Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជយោ!

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ពរ ( ន.នាមសព្ទ )
    (វរ) គុណជាត​ដ៏​ប្រសើរ; គុណជាត​ឬ​អ្វី​ៗ ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត : សូម​ពរ, ឲ្យ​ពរ, ទទួល​ពរ ។ ឲ្យ​ពរ​សព្ទ​សាធុការ បញ្ចេញ​សូរ​សព្ទ​ថា សាធុ សូម​ឲ្យ... បាន​ប្រកប​តាម​បំណង!... ។ ស្រែក​ឲ្យ​ពរ​ឲ្យ​ជ័យ ស្រែក​ឲ្យ​ពរ​ថា សូម​ឲ្យ... មាន​ជ័យ​ជម្នះ ! ដូច​យ៉ាង​ស្រែក​ថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង) ។ ពាក្យ​នេះ សំ. បា. ប្រើ​ជា គុ. ក៏​បាន ប្រែ​ថា “ប្រសើរ; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត”; ខ្មែរ​ប្រើ​ក្លាយ​មក​ជា ព្រះ ក៏​មាន, នៅ​ជា វរ ឬ វរៈ តាម​រូប​ដើម​ក៏​មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ និង វរ ឬ វរៈ ទៀត​ផង) ។
  2. ឱម ! ( ន.នាមសព្ទ, ឧ.ឧទានសព្ទ )
    (ឱម៑) ពាក្យ​សង្ខេប​ជា​បទ​សន្ធិ​នៃ​អក្សរ ៣ តួ​គឺ អ ឧ. ម., អ + ឧ > ឱ + ម > ឱម  ឬ ឱ្ម; អ. គឺ វិស្ណុ, ឧ. គឺ សិវៈ, ម. គឺ ព្រហ្ម; ជា​ត្រៃ​សរណៈ​របស់​ពួក​ព្រាហ្មណិក សម្រាប់​បញ្ចេញ​វចី​ភេទ​គោរព​ចំពោះ​ទេវតា​ស័ក្តិសិទ្ធិ ៣ អង្គគឺ ព្រះ​វិស្ណុ, ព្រះ​ឥសូរ, ព្រះ​ព្រហ្ម; ប្រើ​រៀង​ក្នុង​ខាង​ដើម​បទ​វេទ, មន្ត និង​សេចក្ដី​សូត្រ​ផ្សេង​ៗ ឬ​ប្រើ​ជា​ពាក្យ​បន្លឺ​សូម​ពរ​សូម​ជ័យ​ស្រី​សួស្ដី ឬ​ក៏​ប្រកាស​ជ័យ​ជម្នះ (ត្រូវ​គ្នា​នឹង​ពាក្យ ជយោ !) ក៏​មាន, ប្រើ​ជា​ពាក្យ​បន្លឺ​ទទួល​អំណរ (ត្រូវ​គ្នា​នឹង​បាក្យ សាធុ!) ក៏​មាន ។ ខ្មែរ​សម័យ​បុរាណ​ប្រើ​ជា ឱម! ឬ ឱ្ម ! តាម​បែប​ដើម, លុះ​ចំណេរ​កាល​ត​មក ច្រើន​ប្រើ​ក្លាយ​ជា ឩម (អូម), សម្រាប់​រៀង​ក្នុង​ខាង​ដើម​មន្ត​អាគម ។ ឱម > អាម ក៏​មាន; ខ្មែរ​ក្នុង​អបរ​សម័យ​ ច្រើន​ប្រើ អាម ជា​បរិវារ​សព្ទ​របស់ ឩម, និយាយ​ថា
    - ឩមអាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឩម! និង អាម ទៀត​ផង) ។ ពួក​ពុទ្ធ​សាសនិក​ក្នុង​អបរ​សម័យ​រៀង​មក​ដល់​បច្ចុប្បន្ន​នេះ យក​ពាក្យ ឱម ! មក​ប្រើ​ជា រត្ន​ត្រ័យ​សង្ខេប គឺ អ. ឧ. ម. ដូច​បែប​ដើម​ដែរ ប៉ុន្តែ​សំដៅ​សេចក្ដី​ថា អ. គឺ អរហំ​សម្មាសម្ពុទ្ធ, ឧ. គឺ ឧត្ដម​ធម៌, ម. គឺ មហា​សង្ឃ (ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ); នមស្ការ​ថា នមោ ឱមស្ស ! សូម​នមស្ការ​ចំពោះ អ. ឧ. ម. គឺ ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ! ឬ​ថា នមោ ឱម​រតនត្តយស្ស ! សូម​នមស្ការ​ចំពោះ អ. ឧ. ម. រត្ន​ត្រ័យ​គឺ ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ! ។
  3. ជិតំ ! ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ, ឧ.ឧទានសព្ទ ) [ជិត័ង ឬ ជិត័ងៗ ]
    (កិ. ឬ គុ. “ឈ្នះ​ហើយ, ដែល​ឈ្នះ”) ពាក្យ​សម្រាប់​ស្រែក​បន្លឺ​ថា ឈ្នះ​ហើយ ! ឬ ឈ្នះ​ហើយ​ៗ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយោ ! ផង) ។
  4. ជ័យ ( ន.នាមសព្ទ ) [ជៃ ]
    (ជយ) ជម្នះ, ការ​ឈ្នះ : មាន​ជ័យ, ហ៊ោ​យក​ជ័យ ។ ឈ្មោះ​ពរ​មួយ​យ៉ាង​សម្រាប់​សូត្រ​ចម្រើន​សិរី​សួស្ដី ក្នុង​មង្គល​ការ​សម័យ​បុរាណ : ក្នុង​មង្គល​ការ​នេះ សូម​ឲ្យ​សូត្រ​ជ័យ​ផង, និមន្ត​លោក​សូត្រ​ជ័យ ។
    - ជ័យ​សួស្ដិ៍ (--សួស) ឈ្មោះ​របៀប​មង្គល​ការ​កូន​ប្រុស​ស្រី​មួយ​បែប ដែល​មាន​ពិធី​ហូត​ដាវ​ងា​ឡើង​ហាក់​ដូច​ជា​ប្រហារ​រូប​សាមី​ខ្លួន​កូន​ប្រុស នៅ​វេលា​ដែល​កូន​ប្រុស​ស្រី​កំពុង​ក្រាប​សំពះ​ផ្ទឹម​គ្នា ក្នុង​កាល​ជា​ទី​បញ្ចប់​កិច្ច​មង្គលការ​ឲ្យ​ពរ​ចង​ដៃ, អ្នក​ដែល​រាំ​ហូត​ដាវ​នោះ​ស្រែក​សួរ​អ្នក​ទាំង​អស់​ថា ជ័យហោង ? អ្នក​ឯ​ទៀត​ឆ្លើយ​ឡើង​ថា ជ័យ ! អ្នក​រាំ​សួរ​ទៀត​ថា​សួស្ដ៍​ហោង ? អ្នក​ឆ្លើយ​ៗ​ថា សួស្ដិ៍ ! អ្នក​រាំ​សួរ​បញ្ចប់​ថា យក​អ្វី​ជា​បន្ទាល់ ? អ្នក​ឆ្លើយ​ៗ​ថា យក​ហ៊ោ ! អ្នក​ទាំង​អស់​ក៏​តាំង​ហ៊ោ​ក្រេវ​ព្រម​គ្នា​ឡើង . . . ( របៀប​មង្គលការ​បែប​ក្នុង​សម័យ​បុរាណ​ហៅ​ថា មង្គលការ​ជ័យ​សួស្ដិ៍) ។
    - ជ័យ​ស្រី (សំ. ជយ+ស្រី, បា. ជយ+សិរី) ជម្នះ​និង​សិរីស្រី​សួស្ដី​ព្រោះ​មាន​ជម្នះ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទដទៃ សរសេរជា ជយ (អ.ថ. ជៈយៈ) ដូច​ជា
    - ជយកុញ្ជរ (--កុញ-ជ) ដំរីជ័យ គឺ​ដំរី​សម្រាប់​ជិះ​ចូល​កាន់​សង្រ្គាម ដែល​តែង​តែ​មាន​ជម្នះ​មក​ហើយ​ឬ​ដែល​សន្មត​ថា​នឹង​មាន​ជម្នះ, ដំរី​ព្រះ​ទីនាំង​នៃ​ព្រះ​មហាក្សត្រ​ដែល​សន្មត​ថា​មាន​ជ័យ​គ្រប់​កាល ។
    - ជយឃោស (--ឃោស) ពាក្យ​ស្រែក​ប្រកាស, ស្រែក​ហៅ​ថា សូម​ឲ្យ​ឈ្នះ ! ឬ​ថា ឈ្នះ​ហើយៗ! ដូច​ពាក្យ​ថា ជយតុ! ជយតុ ភវំ ! ជយោ ! ជិតំ ជិតំ ! ជាដើម​ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នោះ) ។
    - ជយដ្ឋាន (--យ័ត-ឋាន) ទី​តំបន់​ដែល​មាន​ជ័យ, ដែល​ច្បាំង​ឈ្នះ ។ ជយតុ ! ពាក្យ​សម្រាប់​ឲ្យ​ពរ​ ឲ្យ​ជ័យ​ថា សូម​ឲ្យ​មាន​ជ័យ​ជម្នះ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយោ! )។
    - ជយតុ ភវំ! (--ភៈវ័ង) ពាក្យ​សម្រាប់​ឲ្យ​ពរ ឲ្យ​ជ័យ​ថា សូម​ឲ្យ​លោក​មាន​ជ័យ​ជម្នះ! ឬ​ថា សូម​ឲ្យ​អ្នក​ដ៏​ចម្រើន​មាន​ជ័យ​ជម្នះ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយតុ) ។ ពាក្យ​សម្រាប់​មនុស្ស​អ្នក​ជូន​ពែ​សំណែន ដែល​ត្រឡប់​មក​ផ្ទះ​ជំងឺ​វិញ​ឈរ​ស្រែក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​ឬ​ជិត​ជណ្ដើរ​ផ្ទះ​ថា ជយតុ ភវំ ! អ្នក​នៅ​ក្នុង​ផ្ទះ​នោះ​ឆ្លើយ​តប​មក​វិញ​ថា សាធុ​មាន​ជ័យ ! (តាម​ក្បួន​សែន​ឲ្យ​មនុស្ស​ឈឹ) ។
    - ជយធ្វ័ជ (--ធ្វ័ច, សំ. ជយធ្វជ, បា. ជយធជ) ទង់ជ័យ គឺ​ទង់​ចម្បាំង​ដែល​សន្មត​ថា​ជា​ស្រី​សួស្ដី​ឲ្យ​មាន​ជ័យ​ជម្នះ ។
    - ជយបាន (--ប៉ានៈ ឬ --បាន) ទឹក​ដែល​គេ​ផឹក​ហើយ​ស្រែក​ហ៊ោ​ថា ឈ្នះ​ហើយៗ! ក្នុង​កាល​មាន​ជ័យ (បែប​ក្នុង​បុរាណ​សម័យ) ។
    - ជយព្រឹក្ស (--ព្រឹក) ឈើ​មាន​ជ័យ​ឬ​ឈើ​មាន​ផ្កា​ឲ្យ​ជម្នះ (ដើម​ច្បា) ។ មាន​សេចក្ដី​ដំណាល​ថា កាល​ពី​ក្នុង​ជាន់​បុរាណ​សម័យ​ព្រេង​នាយ​យូរ​អង្វែង​ហើយ មនុស្ស​ទាំង​ឡាយ​ច្រើន​យក​ផ្កា​ច្បា​មក​ប្រើ​ក្នុង​ហោម​ពិធី​ពលិការ​ប្រសិទ្ធី ដោយ​បំណង​ថា ឲ្យ​មាន​ជ័យ​ជម្នះ, ព្រោះ​ហេតុ​នោះ ទើប​គេ​ហៅ​ដើម​ច្បា​ថា ជយព្រឹក្ស ។
    - ជយភូមិ (--ភូម) ភូមិ​មាន​ជ័យ, ទី​ដែល​មាន​ជ័យ​ជម្នះ, ទី​ដែល​បោះ​ទ័ព​សន្មត​ថា​នឹង​មាន​ជ័យ ឬ​ទី​ដែល​បោះ​ទ័ព​ត​យុទ្ធ​មាន​ជ័យ​ហើយ ។ ជយភេរី ស្គរ​ជ័យ ។
    - ជយ​មង្គល (--ម័ងគល់ ឬ--មង់គល់) ជម្នះ​និង​សេចក្ដី​ចម្រើន, សេចក្ដី​ចម្រើន​ព្រោះ​ជ័យ​ជម្នះ ។
    - ជយមន្ត (--មន់) មន្ត, អាគម សម្រាប់​សូត្រ​​ប្រសិទ្ធី​ឲ្យ​មាន​ជ័យ​ជម្នះ ។ ជយលិខិត សំបុត្រ, កំណត់ ប្រាប់​អំពី​ជ័យ​ជម្នះ ។ សាលក្រម​ប្រាប់​ដំណើរ​ក្ដី​ឈ្នះ ។
    - ជយលេខ ឬ ជយលេខា (ម.​ ព. ជយ​លិខិត) ។
    - ជយវាទ្យ ឬ ជយពាទ្យ (--វាត ឬ --ពាត) តន្រ្ដី​ប្រគំ​សូម​ជ័យ, ការ​ប្រគំ​សូមជ័យ, គ្រឿង​ប្រគំ​យក​ជ័យ​ជម្នះ ។
    - ជយសព្ទ (--ស័ប) សំឡេង​ហ៊ោយភជ័យ, សំឡេង​ស្រែក បន្លឺ​ថា ឈ្នះ​ហើយ ! ឬ ឈ្នះ​ហើយៗ! ។
    - ជយស្ថាន (--យៈស្ថាន) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយដ្ឋាន ។
    - ជយានុភាព (--ភាប, បា. ជយ+អានុភាវ) អានុភាព​នៃ​ជ័យ​ជម្នះៈ ជយានុភាព​នៃ​កងទ័ព​យើង បាន​ធ្វើ​ឲ្យ​ពួក​បច្ចាមិត្រ​បាក់​បប​ខ្លបខ្លាច​សព្វ​ទិសទី ។
    - ជយាវុធ (--វុត, បា. ជយ+អាវុធ) អាវុធ​មាន​ជ័យ គឺ​អាវុធ​ដែល​គេ​ប្រសិទ្ធី​សន្មត​ថា​មាន​ជ័យ ។ ជយោ ! (ជៈយោ ឬ​តាម​ទម្លាប់​ថា ជៃយោ) ឧ. (បា. ជយោ ! ន. «រីជ័យ, ជម្នះ») ពាក្យ​សម្រាប់​ស្រែក, បន្លឺ​ថា សូម​ឲ្យ​មាន​ជ័យ ! ឬ​ថា ឈ្នះ​ហើយ ! ក៏​ប្រើ​បាន, ដូចគ្នា​នឹង ជិតំ ! ឬ ជិតំ ជិតំ ! ដែរ ។
    - ជយោបាយ (--បាយ, បា. ជយ+ឧបាយ) ឧបាយ, ល្បិច​ឲ្យ​មាន​ជ័យ, ឲ្យ​ឈ្នះ ។ ល ។
Headley's Khmer-English Dictionary Full Text Search
  1. ជយោ ( i ) [ceaʔyou]   - detail »
    hail, long live, hurrah, viva


Prohok Solutions @2017 : Learn Khmer | Khmer Calendar