Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
ក
ព្យញ្ជនៈទី ១ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងឋានបំពង់ក ជាសិថិល-អឃោសៈ, សំ. បា. មានសូរស័ព្ទថា កៈ ។
-
ក
( ន.នាមសព្ទ )
អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ ។ ដៃជើងមនុស្សក៏មាន កដែរ : កដៃ, កជើង ។ ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ :
- កស្រូវ ។ កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : កដប, កក្អម ។
-
ក
( កិ.កិរិយាសព្ទ )
តាំងផ្ដើម, តាំងធើ្វ : កសាង, កកើត, កចេតិយ, កភូមិ ។
-
កក
( កិ.កិរិយាសព្ទ )
ប្រែពីរាវទៅជាខន់ : ខ្លាញ់កក, ប្រេងដូងកក, ទឹកកក ។
-
កក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា : មើលទៅឃើញមនុស្សកក, ឈរកក ។
-
កករ
( ន.នាមសព្ទ )
[ក៏-ក ]
ផង់ឬកំទេចល្អិត ដែលនៅក្នុងសភាវៈរាវ មានទឹក, សុរា, ប្រេងជាដើម : កករប្រេង ។
- កករចិត្ត ចិត្តសៅហ្មងហាក់ដូចជាមានកករ ។ ប្រើដូចជា គុ. ក៏បាន : ចិត្តកករល្អក់ ។
-
កកាត
( គុ.គុនសព្ទ )
[ក៏-កាត ]
ដែលនៅសល់តិច, នៅសល់រលាបៗ : ទឹកសម្លនៅសល់កកាតនឹងបាតឆ្នាំង ។
-
កកាយ
( កិ.កិរិយាសព្ទ )
[ក៏-កាយ ]
កាយរឿយៗ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្ដៅដោយដៃ (មនុស្ស), ដោយជើង (សត្វ) : មនុស្សកកាយដី, មាន់កកាយដី, អណ្តើកកកាយដី ។
-
កកិចកកុច
( គុ.គុនសព្ទ )
[ក៏កិចក៏កុច ]
ដែលមានចិត្តវៀច, មានគំនិតគេចកែ : មនុស្សកកិចកកុច ។
-
កកិត
( កិ.កិរិយាសព្ទ )
[ក៏កិត ]
ពាល់, ដដុស, ឬប៉ះយ៉ាងស្រាល ។