Khmer Dictionary: ញ
Chuon Nath's Khmer-Khmer Dictionary
-
ញញើត
( កិ.កិរិយាសព្ទ )
រួញរា, ស្ទាក់ស្ទើរ, ក្រែង : ខ្ញុំមិនហ៊ានទៅទេ ដូចជាញញើតណាស់ ។
-
ញញើម
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យញញើត :
- ញញើតញញើម គឺញញើតដោយច្រើន ចេះតែញញើតឡើង, សម្ដែងអាការៈញើបៗ ។
-
ញញែម
( ប.បរិវារសព្ទ )
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យញញឹម :
- ញញឹមញញែម គឺញញឹមព្រាយៗច្រើនដងក្រឡេកនាយអាយ ។
-
ញញោច
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យញញាក់ :
- ញញាក់ញញោច គឺញាក់ៗ ញោចៗ ។
-
ញញ័រ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលញ័រទទ្រើកដោយរងា ឬ ដោយខ្លាច, ដោយជញ្ជួយ :
- រងាញញ័រ; ដើរញញ័រ ។
- ញញ័រញញាក់ ដែលញ័រញាក់ទទ្រាក់ទទ្រើក ។
-
ញត្តិ
( ន.នាមសព្ទ )
[ញ៉័ត-តិ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជ្ញាប្តិ) វាចាដែលភិក្ខុរូបណាមួយសូត្រប្រកាសឲ្យជំនុំសង្ឃដឹង គឺសម្ដីដែលភិក្ខុសូត្រផ្តៀងជំនុំសង្ឃ ក្នុងការធ្វើសង្ឃកម្មដែលមានបង្គាប់ថា ត្រូវឲ្យផ្តៀងជំនុំសង្ឃដែលមកប្រជុំក្នុងទីនោះជាមុន ទើបធ្វើបាន, ដើម្បីឲ្យដឹងថា សង្ឃកម្មនោះ ត្រឹមត្រូវតាមវិន័យហើយ ឬមានទាស់ខុសដោយហេតុណាមួយ (ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា) ។ ញត្តិ-សព្ទនេះមកពី ញា “ដឹង, យល់, ស្គាល់” ផ្សំនឹង តិ-បច្ច័យជា ញាតិ, សម្រេចរូបមកទៀតជា ញត្តិ “សម្ដីប្រកាសយោបល់ឲ្យគេដឹង” ។ ប្រើជាសាធារណៈក៏បាន, មាន ២ យ៉ាងគឺ ញត្តិស្រប, ញត្តិជំទាស់ ឬហៅថា ញត្តិយល់ស្រប, ញត្តិយល់ទាស់ វិញក៏បាន ។ តាមទម្លាប់ពីបុរាណ គេតែងអានពាក្យ ញត្តិ នេះថា ញាត់ ចំពោះសង្ឃកម្មផ្សេងៗ មានពិធីបំបួសកុលបុត្រជាភិក្ខុនិងកឋិនជាដើម ។ :
- សូត្រញត្តិនាគ ឬ ញត្តិនាគ (សូតញាត់នាក ឬ ញាត់នាក) សូត្រញត្តិក្នុងពិធីបំបួសកុលបុត្រដែលសន្មតនាមថានាគឲ្យទៅជាភិក្ខុ;
- ញត្តិកឋិន (ញាត់កៈឋិន) សូត្រញត្តិក្នុងកិច្ចកឋិន ។ល។
-
ញត្តិកម្ម
( ន.នាមសព្ទ )
[ញ៉័ត-តិ-ក័ម]
( បា.បាលី ( បាលីភាសា ) )
សង្ឃកម្មដែលមានតែញត្តិមិនបាច់មានអនុស្សាវនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្ឃកម្ម និង អនុស្សាវនា ផង; ព. វិ. ពុ.) ។
-
ញត្តិចតុត្ថកម្ម
( ន.នាមសព្ទ )
[ញ៉័ត-តិ-ចៈ-តុត-ថៈក័ម]
( បា.បាលី ( បាលីភាសា ) )
សង្ឃកម្មដែលមាន កម្មវាចា ៣ ដង ជាគម្រប់ ៤ ដងនឹង ញត្តិ គឺសង្ឃកម្មដែលភិក្ខុសូត្រញត្តិរួចហើយ មានសូត្រប្រកាសសេចក្ដីនោះ បញ្ជាក់ ៣ ដងថែមទៀតដដែលៗ សម្រេចថាជាការត្រឹមត្រូវពិតប្រាកដហើយ (ព. វិ. ពុ.) ។
-
ញត្តិទុតិយកម្ម
( ន.នាមសព្ទ )
[ញ៉័ត-តិ-ទុតិយ៉ៈ ក័ម]
( បា.បាលី ( បាលីភាសា ) )
សង្ឃកម្មដែលមាន កម្មវាចា ១ លើក ជាគម្រប់២លើកនឹង ញត្តិ គឺសង្ឃកម្មដែលមាន ញត្តិ ១លើក កម្មវាចា ១លើក ។ ព. វិ. ពុ.។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញត្តិ និង អនុស្សាវនា និង សង្ឃកម្ម ផង) ។
-
ញន
( កិ.កិរិយាសព្ទ )
ខ្ទុត (ព. អា.) ។
<< Prev 1 2 3 4 5 6 ... 10 Next >>