ថ្ងៃនេះ; ដរាបណាខ្ញុំនឹងវិលមកដល់វិញ, ដរាបនោះសឹមយើងនឹងទៅជាមួយគ្នា; អ្នកនៅចាំក្នុងទីនេះចុះ, ដរាបណាតែ (ត្រាតែ) ខ្ញុំមកដល់វិញ ។
-
ដរាបតែ
( និ.និបាតសព្ទ )
រៀងរាបតែ, ត្រឹមតែ, កំណត់ត្រឹមតែ ឧ. ដរាបតែខ្ញុំនឹងវិលដល់វិញ ដរាបនោះសឹមយើងនឹងទៅជាមួយគ្នា ។
-
ដលោក
( ន.នាមសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
លោកនេះ, ឥធលោក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឲ្យបានក្ដីគាប់ ដលោកបរលោក ហៅរស់ពុំស្លាប់ ធម៌នេះជាច្បាប់ ក្ដីគាប់បរិយាយ ។... (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។ ព. ផ្ទ. បរលោក ។
-
ដល់
( អា. និ.អាយតនិបាត )
ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ; ដូចជា ពីម្សិលមិញខ្ញុំបានឲ្យប្រាក់មួយរយរៀលដល់វាហើយ; ខ្ញុំនឹកដល់ម្ដាយខ្ញុំណាស់; គេឲ្យទានដល់ពួកស្មូម ។ សម្រាប់ព្រះមហាក្សត្រិយ៍ និងឥស្សរជនឯទៀតៗ, ត្រង់ពាក្យ ដល់ នេះ ត្រូវប្រើពាក្យ
- ចំពោះ ឬ - ឆ្ពោះ ជាជំនួស : សូមថ្វាយសាធុការចំពោះព្រះករុណា ជាម្ចាស់ជីវិតលើត្បូង...; សូមជូនពរចំពោះអស់លោក... ។ ដរាបទៅទល់នឹង : ចាំដល់ថ្ងៃស្អែកសឹមយើងទៅ។ ចុះដល់ទៅអង្កាល់ ? ចាំដល់ទៅអង្កាល់ក៏បាន !; ចុះស៊ីដល់ណាទៅទៀត ? ។ ល។ មួយទៀត, ត្រង់កន្លែង អា. និ. នៃ, កុំប្រើពាក្យ ដល់ ឧ. ព្រះអង្គជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពលរដ្ឋទាំងពួង; ត្រូវប្រើថា : ព្រះអង្គជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋទាំងពួង ដូច្នេះវិញ ដ្បិត នៃ ស្មើគ្នានឹង របស់ (ជាម្លប់របស់)... ។ល។ គួរពិនិត្យឲ្យហ្មត់ចត់ កុំប្រើដោយច្រឡំ អា. និ. នូវ, ដល់ នឹង, នៃ ដោយអាស្រ័យសកម្មកិរិយា, អកម្មកិរិយា និងសកម្មាកម្មកិរិយា ជាដើម ជាគោលផងជាដរាប ។
-
ដល់
( កិ.កិរិយាសព្ទ )
បានសម្រេច, បានទីដែលត្រូវទៅមក : គេបានទៅដល់ស្រុកគេហើយ ។
-
ដា
( ន.នាមសព្ទ )
( យ.យួន ( ភាសាយួន ) )
(ថ្ម) បន្ទះថ្មធំរាបដូចក្ដារបែន; និយាយថា ថ្មដា ។
-
ដាក់
( កិ.កិរិយាសព្ទ )
បន្ទាបចុះ, តម្កល់លើទី : ដាក់អម្រែក, ដាក់សៀវភៅលើតុសរសេរ។ រមូលរអាក់អើ ដោយបរិភោគផ្លែឈើដែលមានរសជូរចត់។ ថយអំណាច, ថយទ្រព្យ។
- ដាក់ការឲ្យធ្វើ ប្រគល់ការឲ្យធ្វើ ។
- ដាក់ខ្លួន បន្ទន់ខ្លួន, ថយរាសី។
- ដាក់គុក កាត់ទោសឲ្យជាប់គុក ។
- ដាក់ចិត្ត ផ្គង, តម្រង់ចិត្ត ។
- ដាក់មុខចុះ សំយុងមុខចុះ។
- ដាក់រទេះ ដោះគោឬក្របីចេញពីនឹមហើយចតរទេះ ។
- ដាក់រាជ្យ ឈប់លែងសោយរាជ្យ។ កំញើញដាក់ កំញើញទៅរក។
- ក្រញូវដាក់ ធ្វើមុខក្រញូវទៅរក។
- ក្រញើតដាក់ ពោលពាក្យក្រញើតទៅរក។ ក្រឡូវដាក់ សម្ដែងអាការក្រឡូវទៅរក។
- ញញឹមដាក់ ញញឹមទៅរក។
- បោលដាក់ បោលសំដៅត្រង់ទៅរក។
- ស្ដោះដាក់ ស្ដោះទឹកមាត់លើ, ស្ដោះទឹកមាត់ទៅក្នុង។ល។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>