Khmer Dictionary: ឯណោះ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រាក្រឹត
( ន.នាមសព្ទ )
[--ក្រិត]
(ប្រាក្ឫត) ឈ្មោះភាសាកណ្ដាល (គ្រាមភាសា) នៃជនជាតិឥណ្ឌាទាំងឡាយច្រើនប្រទេស មានតាំងក្នុងបុរាណកាលព្រេងនាយ ដរាបមកដល់សម័យបច្ចុប្បន្ន, ទាំង អយ៌កជន ក្នុង សក្ករដ្ឋ (នេប៉ាល) ជាជាតិភូមិនៃព្រះសក្យមុនីសម្ពុទ្ធ ក៏ប្រើភាសា ប្រាក្រឹត ដែរ (បារ. Dialecte) ។ ប្រាក្រឹត នេះមានអត្ថន័យថា ប្រក្រតី, ធម្មតា, សាមញ្ញ ក្លាយមកពីប្រភពដើមនៃពាក្យសំស្រ្កឹតជាភាសាសម្រាំងថា ប្រក្ឫតិ “ប្រក្រតី” ប៉ុន្តែមានទំនងគួរឲ្យហៅថា ភាសាផ្សែផ្សំ ឬ ភាសាបំប្លែង ទៅវិញ ពីព្រោះមានដើមកំណើតជាភាសាសំស្រ្កឹតខ្លះជាភាសាបាលីខ្លះ គ្រាន់តែបំប្លែងចេញឲ្យឃ្លាតពីប្រភពដើមប៉ុណ្ណោះ ពុំមែនជាសំស្ក្រឹតពុំមែនជាបាលីសុទ្ធសាធ ទាំងពុំមែនជាសន្តាននៃភាសា ឥណ្ឌូ-អឺរូប ចូលលាយផងទេ, ប្រាក្រឹត នេះជាសំដីប៉ះប៉ុនផ្សែផ្សំកាឡៃឲ្យកើតមានឡើង សម្រាប់និយាយសម្រាប់សរសេរតាមគួរដល់ការស្រួលរាល់ជាតិប៉ុណ្ណោះឯង ។ ប្រាក្រឹត នេះមានឈ្មោះផ្សេងៗគ្នា, បើរាប់ដោយសង្ខេប មាន៥ឈ្មោះគឺ ១- ឝៅរសេនី (សៅរ៉ៈ សេនី Çaurasenī) ប្រាក្រឹតជាសម្ដីរបស់ជនអ្នកនៅក្នុងរដ្ឋ ឝូរសេន (សូរ៉ៈសេន៉ៈ Çūrasena គឺរដ្ឋ មថូរា Mathūrā ក្នុងសម័យតមក) ។ ប្រាក្រឹត នេះមានលំនាំស្រដៀងនឹងបាលីដោយអន្លើៗដែរ ប៉ុន្តែច្រើនបំប្លែងអក្សរ អឃោសៈ ជា ឃោសៈ ដូចបាលីថា បតិត “ដែលធ្លាក់ឬជ្រុះហើយ” បំប្លែងជា បទិទ; យថា “យ៉ាងណា” ជាយធា ជាដើម ។ ២- មហារាឞ្ត្រី (មហាស្ត្រី Mahārāstri ជាភាសាអ្នក មហារាស្ត្រទក្ខិណាបថ ភាគខាងលិច គឺរដ្ឋ ឌេក្ក័ន ខាងលិច Dakkan Occidental) ជាប្រាក្រឹតបំប្លែងអក្សរឃ្លាតពីសំស្រ្កឹតដោយច្រើន ដូចជា ឧទក “ទឹក” បំប្លែង ឧអអ; កបិ “ស្វា” ជា កឥ; សុខ “សុខ” ជា សោក្ខ ជាដើម ។ ៣- មាគធី (Māgadhḹ) ប្រាក្រឹតរបស់ជនអ្នក មគធរដ្ឋ គឺរដ្ឋ ពិហារ (Bihār) សម័យបច្ចុប្បន្ន, បំប្លែងអក្សរខុសពីអក្សរសំស្ក្រឹតនិងបាលីដោយច្រើនដូចជា សំ. បុត្រស្យ “នៃកូនឬដល់កូន” បំប្លែងជា បុត្តឝ្ឝ (Puttaçça); រាជានស៑ (រាជាន័ស) “ស្ដេចទាំងឡាយ” ជា លាអាណោ (Lā-āṇo); រញ្ញា (បា.) “ដែលស្ដេច” ជា លាជិន (Lājina); អត្តនា (បា.) “ដោយខ្លួនឯង” ជាអតន (Atana); ជាយតេ “កើត, ប្រសូត” ជា យាយតេ (Yāyate) ជាដើម ។ ៤- អភ្រំឝ (អ័ប-ភ្រ័ម-សៈ Abhraṃça) ជាប្រាក្រឹតរាយរងទន់ខ្សោយកើតមានក្នុងបច្ឆាសម័យ ជាសម្ដីផ្សែផ្សំរបស់អ្នកចុងកាត់មាត់ញក ផ្សាយចូលមកខ្លះ ក្នុងរដ្ឋនានាក្នុងប្រទេសឥណ្ឌា មិនពេញលក្ខណៈជាភាសាប្រាក្រឹត ទេ ។ ៥- បៃឝាចី (ប៉ៃសាចី Paiçācḹ) ប្រាក្រឹតជាសម្ដីបិសាច គឺសម្ដីខ្មោច, ច្រើនបំប្លែងអក្សរ ឃោសៈ ជា អឃោសៈ (ជាសម្ដីអ្នករបាំ) ដូចជា នគរ “ក្រុង” ជា នករ; គុរុ “ធ្ងន់; យូរ; គ្រូ” ជា ករុ ជាដើម ។ ភាសាខ្មែរយើងមិនមានឈ្មោះថាមាន ប្រាក្រឹត ដូចឥណ្ឌាទេ ប៉ុន្តែបើនិយាយដោយការធៀបប្រដូចទៅនឹងឥណ្ឌា ក៏មានការបំប្លែងសំស្ក្រឹតនិងបាលី ឲ្យឃ្លាតចាកប្រភពដើមក្រែលដែរ ដូចជា នគរ បំប្លែងជា អង្គរ; នង្គ័ល ជា អង្គ័ល; យមរាជ ជា ជមរាជ (ជំរាច); សៃន្យាភិមុខ ឬ សេនាភិមុខ ជា ស្នាភិមុខ; សេនាធិរាជ ឬ សៃន្យាធិរាជ ជា ស្នាធ្រាជ, សៃន្យ (សែន) ជា ស្រែន្យ; សៃន្យានុជិត ឬ សេនានុជិត ជា ស្រែនអញ្ជិត, វៃទ្យ ជា ពេទ្យ ឬ ពែទ្យ ជាដើម; សព្ទអារក្ស ឬ សម្ដីមេមត់ ក៏គួរហៅថា បៃសាចី បានដែរ, ប៉ុន្តែយើងនឹងនិយាយឲ្យពេញមាត់ថាខ្មែរមាន ប្រាក្រឹត ដូចឥណ្ឌាខ្លះដែរក៏ពុំកើត ពីព្រោះ ប្រាក្រឹត នោះមានឈ្មោះចំពោះតែក្នុងជម្ពូទ្វីបគឺឥណ្ឌាឯណោះយូរអង្វែងណាស់ហើយ ។ល។
-
រលឹម
( ន.នាមសព្ទ )
តំណក់ភ្លៀងល្អិតៗ ស្រាលៗ : ស្រុកខ្ញុំឯណោះ គ្មានភ្លៀងទេ មានតែរលឹមរាល់យប់ ។ រលឹមតូច រលឹមគ្រាប់តូចៗ ។ រលឹមធំ រលឹមគ្រាប់ធំ ។ រលឹមរោយស្បៃ រលឹមគ្រាប់ល្អិតៗរ៉ុយៗ ។
-
រសាត់
( កិ.កិរិយាសព្ទ )
ប៉ើង, ហើរ តាមខ្យល់ : ប៉ុយគរសាត់តាមខ្យល់ ។ អណ្ដែតតាមខ្សែទឹក : សំណាត់រសាត់ ។ រលុះរបូតឃ្លាតចេញ : កាត់សំពត់រួចលឹន ភ្លាមកុំឲ្យរសាត់ ។ ព. ប្រ. រសាត់ដូចចក ចេញចោលស្រុកចោលលំនៅសាត់អណ្ដែតពីនេះទៅនោះពីនោះទៅឯណោះតាមតែប្រទះ ។
-
រហើររហាយ
( គុ.គុនសព្ទ )
ដែលច្រាស់ច្រាល់ដោយកម្លាំងកាមគុណ, ដែលមានសេចក្ដីស្រឡាញ់ប្រតិព័ទ្ធរើរុះរវើរវាយហើរពីអ្នកនេះទៅរកអ្នកនោះពីអ្នកនោះទៅអ្នកឯណោះ មិនតាំងនៅយូរ; ចើក (ច្រើននិយាយចំពោះតែស្ត្រី ឬចិត្តរបស់ស្ត្រី) : ស្រីរហើររហាយ; ចិត្តរហើររហាយ ។
-
រាមរាជ្យ
( ន.នាមសព្ទ )
[រាម-រាច]
រាជ្យព្រះបាទសម្ដេចព្រះរាមឬព្រះរាមាធិបតី; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “យូរអង្វែងណាស់ហើយ” គឺនិយាយតាមពាក្យចាស់ៗតំណាលប្រាប់គ្នាថា តាំងពីរាមរាជ្យឯណោះ គឺតាំងពីក្នុងរាជ្យព្រះរាមឯណោះ (ព. សា.) ។
-
វិសេសត្ថវាចក
( ន.នាមសព្ទ )
[--ស័ត-ថៈវា ចៈកៈ ឬ--ចក់ ]
(វិឝេឞថ៌វាចក ឬ--វាច្យ) និបាតសព្ទប្រាប់សេចក្ដីដោយឡែកផ្សេងអំពីសេចក្ដីមុន, ដូចជា ... តើ, ទេតើ, សោះតើ; គេនិយាយថា : ... ម្ល៉េះតើ !, មិនមែន... ទេតើ !, ដូច្នេះទេតើ !, ឯណោះសោះតើ ! ... ។
-
វិសេសនសព្វនាម
( ន.នាមសព្ទ )
[--សៈន៉ៈ ស័ប-ពៈ--]
(វិឝេឞណ + សវ៌នាមន៑) សព្វនាមដែលប្រើបានចំពោះតែជាវិសេសនៈរបស់នាមនាម, ដូចជា នេះ, នោះ, ឯណា, នុះ, នុ៎ះ, ឯណោះ ជាដើម : ផ្ទះនេះធំជាងផ្ទះនុ៎ះ; នេះនិង នុ៎ះ ជាវិសេសនសព្វនាមរបស់ ផ្ទះ (ព. វ.) ។
-
សារណិក
( ន.នាមសព្ទ )
[-រ៉ៈ- ]
(អ្នកដំណើរ, អ្នកដំណើរដែលចេញពីទីនេះទៅទីនោះ ចេញពីនោះទៅឯណោះ... (បើស្ត្រីជា សារណិកា) ។
-
សព្វនាម
( ន.នាមសព្ទ )
[សប់-ពៈ--]
(សវ៌នាមន៑) សព្ទដែលប្រើជាជំនួសឬជាជំនួយនាម, មាន ២ យ៉ាង គឺ បុរិសសព្វនាម, វិសេសនសព្វនាម (ព. វ.) : ព្រះអង្គ, លោក, គេ, គាត់, វា; អ្នក, ឯង; ខ្ញុំ, អញ, យើង,... ជា បុរិសសព្វនាម សម្រាប់ប្រើជាជំនួសនាមនាម : លោកអញ្ជើញទៅណា ? ខ្ញុំទៅផ្ទះ; ... ។ ណា, ឯណា, នេះ, នុះ, នុ៎ះ, នោះ, ឯណេះ, ឯណោះ, ឯណោ៎ះ... ជា វិសេសនសព្វនាម សម្រាប់ប្រើជាជំនួយនាមនាម : ផ្ទះណា ?, ផ្ទះនុ៎ះ;... ។
-
ហនូ
( និ.និបាតសព្ទ )
[ហៈ--]
ឬ : ដូច្នោះទេហនូ ?, ឯណោះទេហនូកូវ ? (ច្រើនប្រើក្នុងសាស្រ្តាទេសន៍និងកាព្យបុរាណ) ។